
មនុស្សម្នាក់ៗ មិនអាចរស់នៅស្ងាត់ៗ ដាច់តែលតោលតែម្នាក់ឯងដោយមិនខ្វល់ពីអ្វីដែលមនុស្សឬវត្ថុធម្មជាតិនៅជុំវិញខ្លួនឡើយ ដូចទស្សនលោក Aristotle បានលើកឡើងថា (មនុស្សជាសត្វសង្គម) ដូច្នេះ សង្គមកើតឡើងវាអាស្រ័យមនុស្សមានការរស់នៅរួមគ្នា សាមគ្គីគ្នា ចេះជួយគ្នា និង ការពារគ្នាទៅវិញទៅមក ដូចទ្រឹស្តីពុទ្ធសាសនាថា (ការសាមគ្គីគ្នារមែងនាំមកនូវសេចក្តីសុខ ) បានន័យថា ការរស់នៅ គឺត្រូវមានក្រុមហើយបង្កើតឲ្យមានសម្ព័ន្ធមេត្រីដល់គ្នានិងគ្នា មានសុខទុក្ខរួមគ្នា ពេលដែលទទួលផល និងវិបត្តិអ្វីមួយ គឺចែករំលែកដល់គ្នា។ និយាយដោយឡែក ខ្មែរកម្ពុជាក្រោម គឺរឹតតែត្រូវការខ្លាំងណាស់ សម្រាប់យើងទាំងអស់គ្នាចូលរួមជាកម្លាំងក្នុងការសាមគ្គីឲ្យក្លាយទៅជាសង្គមមួយដែលមានទាំងគុណភាពនិងបរិមាណ ហើយរស់នៅឲ្យមានជំនឿចិត្ត ស្មារតី និងគុណធម៏ជាក់លាក់មួយពិតប្រាកដ ហើយរឹតតែសាកសមនិងពាក្យស្លោកខ្មែរមួយបានពោលថា (នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ ) គឺចង់រំលឹកថាខ្មែរក្រោមយើងមិនអាចបោះបង់គ្នាបានឡើយ ពេលដែលយើងបោះបង់គ្នាគឺហាក់ដូចការរស់នៅគ្មានវឌ្ឍនភាព ការរស់នៅគ្មានពំនាក់អាស្រ័យ គ្មានពន្លឺរស្មីក្តីជំនឿអ្វីទៀតដែរ។ ហេតុដែលនាំឲ្យខ្មែរក្រោមបែកបាក់ធ្លាក់ទាំងកាយ ឆ្ងាយទាំងចិត្តគំនិត មកពីការឈ្លានពានពីសំណាក់បរទេសឈ្លានពាន ជិះជាន់ ដោយកលឧបាយគ្រប់រួបបែបផង មកពីយើងគ្មានសាមគ្គីភាព ខ្វះធនធានអ្នកចេះដឹង គ្មានមេ គ្មានកើយដែលរឹងមាំខ្វះគ្រឹះមូលដ្ឋានអ្នកចេះដឹងបានធ្វើឲ្យខ្មែរយើងភាសកាយឆ្ងាយស្រុកតជំនាន់រហូតមកដល់សព្វថ្ងៃនេះ។ មូលហេតុនេះហើយ បណ្តាលឲ្យបុព្វវីរជនជំនាន់មុនដែលបានភាសកាយឆ្ងាយមាតុភូមិមករស់នៅខ្មែរកណ្តាល (ប្រទេសកម្ពុជា ) ទាំងបាទដៃទទេ គឺការរស់នៅមានការឆ្លងកាត់ឧបស័គ្គគ្រប់សព្វបែបយ៉ាងគ្មានទាំងសិទ្ធិសេរីភាពក្នុងការរស់នៅ រស់នៅក្នុងការភ័យខ្លាយ ត្រូវគេគៀបសង្កត់ ដាក់គុកក៏មាន ដោយមនសិការជាតិ នឹកឃើញជាតិជាធំបានផ្តូចផ្តើមគំនិតគ្នាបង្កើតជាសមាគមតាមតំបន់នៃការរស់នៅនីមួយៗ ដើម្បីជួយគ្នាក្នុងគ្រាក្រលំបាក បើនិយាយពីសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមគឺជាគំនិតដែលមានគុណប្រយោជន៍យ៉ាងខ្លាំងក្នុងការកសាងធនធានខ្មែរក្រោមយើង ដើម្បីឲ្យមានដង្ហើមរស់ឡើងវិញ ពួកយើងនៅតែបន្តដឹងគុណដល់រៀមច្បងជានិច្ចដែលខិតខំពុះពារទាំងស៊ីអត់ស៊ីឃ្លានដើម្បីបង្កើតឲ្យមានឡើងនៅសមាគមមួយនេះសម្រាប់ផលប្រយោជន៍រួមនិងប្រយោជន៍ជាតិផងដែរ។
ការខិតខំប្រឹងប្រែងការងាររបស់បងប្អូនជនរួមឈាមខ្មែរក្រោម ទាំងព្រះសង្ឃទាំងគ្រហស្ថ ទាំងអស់ដែលកំពុងរស់នៅក្រៅប្រទេសក្តី ក្នុងប្រទេសកម្ពុជាក្តី នៅមាតុភូមិកំណើតក៏ដោយបានជួយឧបត្ថម្ភគំាទ្រយ៉ាងពេញទំហឹង លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តផ្តល់នូវចិតគំនិតល្អៗព្រមទាំងលះបង់ទ្រព្យសម្បត្តិ និងពេលវេលាសំខាន់ៗ ចូលរួមជម្រុញ ឲ្យសមាគមសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមមួយនេះឲ្យមានដំណើរការមកដល់សព្វថ្ងៃ ចាត់ទុកថាជាការជោគជ័យវាអាស្រ័យយើង ចេះរួមគ្នា ចេះជួយគ្នា ក្នុងការកសាងធនធានខ្មែរក្រោមឲ្យកាន់តែច្រើន ដើម្បីឲ្យក្លាយទៅជានិស្សិត បណ្ឌិត បញ្ញាវន្ដក្នុងថ្ងៃអនាគត សម្រាប់ចូលរួមបម្រើប្រទេសជាតិមាតុភូមិផងយើង។ ជួយរួមគ្នាឧបត្ថម្ភដល់និស្សិតក្រីក្រខ្វះខាតក្នុងការសិក្សារៀនសូត្រ ដើម្បីជាទំពាំងដ៏ល្អបន្តកូនចៅទៅជំនាន់ក្រោយៗទៀត។ ដូច្នេះ សង្គមត្រូវការយើងទាំងអស់គ្នាចូលរួមជួយ ហើយការជួយសង្គមនោះទៀតសោត យើងកុំគប្បីរំពឹងបានផលតបស្នងពីសង្គមខ្ពស់ពេក ដូចទស្សនលោក លី ក្វាន់យូ ថា (តើយើងបានជួយអ្វីដល់សង្គមហើយឬនៅ មុននឹងយើងចង់បានអ្វីពីសង្គមវិញនោះ)។ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្យាយាមបង្រួបបង្រួមកម្លាំងសាមគ្គីមួយពីបណ្តាសប្បុរសធម៌ទាំងក្នុងប្រទេស និង ក្រៅប្រទេសជាជំនួយក្នុងការជួយឧបត្ថម្ភថវិកា ស្តារវិស័យអប់រំ ឲ្យសង្គមយើងមានធនធានអ្នកចេះដឹងកាន់តែច្រើន ដើម្បីកសាងសង្គម ត្រូវនឹងពាក្យស្លោកថា (ធនធានមនុស្ស ជាមូលដ្ឋានគ្រឹះនៃការកសាងសង្គម ហើយសង្គមដែលមានគុណភាពនិងប្រសិទ្ធភាពបាន គឺត្រូវមាន មេត្តាធម៌ សីលធម៌ គុណធម៌ និងសាមគ្គីធម៌ចំបាច់។ ហើយយើងចាំនូវពាក្យមួយឃ្លាថា “ឫស្សីអាងបន្លាការពារខ្លួន ប្រាជ្ញអាងច្បាប់ក្បួនការពារខុស ឫស្សីបែកគុម្ពទំពាំងដុះ សាមគ្គីគ្នារស់បែកគ្នាស្លាប់”។ដោយៈ ឆេង ឆាយា