ឥទ្ធិពលនៃព្រះពុទ្ធសាសនា និងវត្តអារាមទៅលើសង្គមខ្មែរ

ព្រះពុទ្ធសាសនា បានមកប្រតិស្ថាននៅលើទឹកដីកម្ពុជាជាង ២០០០ ឆ្នាំមកហើយ រួចបានជ្រួតជ្រាបដិត ជាប់ក្នុងគំនិតរបស់ប្រជារាស្រ្តខ្មែរ ទូទាំងប្រទេស។ ព្រះពុទ្ធសាសនាបាននាំយើងឱ្យស្គាល់ច្បាស់បុព្វហេតុពិតនៃសេចក្តីទុក្ខ។ ទុក្ខនេះបានរកឃើញក្នុងអកុសលកម្ម គឺគំនិតអាក្រក់អំពើថោកទាប បានដល់លោភៈ ទោសៈ មោហៈ ការចង់បានហួសប្រមាណ កំហឹង និងការវង្វេងភ័ន្តច្រឡំ។

ក្នុងបច្ចុប្បន្នកាលនេះ ប្រជាជាតិយើងបានជ្រើសរើសព្រះធម៌នៃព្រះបរមសព្វញ្ញូពុទ្ធ ដើម្បីស្ថាបនា អនាគតរបស់យើង ដែលយើងទាំងអស់គ្នាចង់ឱ្យមានសន្តិភាព មេត្តាធម៌ យុត្តិធម៌ នៅក្នុងប្រទេសយើង។ ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់ក្នុងសង្គមខ្មែរ។ តួនាទីសំខាន់ៗរបស់ពុទ្ធសាសនាគឺៈ

/ តួនាទីរបស់វត្តអារាម

ដោយមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា ដោយសារព្រះពុទ្ធសាសនាបានពន្យល់ ណែនាំមនុស្សឱ្យឃើញនូវមធ្យោបាយដោះស្រាយរាល់បញ្ហា ដែលចោទឡើងក្នុងជីវិតប្រកបដោយហេតុផល ព្រោះយើងអាចមើលឃើញថា កន្លែងណាមានប្រជារាស្រ្តច្រើនកុះករ កន្លែងនោះតែងតែមានវត្តអារាម។ ចំពោះប្រជាជនខ្មែរ វត្តអារាមជាទីពំនាក់អាស្រ័យជាបង្អែកខាងផ្លូវចិត្ត ជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង។ គេប្រារព្ភធ្វើបុណ្យផ្សេងៗ ដែលជាប្រពៃណីព្រះពុទ្ធសាសនាក្តី ជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរក្តី នៅក្នុងវត្តអារាម។ វត្តជាទីពឹងពំនាក់របស់អ្នកដែលឥតទីពឹងដូចជាកុមារកំព្រា ចាស់ជរា និងជាទី  ស្នាក់អាស្រ័យរបស់សិស្សានុសិស្ស និស្សិត ដែលជាកូនចៅរបស់ប្រជារាស្រ្តក្រីក្រ។ អ្នកដឹកនាំយើងមួយចំនួនសុទ្ធតែបានស្នាក់នៅបន្តការសិក្សាក្នុងទីវត្ត។ ប្រជារាស្រ្តយើងមួយចំនួនមានជំនឿ លើវត្តអារាមថាជាមន្ទីពេទ្យសម្រាប់ព្យាបាលជំងឺខាងផ្លូវចិត្ត និងជំងឺផ្សេងៗទៀតផង ពីព្រោះ ព្រះសង្ឃយើងមានប្រពៃណីផ្សំថ្នាំបុរាណយ៉ាងសក្តិសិទ្ធិ។ វត្តជាឃ្លាំងចំណេះដឹង ជា បណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល ជាកន្លែងសិក្សានូវវិជ្ជាផ្សេងៗ ដូចជាៈ អក្សរសាស្រ្ត លេខនព្វន្ត និងមុខវិជ្ជាផ្សេងៗទៀតសម្រាប់ចិញ្ចឹមជីវិត។ អ្នកនិពន្ធដ៏ឆ្នើមៗ និងសិល្បករល្បីៗ ពីបុរាណសុទ្ធតែទទួលបានការបណ្តុះបណ្តាលនៅក្នុងវត្តដែរ។

វត្តក៏ជាតុលាការរបស់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ពេលណាប្រជាពលរដ្ឋមានទំនាស់ទាស់ទែងខ្វែងគំនិតគ្នា ក្នុងគ្រួសារក្តី រវាងញាតិសន្តាន-ក្តី ព្រះសង្ឃក៏បានរួមចំណែកជួយដោះស្រាយដោយបិណ្ឌបាតសេចក្តីលោភ ក្រេវក្រោធកំហឹង ហឹង្សានោះចេញ។ តួនាទីវត្តអារាមដែលបានលើកមកសង្ខេបខាងលើនេះ បង្ហាញឱ្យឃើញថា ពុទ្ធសាសនាមានសារសំខាន់ណាស់សម្រាប់ប្រជារាស្រ្តខ្មែរយើង។ ដោយឃើញឥទ្ធិពលវត្តនៅលើសង្គមខ្មែរ ដូច្នេះហើយ នៅពេលដែលប្រទេសជាតិបានជួបនូវកោលាហលម្តងៗ ខ្មាំងសត្រូវរបស់យើងតែងខ្មីឃ្មាតទៅដុតបំផ្លាញវត្តអារាម គឺដុតបំផ្លាញបេះដូងរបស់ខ្មែរ ព្រលឹងជាតិខ្មែរឱ្យសាបសូន្យ។

/ តួនាទីរបស់ព្រះសង្ឃ

ព្រះសង្ឃយើងដើរតួសំខាន់ក្នុងសង្គម តាំងពីបុរាណកាលមក ព្រះអង្គមានកិត្យានុភាពខ្ពស់ ហើយមានឥទ្ធិពលធំធេងណាស់ទៅលើជីវភាពរបស់ប្រជាជន។ ព្រះសង្ឃបានលះបង់អ្វីៗគ្រប់បែបសព្វយ៉ាងដូចជាៈ កោរព្រះកេស លះបង់ទ្រព្យសម្បត្តិ ភូមិឋានកេរមរតកគ្រប់    យ៉ាង។​ ព្រះសង្ឃយើងមានមេត្តាធម៌ ចិត្ត           សន្តោសប្រោសប្រណីដ៏ប្រសើរដោយមិនលើកកម្ពស់ខ្លួន អាកប្បកិរិយាជាគំរូផ្តល់នូវការគោរពប្រតិបត្តិដ៏ជ្រាលជ្រៅ និងស្មោះត្រង់ពីប្រជារាស្ត្រខ្មែរ ព្រះអង្គបានចូលរួមយ៉ាងសកម្មក្នុងការកសាងវត្តអារាម ធ្វើឱ្យទីវត្តក្លាយជារមណីយដ្ឋានជាទីសក្ការបូជា។ ចូលរួមយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ព្រះអង្គបានជួយឧបត្ថម្ភក្នុងវិស័យសង្គមកិច្ច សិក្សាធិការ សុខាភិបាល   បរិស្ថាន ។ល។ គឺព្រះសង្ឃមានការចូលរួមវិភាគទានដ៏ធំធេងណាស់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើង។

/ តួនាទីនៃការអប់រំសីលធម៌

ការអប់រំសីលធម៌ តួនាទីនេះក្នុងព្រះពុទ្ធសាសនា ព្រះធម៌ជាផ្លូវដ៏សំខាន់ណាស់សម្រាប់អប់រំកាយ វាចា ចិត្ត និងសម្រាប់បណ្តុះបណ្តាលឱ្យកើតមានមេត្តា ករុណា ប្រាស់ចាគលោភៈ ទោសៈ មោហៈ ដើម្បីជួយមនុស្ស ឱ្យរួចចាកផុតពីសេចក្តីទុក្ខ ទៅរកសន្តិភាពដ៏ពិតប្រាកដ។ ព្រះអង្គក៏បានទ្រង់សំដែងអំពីសង្គហធម៌ តួនាទីរបស់មាតាបិតានិងបុត្រធីតា រវាងគ្រូនិងសិស្ស រវាងស្វាមីនិងភរិយា រវាងមិត្តនិងមិត្ត រវាងនិយោជិកនិងនិយោជក  រវាងព្រះមហាក្សត្រអ្នកដឹកនាំប្រទេសនិងប្រជារាស្រ្ត រវាងព្រះសង្ឃនិងឧបាសក ឧបាសិកា។

ដូច្នេះហើយយើងឃើញថា ព្រះពុទ្ធសាសនា និងវត្តអារាមជាកន្លែងដែលប្រជារាស្រ្តខ្មែរយើងម្នាក់ៗ បានដិតជាប់ក្នុងមនោរម្មណ៍របស់ខ្លួន តាំងពីយូរយារណាស់មកហើយ ដែលខ្មែរយើងមិនអាចបំភ្លេច និងលះបង់ក្តីសង្ឃឹមពីព្រះពុទ្ធសាសនានិងព្រះសង្ឃគ្រប់ព្រះអង្គដែលបានគង់នៅក្នុងវត្តអារាមបានឡើយ គឺប្រជារាស្រ្ត ពុទ្ធបរិស័ទតែងតែមានការទំនាក់ទំនងប្រាស្រ័យគ្នាទៅវិញទៅមកមិនដែលដាច់ឡើយ។

ដោយៈ ភិក្ខុ ឥន្ទជោតោ

 

Leave a Reply

Your email address will not be published.