
ភេរិវាទកជាតក
កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តជេតវ័ន ព្រះអង្គបានសម្តែងជាតកដល់ភិក្ខុដែលពិបាកអប់រំមួយអង្គ ដើម្បីទូន្មានឲ្យឃើញពីទោសនៃការមិនជឿដំបូន្មាន មានសេចក្តីថា ៖
កាលកន្លងទៅ នៅសម័យព្រះបាទព្រហ្មទត្តគ្រងរាជ្យនៅនគរពារាណសី ពេលនោះមានការរៀបចំពិធីមហោស្រពមួយនៅក្នុងទីក្រុង។ គ្រានោះ តថាគតកើតជាអ្នកដែលមានរបរចិញ្ចឹមជីវិតដោយវាយស្គរ បានធ្វើដំណើររួមជាមួយនឹងកូនប្រុសដើម្បីទៅវាយស្គរនៅក្នុងពិធីមហោស្រពនោះផងដែរ។ ពេលដើរកាត់តាមព្រៃមួយគាត់ក៏បានឃើញចោរមួយក្រុមកំពុងអង្គុយបរិភោគអាហារ ទើបប្រញាប់នាំកូនប្រុសទៅពួនក្បែរគុម្ពោតព្រៃ ហើយប្រាប់ថា “ចូរកូនកុំវាយស្គរជាដាច់ខាត បើមិនដូច្នោះទេ ពួកចោរឮ វានឹងមកចាប់ពួកយើងជាមិនខាន! រងចាំឲ្យពួកវាទៅផុតអស់សិន ទើបយើងអាចធ្វើដំណើរបន្តទៅទៀតបាន”
ប៉ុន្តែកូនប្រុសនោះមិនស្តាប់សម្តីរបស់ឪពុកខ្លួនឡើយ គេគិតថាសំឡេងស្គរនឹងធ្វើឲ្យពួកចោរភ័យ ហើយនឹងនាំគ្នារត់ ទើបវាក៏វាយស្គរឡើង។ ចំណែកក្រុមចោរ ពេលឮសំឡេងស្គរ វាគិតថាជាក្បួនដំណើររបស់ព្រះរាជា ក៏នាំគ្នារត់បែកខ្ញែកគ្នាទៅ ប៉ុន្តែពេលពួកវាងាកមកស្តាប់ម្តងទៀត ទើបដឹងថាសំឡេងស្គរដែលវាយនេះមិនត្រូវតាមចង្វាក់ភ្លេង ហើយក៏មិនមែនជាក្បួនដំណើររបស់ព្រះរាជាអ្វីឡើយ ពួកវាក៏នាំគ្នារត់សំដៅមករកកន្លែងសំឡេងនោះ ឃើញពីរនាក់ឪនិងកូន ក៏ប្លន់យកទ្រព្យសម្បត្តិអស់ទៅ។
ឪពុកស្តីបន្ទោសឲ្យកូនថា “ទម្រាំតែរកទ្រព្យទាំងអស់នេះបានមក យើងត្រូវលំបាកវេទនាខ្លាំងណាស់… តែឯងបែរជាធ្វើឲ្យទ្រព្យសម្បត្តិរលាយបាត់បង់ទៅវិញយ៉ាងឆាប់រហ័ស នេះគឺមកពីឯងមិនស្តាប់សម្តីរបស់យើងជាបិតានេះឯង”។
កាលក្រោយមក កូនកើតជាភិក្ខុពិបាកប្រដៅ រីឯបិតាគឺតថាគត។
ការមិនជឿការដាស់តឿនរបស់អ្នកមានបំណងល្អ
រមែងនាំទៅរកសេចក្តីវិនាសអន្តរាយ។
(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតក ភាគ១ ទំព័រ ១២២ គឺម ចាន់ណា)