
សង្ខធម្មជាតក
កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តជេតវ័ន ព្រះអង្គបានសម្តែងជាតកដល់ភិក្ខុដែលពិបាកអប់រំមួយអង្គ ដើម្បីរំឭកឲ្យឃើញពីទោសនៃការមិនជឿលើពាក្យទូន្មានប្រៀនប្រដៅ មានសេចក្តីថា ៖
កាលកន្លងទៅ នៅសម័យព្រះបាទព្រហ្មទត្តគ្រងរាជ្យនៅនគរពារាណសីមានការរៀបចំពិធីបុណ្យឆ្លងនគរ និងមានល្បែងកម្សាន្តជាច្រើនប្រភេទ។ គ្រានោះតថាគតកើតក្នុងត្រកូលអ្នកផ្លុំស័ង្ខ ដែលជាមុខរបរចិញ្ចឹមជីវិត។ ក្រោយមក គេក៏បានធ្វើដំណើរតាមបិតាដែលជាអ្នកផ្លុំស័ង្ខទៅកាន់ក្រុងពារាណសីដើម្បីផ្លុំស័ង្ខរកប្រាក់នៅទីនោះ។ នៅខណៈពេលដែលគេធ្វើដំណើរតាមផ្លូវ ឪពុកនិងកូនបានឃើញចោរមួយក្រុមកំពុងអង្គុយបរិភោគអាហារនៅទីនោះ ហើយពួកគេក៏នាំគ្នាទៅលាក់ខ្លួនក្នុងគុម្ពឈើមួយ។ កូនប្រុសងាកទៅប្រាប់ឪពុកថា “ចូរពុកកុំផ្លុំស័ង្ខឲ្យសោះ បើមិនដូច្នោះទេ ពួកចោរប្រាកដជាដឹងកន្លែងលាក់ខ្លួនរបស់យើងមិនខានឡើយ!”
ប៉ុន្តែបិតាមិនស្តាប់ការដាស់តឿនរបស់កូននោះឡើយ ថែមទាំងឆ្លើយវិញថា “យើងផ្លុំដើម្បីឲ្យចោរវាភ័យ ហើយនាំគ្នារត់ឲ្យឆ្ងាយពីទីនេះឆាប់ៗទៅ!”
ប៉ុន្តែវាមិនដូច្នោះឯណា ពួកចោរបែរជាដឹងកន្លែងលាក់ខ្លួនរបស់ពួកគេហើយនាំគ្នាចាប់ពួកគេចេញមកវាយធ្វើបាប និងប្លន់យកទ្រព្យសម្បត្តិអស់ទៅ។ ក្រោយមកកូនប្រុសក៏ពោលទៅកាន់បិតាថា “ពុកខំរកទ្រព្យសម្បត្តិទាំងអស់នេះ ដោយកម្លាំងញើសឈាមយ៉ាងសែនលំបាក តែពុកបែរជាធ្វើឲ្យវាបាត់បង់ដោយងាយទៅវិញ… នេះក៏ព្រោះតែពុកគិតថា ក្មេងដូចជារូបកូននេះ ពុំមានគំនិតល្អអ្វីសោះទេឬ?”។
កាលក្រោយមក បិតាកើតជាភិក្ខុពិបាកប្រដៅ ចំណែកឯកូនគឺតថាគត។
ពាក្យដាស់តឿនរបស់អ្នកមានបញ្ញា
ទោះបីជាគេក្មេងជាង ក៏យើងមិនត្រូវព្រងើយកន្តើយដែរ។
(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតកភាគ ១ ទំព័រ ១២៤ គឹម ចាន់ណា)