តយោធម្មជាតក
កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តវេឡុវ័ន ព្រះអង្គបានប្រារព្ធរឿងដែលទេវទត្តព្យាយាមលបធ្វើគតព្រះអង្គ ទើបទ្រង់លើកជាតកមកសម្តែងដើម្បីបង្ហាញឲ្យឃើញថា កាលមុនទេវទត្តធ្លាប់ធ្វើបែបនេះដែរ មានតំណាលថា ៖
កាលកន្លងទៅ តថាគតចាប់កំណើតក្នុងផ្ទៃរបស់ស្វាញីមួយក្បាល កាលគ្រានោះ ស្តេចពានរមានចិត្តឃោរឃៅថោកទាប ពេលណាមានកូនស្វាកើតមកជាឈ្មោល វានឹងសម្លាប់ចោលភ្លាម ព្រោះខ្លាចកូនស្វាធំឡើងមកដណ្តើមអំណាចរបស់ខ្លួន។ ចំណែកស្វាញីខ្លាចក្រែងមានគ្រោះថ្នាក់ដល់កូន ក៏លួចទៅកើតកូននៅទីកន្លែងផ្សេងទៅ។ ក្រោយមកស្វាញីក៏បង្កើតបានកូនឈ្មោលមួយ ហើយចិញ្ចឹមកូនរបស់ខ្លួនរហូតដល់ធំពេញរូបពេញ រាង។ កូនក៏ចេះតែសួររកបិតារបស់ខ្លួនឥតឈប់ ទើបម្តាយនិយាយប្រាប់ទៅកូនថា “បិតារបស់កូន គឺជាស្តេចពានរដ៏សែនឃោរឃៅទ្រង់គ្រប់គ្រងបរិវារនៅក្នុងព្រៃឯណោះ!” ស្វាកំលោះឮដូច្នោះ ក៏សុំអង្វរម្តាយឲ្យនាំខ្លួនទៅជួបបិតា ទោះបីជាម្តាយជំទាស់យ៉ាងណាក៏ដោយ។ ម្តាយពេលមិនអាចឃាត់កូនបាន ទើបព្រមនាំទៅរកឪពុក។ ស្តេចពានរ ពេលឃើញថាកូនរបស់ខ្លួនជាកូនឈ្មោល វាក៏តាំងចិត្តថានឹងសម្លាប់កូនចោល ដោយក្លែងធ្វើជាហៅមកឱបរឹត ហើយក៏ប្រុងនឹងរឹតឲ្យស្លាប់តែម្តង តែដោយស្វាកំលោះនៅក្មេងមានកម្លាំងខ្លាំងដែរនោះ វាក៏រឹតទៅវិញដោយកម្លាំង ខ្លាំងប្រហាក់ប្រហែលគ្នា ធ្វើឲ្យស្តេចពានរតឹងទ្រូងទ្រាំមិនបានក៏បន្ធូរដៃមកវិញ។ ពេលដឹងថាខ្លួនមិនអាចយកឈ្នះកូនដោយកម្លាំងបានទេ ស្តេចពានរ ក៏ប្រើល្បិចឲ្យស្វាកំលោះទៅបេះផ្កាឈូកនៅឯស្រះ បោក្ខរណី ដើម្បីឲ្យអារក្សទឹកចាប់ធ្វើជាចំណី។
ស្វាកំលោះក៏ធ្វើតាមបញ្ជាបិតា តែពេលទៅដល់មាត់ស្រះ វាសង្កេតឃើញថាមានតែស្នាមជើងចុះ ប៉ុន្តែគ្មានស្នាមជើងឡើងមកវិញទើបវាដឹងភ្លាមថា ស្រះនេះពិតជាមានអារក្សទឹក។ ហេតុនេះ វាបេះតែផ្កាណាដែលវាឈោងដៃដល់ប៉ុណ្ណោះ ដោយមិនចុះទៅក្នុងទឹកស្រះនោះជាដាច់ខាត។ នាងអារក្សទឹកឃើញដូច្នេះក៏ពោលសរសើរស្វាកំលោះថា “អ្នកពិតជាមានបញ្ញាខ្ពស់មែន!!!”
ក្រោយពីសួរនាំទៅស្វាកំលោះទើបដឹងថា ស្តេចពានរប្រើគេមកទីនេះ ដើម្បីចង់ឲ្យខ្លួនផ្តាច់ជីវិតស្វាកំលោះនេះប៉ុណ្ណោះ។ បន្ទាប់មក នាងអារក្សទឹកក៏ស្ម័គ្រចិត្តកាន់ផ្កាឈូកដើរតាមពីក្រោយ ដើម្បីយកទៅឲ្យស្តេចពានរដោយខ្លួនឯងផ្ទាល់ និងដើម្បីការពារស្វាកំលោះផងដែរ។ ចំណែកស្តេចពានរជាឪពុក យល់ឃើញថា ស្វាកំលោះនេះមានបារមីខ្ពស់ អាចបង្រ្កាបអារក្សទឹកបាន ខ្លួនក៏កើតក្តីច្រណែនឫស្យារហូតគាំងបេះដូងស្លាប់ក្នុងគ្រានោះទៅ។
កាលក្រោយមក ស្តេចស្វាកើតជាទេវទត្ត ឯស្វាកំលោះនោះគឺតថាគត។
អ្នកមានបញ្ញា រមែងប្រើបញ្ញារក្សាខ្លួន
ឲ្យរួចផុតពីគ្រោះភ័យទាំងពួង។
(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតកភាគ ១ គឹម ចាន់ណា ទំព័រ ១២០)