ស្រ្តីអ្នកកាប់ឧស

កាលគ្រាព្រះសម្មាសម្ពុទ្ធគង់ប្រថាប់នៅវត្តជេតវ័ន ទ្រង់ប្រារពអំពីរឿងរបស់ព្រះនាង វាសភខត្តិយា  និងបុត្រដែលត្រូវគេទម្លាក់យសស័ក្តិ ព្រោះព្រះនាងវាសភៈ មានម្តាយជាទាសី ទើបទ្រង់សម្តែងជាតក មានសេចក្តីថា ៖

កាលកន្លងទៅ នៅសម័យព្រះបាទព្រហ្មទត្ត នៃនគរពារាណសី ទៅយាងទៅក្រសាលសួនឧទ្យានព្រៃព្រឹក្សា ក៏បានប្រទះឃើញស្រ្តីរកឧសម្នាក់កំពុងច្រៀងចម្រៀងយ៉ាងពីរោះរណ្តំ ធ្វើឲ្យព្រះអង្គមានព្រះទ័យប្រតិ ព័ទ្ធ ទើបទ្រង់បានរួមរស់នៅជាមួយគ្នាអស់មួយរយៈនាងក៏មានផ្ទៃពោះ ហើយគឺអង្គតថាគតនេះឯងដែលបានមកចាប់បដិសន្ធិនៅក្នុងផ្ទៃរបស់ស្រ្តីអ្នកកាប់ឧសនោះ។ ព្រះរាជាទ្រង់ប្រគល់ចិញ្ចៀនមួយវងឲ្យមកនាង ហើយមានព្រះបន្ទូលថា “បើបុត្រកើតមកជាស្រ្តី សូមនាងយកចិញ្ចៀននេះទៅលក់ដើម្បីចិញ្ចឹមជីវិតចុះ! ប៉ុន្តែ បើបុត្រកើតមកជាប្រុស នាងត្រូវនាំគេទៅរកយើងនៅឯក្រុងពារាណសី”

ក្រោយមកមិនយូរប៉ុន្មាន នាងនោះក៏ប្រសូតបានបុត្រាមួយអង្គ។ លុះពេលបុត្រធំឡើង គេចេះតែសួរនាងថា តើបិតារបស់គេជាអ្នកណា? ទើបក្រោមក នាងក៏នាំរូបគេទៅជួននឹងព្រះបាទព្រហ្មទត្ត ព្រមទាំងចិញ្ចៀនមួយវងដែលទ្រង់ទុកឲ្យ។

ប៉ុន្តែ អ្វី ៗបែរជាផ្ទុយ្រឡះពីការគិតទៅវិញ ព្រោះព្រះបាទព្រហ្មទត្តបានប្រែក្រឡាស់សម្តីរបស់ខ្លួន ហើយទ្រង់មានព្រះបន្ទូលថា ព្រះអង្គមិនធ្លាប់ស្គាល់ស្ត្រីកាប់ឧសនោះឡើយ។ នាងមានក្តីអាម៉ាស់ និងឈឺចាប់ជាខ្លាំង ទើបអធិដ្ឋានឡើងថា ៖

“បើកុមារម្នាក់នេះជាបុត្ររបស់ព្រះបាទព្រហ្មទត្តមែននោះ សូមឲ្យកុមារនេះ អណ្តែតឡើង តែបើមិនមែនទេ សូមឲ្យកុមារនេះធ្លាក់ដីស្លាប់ទៅចុះ” ពោលរួចនាងក៏បោះកុមារតូចឡើងទៅលើ ស្រាប់តែរាជកុមារអណ្តែតនៅលើអាកាស ព្រមទាំងស្ថិតក្នុងឥរិយាបថអង្គុយតាំងសមធិ ហើយក៏រំកិលសន្សឹម ៗមកទើរលើព្រះហស្ថរបស់ព្រះបាទព្រហ្មទត្ត។

ព្រះបាទព្រហ្មទត្តទ្រង់រអៀសព្រះទ័យជាខ្លាំងទើបព្រមទទួលស្គាល់ថាជាបុត្ររបស់ព្រះអង្គ និងតែងតាំងស្រ្តីកាប់ឧសម្នាក់នោះជាអគ្គមហេសី។ លុះពេលព្រះអង្គទ្រង់សោយទិវង្គតទៅ ព្រះរាជកុមារក៏ឡើងសោយរាជ្យបន្ត ដោយមានព្រះនាមថា “ព្រះបាទកដ្ឋវាហនៈ” ។

កាលក្រោយមក ព្រះបាទព្រហ្មទត្តកើតជាព្រះបាទសុទ្ធោធនៈ ស្រ្តីកាប់ឧសជាព្រះនាងសិរិមហាមាយា ដែលជាព្រះមាតា និងព្រះបិតារបស់តថាគតក្នុងជាតិនេះ ឯព្រះរាជកុមារបានក្លាយជាតថាគត។

 

ជាតិកំណើតបានកំណត់តម្លៃរបស់បុគ្គលទេ

តែអំពើល្អទើបជាការកំណត់។

 

(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតក ភាគ ១ ទំព័រ ១៨ គឹម ចាន់ណា)

Leave a Reply

Your email address will not be published.