អ្នកខ្លួនឯង គឺជាអ្នកបង្កើតឱកាសនៃសុភមង្គលតាមរយៈការបង្កើតការងារ ឬវត្ថុផ្សេងៗ ដែលអ្នកចូលចិត្តឱ្យបានកាន់តែច្រើនឡើង។ ការចូលចិត្តវត្ថុច្រើនមុខ និងការងារច្រើនប្រភេទពិតជាអាចជំរុញឱ្យមានការពេញចិត្តនឹងជីវិតរស់នៅកាន់តែខ្លាំងឡើង ដែលនេះគឺពិតជាគុណប្រយោជន៍ដ៏វិសេសវិសាលសម្រាប់ខ្លួនអ្នក និងអ្នកនៅជុំវិញខ្លួនផង។ អាស្រ័យហេតុនេះ ចូរស្វែងរកវត្ថុណាដែលពិតជាផ្តល់នូវតម្លៃដល់អ្នក និងគោលដៅបន្ថែមជាបន្តបន្ទាប់។
ដើម្បីឱ្យមានចិត្តស្រឡាញ់របស់ច្រើនមុខនោះ អ្នកប្រហែលជាត្រូវដើរត្រាច់ចរច្រើនបន្តិចហើយ ។ ជីវិតដ៏អាប់អួរ និងធុញថប់ គឺជាកំហុសរបស់អ្នកខ្លួនឯងហើយ។ ចូរដឹកនាំជីវិតឱ្យ មានសេចក្តីរំភើប ត្រេកត្រអាល និងអារម្មណ៍ស្រស់ថ្លា។ អ្នកត្រូវតែមើលឱ្យឃើញពីតម្លៃខ្លួនឯងម្នាក់នេះសម្រាប់ពិភពលោកដ៏ធំល្វឹងល្វើយនេះផង។
ចូរសាកល្បងដូចជាការស្តាប់តន្រ្តី មើលសិល្បៈ ល្ខោន ភាពយន្ត អានសៀវភៅ ហាត់ក្បាច់គុនចិនថាយជិ (Thai Chi) ការ៉ាតតេ ការធ្វើដំណើរកំសាន្ត មើលថ្ងៃលិច ការហាត់ប្រាណ ចងសម្ព័ន្ធមិត្តភ័ក្តិថ្មីៗ ការដើរកំសាន្តតាមសួនច្បារ ឬក៏ឆែកអ៊ីនធើណិត (Internet)។ បើកចិត្តឱ្យ ទូលាយដើម្បីជ្រើសរើសអ្វី ដែលជាទីពេញចិត្តរបស់ខ្លួន។ ប្រែក្លាយ រក្សាលំនៅដ្ឋាន កន្លែងធ្វើការឱ្យទៅជាកន្លែងស្រស់បំព្រងគួរឱ្យចង់រស់នៅមិនចេះជិនណាយ។
ចូរចាំក្នុងចិត្តពីផលសំណាងរបស់ខ្លួនដែលមានចំណូលចិត្តលើវត្ថុច្រើនមុននោះ។ សុភមង្គលអាចកើតមានតាមវិធីបែបនេះ ពុំចាំបាច់តែមានប្រាក់កាស និងទ្រព្យសម្បត្តិច្រើនហូរហៀរនោះឡើយ។ សុភមង្គលបានមកពីការស្រឡាញ់វត្ថុច្រើនយ៉ាង និងការងារច្រើនប្រភេទ បូកផ្សំជាមួយការឱ្យតម្លៃវត្ថុដែលយើងមានរួចហើយ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៣៤)