ស្តេចប្រើស អ្នកមានបញ្ញា

លក្ខណជាតក

          កាលគ្រាព្រះសម្មាសម្ពុទ្ធគង់នៅវត្តវេឡុវ័ន (ព្រៃឫស្សី) ក្រុងរាជគ្រឹះ ទ្រង់បានត្រាស់អំពីរឿងដែលទេវទត្តប្រព្រឹត្តខ្លួនមិនល្អ រហូតធ្វើឲ្យ បរិវារដែលគោរពស្រឡាញ់អស់ជំនឿ ទើបព្រះអង្គលើកយកជាតកមកសម្តែង មានសេចក្តីថា ៖

កាលកន្លងទៅ កាលព្រះសម្មាសម្ពុទ្ធទ្រង់ចាប់កំណើតកើតជាស្តេចប្រើសអាស្រ័យនៅតំបន់ជិតទីក្រុង មគធៈ មានកូនពីរ កូនទីមួយឈ្មោះ “លក្ខណៈ” និងកូនទីពីរឈ្មោះ “កាឡៈ” ។ ពេលខ្លួនចាស់ជរាទៅ ស្តេចប្រើសក៏បែងចែកបរិវារឲ្យកូនគ្រប់គ្រង ម្នាក់ ៥០០ ក្បាល ។  លុះរដូវពេលជាំជុះចូលមកដល់ អ្នកស្រុកក៏បាននាំគ្នាដាក់អន្ទាក់ ជីករណ្តៅបង្កប់ចម្រូងជាច្រើន ដើម្បីការពារកុំឲ្យសត្វចូលមកបំផ្លាញដំណាំដាំដុះពួកគេ ។  ចំណែកស្តេចប្រើសក៏បានដាស់តឿនកូន ៗ របស់ខ្លួនឲ្យចេះប្រយ័ត្នប្រយែងមើលថែបរិវាររៀង ៗ ខ្លួនឲ្យបានល្អផងដែរ ។

លក្ខណៈ នាំបរិវាររបស់ខ្លួនចេញទៅរកស៊ីនៅក្នុងព្រៃជ្រៅ ៗ ។ រីឯកាឡៈវិញជាសត្វល្ងង់ខ្លៅ មិនដែលដាស់តឿនដល់បរិវាររបស់ខ្លួនអ្វីទេ បណ្តោយឲ្យពួកបរិវាររបស់ខ្លួនទៅស៊ីដំណាំរបស់អ្នកស្រុកទាល់តែភ្លេចខ្លួន ហើយត្រូវជាប់អន្ទាក់ធ្លាក់ចូលក្នុងរណ្តៅចម្រូងស្លាប់ទាំងអស់ ។

ក្រោយពេលរដូវដាំដុះកន្លងផុត កូនទាំងពីរក៏ត្រឡប់មករកប្រើសបិតាវិញ ។ លក្ខណៈ បាននាំបរិវារឆ្លងផុតពីអន្ទាក់ចម្រូងផ្សេង ៗ ហើយគ្មាននរណាមួយរងរបួសឬស្លាប់ឡើយ ឯកាឡៈធ្វើឲ្យបរិវាររបស់ខ្លួនស្លាប់ទាំងអស់នៅសល់តែខ្លួនឯងមួយគត់ ។

ស្តេចប្រើសឃើញដូច្នេះក៏ពោលទៅកូន ៗ ថា អ្នកមានបញ្ញាចេះថែរក្សាការពារបរិវាររបស់ខ្លួនឲ្យរួចផុតពីក្តីអន្តរាយផ្សេង ៗ បាន ចំ ណែកអ្នកដឹកនាំល្ងង់ខ្លៅ តែងនាំបរិវាររបស់ខ្លួនឲ្យទៅរកសេចក្តីវិនាស ។

កាលក្រោយមក កាឡៈកើតជាទេវទត្ត ហើយពួកបរិវារក៏មកជាបរិវាររបស់គេនាពេលនេះ។ រីឯលក្ខណៈ គឺព្រះសារីបុត្រ ហើយពួកបរិវារគឺជាពុទ្ធបរិស័ទ ស្តេចប្រើសគឺជាអង្គតថាគតនេះឯង ។

អ្នកដឹកនាំល្ងង់ខ្លៅ តែងបង្រៀនក្តីល្ងង់ខ្លៅដល់កូនចៅ

និងដឹកនាំកូនចៅឲ្យទៅរកក្តីអាប់ឱន និងវិនាស ។

(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតក ភាគ ១ ទំព័រ២៦  គឹម ចាន់ណា )

Leave a Reply

Your email address will not be published.