
និគ្រោធជាតក
កាលគ្រាព្រះសម្មាសម្ពុទ្ធគង់នៅវត្តជេតវ័ន ព្រះអង្គប្រារព្ធដល់ភិក្ខុ នី ដែលជាព្រះមាតារបស់ ព្រះមហាកស្សបៈ នឹងព្រះមហាក្សបៈថា យើងធ្លាប់ជួបគ្នាទៅវិញទៅមកអស់ជាច្រើនជាតិមកហើយ មានសេចក្តីថា ៖
កាលកន្លងទៅ តថាគតកើតជាស្តេចប្រើសពណ៌មាសឈ្មោះ “និគ្រោធ” គ្រប់គ្រងបរិវារចំនួន ៥០ ក្បាល ។ គ្រានោះព្រះបាទព្រហ្មទត្ត សោយរាជ្យនៅក្នុងពារាណសី ព្រះអង្គទ្រង់សព្វព្រះទ័យបរបាញ់សត្វជាខ្លាំង ធ្វើឲ្យពួកមន្រ្តីយល់ឃើញថាវាជាការពិបាកណាស់ក្នុងការតាមដង្ហែព្រះអង្គចូលព្រៃញឹកញាប់បែបនេះ ។ ហេតុនេះហើយទើបពួកគេនាំគ្នាកៀងសត្វទាំងពីរហ្វូង ឲ្យចូលមកនៅក្នុងក្រោលតែមួយ ដើម្បីឲ្យព្រះអង្គងាយស្រួលប្រមាញ់ ។ លុះពេលព្រះរាជាមកបរបាញ់សត្វក្នុងក្រោលបែបនេះ ធ្វើឲ្យពួកប្រើសទាំងឡាយនោះរត់ច្របូកច្របល់ជាន់គ្នាស្លាប់អស់ជាច្រើន ។
ឃើញដូច្នេះស្តេចប្រើសនិគ្រោធក៏ពិគ្រោះគ្នាជាមួយនឹងស្តេច ប្រើស “សាខៈ”ដែលជាអ្នកដឹកនាំហ្វូងមួយទៀតថា ធ្វើយ៉ាងណាដើម្បីកុំឲ្យសត្វទាំងអស់រត់ប្រជ្រៀតជាន់គ្នាស្លាប់ទៀត ? … លុះពេលព្រះរាជាមកបរបាញ់ ពួកគេក៏បញ្ជូនប្រើសម្តងមួយក្បាលទៅទីលានប្រហារជីវិត ដោយផ្លាស់ប្តូរវេនគ្នាម្តងហ្វូងនេះម្តងហ្វូងនោះ ។ ដល់វេនរបស់ហ្វូងសាខៈ ហើយត្រូវជាវេនរបស់នាងប្រើសដែលមានផ្ទៃពោះចាស់ខែទៅហើយនោះ សាខៈ ក៏បញ្ជូនប្រើសទៅកាន់ទីលានប្រហារ តែនាងបានសុំអង្វរស្តេចសាខៈ ដោយសុំពន្យាពេលឲ្យកូននាងកើតសិន ប៉ុន្តែ សាខៈ មិនបានយល់ព្រមទេ ។ នៅពេលអស់មធ្យោបាយហើយ នាងក៏ទៅសុំការជួយសង្គ្រោះពីហ្វូងផ្សេង ។ ពេលនោះស្តេចនិគ្រោធក៏សុខចិត្តទៅទីលានប្រហារជំនួសនាងប្រើស ។
ព្រះបាទព្រហ្មទត្តឃើញដូច្នេះក៏ត្រាស់សួរដោយក្តីងឿងឆ្ងល់ ។ លុះទ្រង់ជ្រាបរឿងសព្វគ្រប់ហើយព្រះអង្គក៏មានការខ្មាសអៀនជាខ្លាំង ទើបបញ្ជាឲ្យគេដោះលែងសត្វទាំងនោះចេញពីក្រោលឲ្យមានសេរីភាពឡើងវិញ ។ នាងប្រើសបានរួចពីសេចក្តីស្លាប់ ហើយបានកើតកូនឈ្លោលមួយ រោមពណ៌ស្រស់ផូរផង់ ។ ចាប់ពីពេលនោះមកមេ និងកូនប្រើសទាំងពីរក៏ឈប់រស់នៅជាមួយនឹងហ្វូងរបស់ស្តេចប្រើស សាខៈទៀត ។
កាលក្រោយមក សាខៈ កើតជាទេវទត្ត បរិវារកើតជាបរិវាររបស់ទេវទត្ត នាងប្រើសកើតជាមាតារបស់ព្រះមហាកស្សបៈ រីឯកូនគឺព្រះមហាក្សបៈ ព្រះបាទព្រហ្មទត្តគឺជាព្រះអានន្ទ ចំណែកឯស្តេចប្រើសនិគ្រោធនោះ គឺជាអង្គតថាគតនេះឯង ។
អ្នកដែលមានចិត្តមេត្តា ករុណា
រមែងចេះជួយយកអាសាអ្នកដទៃដោយគ្មានការរើសអើង
ប្រកាន់បក្សពួក ជាតិសាសន៍ ឬពណ៌សម្បុរអ្វីឡើយ ។
(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតក ភាគ ១ ទំព័រ ២៨ គឹម ចាន់ណា)