
តិត្ថជាតក
កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គងនៅវត្តជេតវ័ន ព្រះអង្គសម្តែងជាតកដល់ភិក្ខុមួយ អង្គដែលតែងតែធ្វើអ្វីៗ ទៅតាមអំពើចិត្តរបស់ខ្លួនឯង ដើម្បីទូន្មានឲ្យចេះមើលនិស្ស័យ របស់អ្នកដទៃ មានសេចក្តីថា ៖
កាលកន្លងទៅ នៅសម័យព្រះបាទព្រហ្មទត្ត គ្រងរាជ្យសម្បត្តិនៅក្រុងពារាណសី តថាគតកើតជាគ្រូបុរោហិត ដែលមានតួនាទីបង្រៀនវិជ្ជាដល់ព្រះរាជា។ ថ្ងៃមួយព្រះរាជាបញ្ជាឲ្យអ្នកមើលថែសេះនាំសេះដែលទឹមបរព្រះទីនាំងទៅលាងសម្អាតនៅស្រះទឹកមួយ នៅកណ្តាលទីក្រុង ដែលមានមនុស្សម្នាជាច្រើន នាំសេះរបស់ខ្លួនមកលាងជម្រះនៅក្នុងស្រះមួយនេះផងដែរ។
សេះដែលទឹមនឹងព្រះទីនាំងនោះគិតឃើញថា ខ្លួនមានកិត្តិយសជាងពួកសេះឯ ទៀត ទើបវារើសអើងស្រះទឹកដែលសេះឯទៀតចូលទៅលាងសម្អាតមុននោះ។ ទោះបី អ្នកមើលថែសេះធ្វើយ៉ាងណាក៏សេះព្រះទីនាំងមិនព្រមចុះទៅលាងសម្អាតខ្លួនក្នុងស្រះទឹកនោះដែរ។ គេទាល់តម្រិះ ក៏យករឿងនេះទៅទូលថ្វាយព្រះរាជា។ ពេលព្រះអង្គជ្រាបសេចក្តីហើយ ទ្រង់ក៏បញ្ជាគេឲ្យទៅហៅបុរោហិតឲ្យមករកមូលហេតុ។
ពេលបុរោហិតពិនិត្យមើលសេះព្រះទីនាំងទៅ ឃើញថាវាគ្មានរបួសអ្វីទេ។ លុះបុរោហិតទៅមើលនៅឯស្រះទឹកទើបដឹងថា តាមពិតសេះនោះរើសអើងប្រកាន់ខ្លួនសោះ។ វាមិនព្រមលាងសម្អាតខ្លួនក្នុងស្រះទឹករួមគ្នាជាមួយនឹងសេះអ្នកស្រុកដទៃទៀតទេ ទើបឲ្យអ្នកមើលថែសេះ នាំវាទៅរកស្រះទឹកផ្សេងដែលមិនមានសេះណាមួយមកលាងជម្រះនៅទីនោះ។ ក្រោយមក សេះព្រះទីនាំងក៏យល់ព្រមឲ្យគេលាងសម្អាតខ្លួនរបស់វាតាមសម្រួលទៅ។
កាលក្រោយមក ព្រះបាទព្រហ្មទត្តកើតជាព្រះអានន្ទ សេះកើតជាភិក្ខុធ្វើអ្វីៗ តាមទំនើងចិត្ត ឯបុរោហិតគឺតថាគត។
ការតម្រូវតែចិត្តខ្លួនឯង តែងនាំមកនូវក្តីលំបាកដល់អ្នកដទៃ។