សិក្សាស្វែងយល់ឥតឈប់

គឺអ្នកខ្លួនឯងជាអ្នកទទួលខុសត្រូវលើការអប់រំ និងចំណេះដឹងរបស់ខ្លួនឯង។ បើអ្នកចង់សិក្សាពីមុខវិជ្ជាអ្វីមួយ ចូរស្វែងរកឱ្យបាននូវធនធានដែលជាប្រភពពត៌មាននៃមុខចិជ្ជានោះ ដូចជាត្រូវទៅបណ្ណាល័យ បណ្ណាគារដើម្បីទិញសៀវភៅ ឬទស្សនាវដ្តីជាដើម។ ពិសេសជាងនេះទៅទៀតអ្នកគួរព្យាយាមនៅឱ្យស្និទ្ធជាមួយ “Internet” ព្រោះវាជាប្រភពធនធានចំណេះដឹងសកល និងសម្បូរបែបមួយសម្រាប់មនុស្សគ្រប់រូប។ ការចូលរួមជាសមាជិកក្លឹប ឬសមាគមន៍នានាក៏ជាមធ្យោបាយមួយដ៏ល្អផងដែរដើម្បីទទួលបានចំណេះដឹងថ្មីៗ។ ចូរស្វែងរកឱ្យឃើញនូវមនុស្ស និងទីកន្លែងដែលផ្តល់ជំនាញខាងអ្វីដែលខ្លួនចង់សិក្សា។ ចុះឈ្មោះចូលរៀននៅវគ្គបណ្តុះបណ្តាលផ្សែងៗ ហើយបង្កើតនូវសំណួរឱ្យបានច្រើនដើម្បីសួរទៅគ្រូបង្រៀនរបស់ខ្លួន។ ជៀងវាងប្រការរៀនដើម្បីរៀន តែរៀនដើម្បីទទួលចំណេះពិតប្រាកដសម្រាប់ខ្លួនឯង។ នៅពេលដែលអ្នកចាប់ផ្តើមសិក្សាវគ្គបណ្តុះបណ្តាលថ្មីមួយ អ្នកអាចជួបប្រទះនឹងកាលៈទេសៈដ៏លំបាក ឬគួរឱ្យខ្មាស់គេមួយ។ ចូរកុំភ័យ ឬបារម្ភថាខ្លួនពុំមានសមត្ថភាពនឹងសិក្សាមុខវិជ្ជានោះឱ្យបានជោគជ័យឱ្យសោះ គ្រប់គ្នានឹងជួបកាលៈទេសៈដូចគ្នានេះ។ អ្វីដែលគួរធ្វើគឺព្យាយាមសិក្សាស្វែងយល់ពីមូលដ្ឋានរបស់វា ហើយចងចាំឱ្យបានល្អ។

ចូរចាត់ទុកចំណេះដឹងគឺជាចំណីដែលមិនអាចខ្វះបានហើយស្រេកឃ្លានវាគ្រប់ពេលវេលា ព្រោះថាចំណេះដឹងគឺជាអំណាច។ ប៉ុន្តែអ្នកពុំគួរគិតថា អ្នកត្រូវខ្ចីប្រាក់កាសយ៉ាងក្រាស់គ្រែលពីអ្នកដទៃដើម្បី​ឱ្យបានសិក្សានៅមហាវិទ្យាល័យល្បីៗ ដោយសំអាងហេតុថា លុះត្រាតែធ្វើបែបនេះទើបទទួលបានចំណេះដឹងពិតប្រាកដ។ មិនពិតជាដូច្នោះនោះទេ អ្នកអាចសិក្សាមុខវីជ្ជាអ្វីពីប្រភពណាក៏បានឱ្យតែអ្នកចង់ចេះពិតប្រាកដ។ ចំណេះវិជ្ជាជាអំណាចសម្រាប់ផ្តល់ឱ្យខ្លួនឯង។ ចំណេះវិជ្ជាអាចយកទៅណាមកណាក៏បាន។ មនុស្សមានគំនិតឆ្លាតវៃប្រកបដោយចំណេះដឹង តែងផ្តួលមនុស្សដែលមានតែកម្លាំងខ្លាំងក្លាតែមួយមុខ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៨០ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.