នៅក្នុងការសម្រួលរាងកាយ ធ្វើយ៉ាងណាឱ្យចិត្តរបស់អ្នកស្រឡះ និងមានពន្លឺស្រស់ស្រាយជានិច្ច។ កំចាត់ភាពតានតឹងចេញពីខ្លួនឱ្យអស់។ ពុំមានភាពចាំបាច់អ្វីត្រូវទុកភាពតានតឹង និងអាការៈឈឺក្បាលនៅក្នុងខ្លួនមិនរំសាយនោះឡើយ។ តាមរយៈការទប់ចិត្តមិនឆេវឆាវ និងការត្រឡប់មកប្រើពាក្យសំដីស្រទន់បាន គឺអាចទទួលបានជោគជ័យលើភាពតានតឹង និងបញ្ហាគ្រប់ជំពូកទាំងអស់។
ចលនាហាត់ប្រាណភាគច្រើនតែងនាំចិត្តយើងឱ្យបានស្រស់ស្រាយ និងធ្វើឱ្យកាយវិការមានភាពរហ័សរហួន ទន់ភ្លន់ ជាជាងធ្វើឱ្យខ្លួនយើងរឹងកំព្រឹសមិនអាចពត់ពេនបាន និងចិត្តដែលមានតែភាពតានតឹងនោះ។ ការដកដង្ហើមវែងៗតែយឺតៗអាច បន្ថូបន្ថយភាពរសាប់រសល់ធុញថប់ និងអាចជួយឱ្យបេះដូងធ្វើចលនាល្អត្រឹមត្រូវតាមខ្នាត់ចង្វាក់របស់វា លើសពីនេះទៅទៀត គឺជួយដល់ការធ្វើសមាធិទៀតផង។ ការធ្វើម៉ាស្ស៉ា ការត្រាំទឹកក្តៅ និងការចំហុយខ្លួនដូចជាសៅណា (Sauna) ក៏អាចជួយឱ្យយើងសម្រួលដល់សាច់ដុំ និងរាងកាយទាំងមូលល្អដែរ ។ ចូរធ្វើយ៉ាងណាទទួលទានដំណេកឱ្យបាន៦ ទៅ៨ម៉ោងក្នុងមួយយប់។
ពេលណាក៏បាន ចូរចាប់ផ្តើមរាប់ពីលេខ ១០០ ចុះមកក្រោមនៅពេលដែលអ្នកដកដង្ហើមវែង ៗ។ ដកដង្ហើមយកខ្យល់ឱ្យបានពេញថ្នក់ដង្ហើម នៅពេលដែលអ្នកដកដង្ហើមចេញចូល ហើយធ្វើឱ្យបានយឺតៗ។ ចូរសម្រួលអារម្មណ៍ និងកាយាឱ្យបានជ្រះថ្លា។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៥៤ ដោយៈ ជុំ សមវាសនា)