
ការងារមនុស្សធម៌ ក៏ជាផ្នែកមួយដ៏សំខាន់ឋិតនៅក្នុងផែនការអនុវត្តប្រចាំឆ្នាំរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ហើយក៏ជាតួនាទីដ៏សំខាន់របស់មនុស្សគ្រប់រូបដែលត្រូវបំពេញ និងចូលរួមធ្វើនូវកិច្ចការមួយនេះដោយខានពុំបាន ដើម្បីសង្គមជាតិនោះៗ។ ការចូលរួមចំណែកកិច្ចការសង្គម ទោះបីតិចឬច្រើនក៏ដោយអាស្រ័យទៅលើសមត្ថភាពធនធាន និងឆន្ទៈដែលខ្លួនមានដើម្បីឈានទៅដល់ការរីកចម្រើននៃការអភិវឌ្ឍន៍សង្គមជាតិឲ្យប្រកបដោយគុណធម៌ សីលធម៌ និងមានអត្ថប្រយោជន៍រុងរឿងទៅថ្ងៃអនាគតរបស់សង្គមបាន។
អ្នកដែលចូលរួមកិច្ចការសង្គមសុទ្ធតែជាអ្នកលះ បង់នូវប្រយោជន៍ផ្ទាល់ខ្លួន និងមានសុឆន្ទៈមិនរើសអើងប្រកបដោយធម៌សន្ដោសមេត្តាករុណាដល់មនុស្សជាតិក្នុងសង្គមដូចគ្នា ឲ្យសមប្រកបជាមួយនិងទិសដៅដែលមនុស្សទាំងឡាយត្រូវការចង់បានគ្រប់ៗគ្នា។ ការចូលរួមកិច្ចការក្នុងសង្គមសុទ្ធតែជាមូលហេតុចង់បង្ហាញនូវភាពសាមគ្គីរវាង គ្នានិងគ្នាដោយមានគោលធម៌ប្រចាំក្នុងខ្លួនគឺ សង្គហធម៌ សង្គមធម៌ សមធម៌ និងសិទ្ធិសេរីភាពសម្រាប់មនុស្សជាតិដែលរស់នៅទូទាំងពិភពលោក មិនថាជាតិសាសន៍ណាក៏ដោយ សុទ្ធតែចង់បាននូវសិទ្ធិសេរីភាពសម្រេចវាសនាខ្លួនដោយខ្លួនឯងនេះដូចគ្នាទាំងអស់។ ជាការពិតណាស់ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាសមា គមក្រៅរដ្ឋាភិបាលមួយដោយមិនប្រកាន់និន្នាការនយោបាយទៅលើគណ បក្សណាមួយឡើយ គឺបង្កើតឡើងដើម្បីប្រមូលផ្ដុំនូវសមណនិស្សិត និងនិស្សិតខ្មែរកម្ពុជាក្រោមដែលកំពុងសិក្សានៅតាមសកលវិទ្យាល័យនានាក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅបរទេស ដើម្បីជាគំនិតអប់រំដល់គ្នាទៅវិញទៅមក និងជួយសម្រួលនូវបញ្ហាផ្សេងៗក្នុងសង្គមរបស់ខ្លួន ធ្វើឲ្យចំណេះដឹងកាន់តែរីកចំរើនតទៅមុខជាមូលដ្ឋានគ្រឹះមួយក្នុងការអភិវឌ្ឍន៍ធន ធានមនុស្សរបស់ស មាគមមួយនេះ។
ជាក់ស្ដែងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមបានចូលរួមពិធីបុណ្យសពញោមស្រីព្រះតេជគុណឧទ្ទេសាចារ្យ ថាច់ ថយ នៅភូមិមេពាំង ឃុំឫស្សីស្រុក ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម។ ការនិមន្ដទៅសួរសុខទុក្ខព្រះតេជគុណ បណ្ឌិត តាំង ណារិន្ទ ដែលមានរោគាពាធសម្រាកព្យាបាលនៅផ្ទះបងស្រីង៉ាក្រោយវត្តទួលសង្កែ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ព្រះប្រធាន សឺន សុផារិន្ទ និមន្ដទៅចូលរួមសិក្ខាសាលាស្ដីពី “សិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោមនៅកម្ពុជា” នៅភោជនីយដ្ឋាន អ័រគីដេរ ផ្លូវ ៥១ កែងផ្លូវ ២០៨ ប៉ាស្ទ័រ។ លុះមកដល់ថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០១៧ ថ្នាក់ដឹកនាំសមាគមនិមន្ដចូលរួមសួរសុខទុក្ខព្រះតេជគុណ បណ្ឌិត តាំង ណារិន្ទ ម្ដងទៀត ដោយព្រះអង្គបានមកសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ។ ការចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារ សពលោកយាយ គឹម សុខ នៅកម្ពុជាក្រោម នាថ្ងៃតី៣ ខែកុម្ភៈ ឆ្នាំ២០១៧។ ការនិមន្ដទៅសួរសុខទុក្ខលោកមា ថេន ដែលសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យទួលគោក នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។ នៅថ្ងៃទី២៦ ខែកមុ្ភៈ ឆ្នាំ២០១៧ ព្រះប្រធាន សឺន សុផារិន្ទ បានឧបត្ថម្ភថវិកាចំនួន $២០០ ដល់ក្រុមយុវជនសហព័ន្ធខ្មែរក្រោមពិភពលោក ដើម្បីចូលរួមប្រជុំនៅក្នុងអង្គការសហប្រជាជាតិ “ស្ដីពីជនជាតិដើម” នៅបូរីញូវយ៉ក ហសរដ្ឋអាមេរិក។ ថ្នាក់ដឹកនាំកំពូល និងសហការី បាននិមន្ដទៅចូលរួមសន្និ បាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៦ និងប្ដូរវេនប្រធានថ្មីលេខាធិការរដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០១៧ នាទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ឋិតនៅសហគមន៍ បូរីព្រៃនគរ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ព្រះប្រធាន សឺន សុផារិន្ទ និមន្ដចូលរួមសិក្ខាសាលា ស្ដីអំពី កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ក្រោមប្រធានបទ “ខ្មែរក្រោម ដើម្បីសន្ដិភាព” នាទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ឋិតនៅសហគមន៍ បូរីព្រៃនគរ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ភិក្ខុ ថាច់ ស្នាល ជាហេរញ្ញិក បានប្រគេនបច្ច័យចំនួន $២០ ចូលរួមជាមួយព្រះសង្ឃគង់ក្នុងកុដិ១៧ វត្តបទុមវតី រាជធានីភ្នំពេញ ជួយឧបត្ថម្ភដល់លោកតា សាង ដែលមានរោគាពាធ នៅខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ការចូលរួមបុណ្យផ្កាប្រាក់នៅកុដិ១៣ វត្តមហាមន្ដ្រី ដើម្បីរួបរួមបច្ច័យកសាងកុដិ១៣ឡើងវិញ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ គណៈកម្មការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដឹកនាំដោយព្រះតេជគុណ យឿន សុខយ៉ឹង ជាអគ្គលេខាធិការ បានចូលរួមជាមួយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកំពង់ស្ពាន បង្សុកូល ប្រគេនព្រះវិញ្ញាណក្ខន្ធ ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ អតីតព្រះអនុគណរងខេត្តនិងជាប្រធានសមាគមស្រុកកំពង់ស្ពាន និងជាព្រះចៅអធិការ នាវត្តសង្វរថ្មមាស អូរទទឹង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម។ ព្រះប្រធាន សឺន សុផារិន្ទ និមន្ដចូលរួមប្រជុំនៅលេខាធិការរដ្ឋាន នៃអង្គការ សមាគម ខ្មែរកម្ពុជាក្រោម “ស្ដីអំពី ការវិវាទរវាងជនជាតិយួននិងព្រះសង្ឃខ្មែរក្រោម រឿងដីវត្តមុនីរង្សីមេពាំង” ស្រុកកំពង់ស្ពាន ខេត្តព្រះត្រ ពាំង កម្ពុជាក្រោម ស្ថិតនៅបូរីព្រៃនគរ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៧ គណៈកម្មការនិងសមាជិក និមន្ដចូលរួមចាប់មគ្គផលបុណ្យឆ្លងមហាចេតិយ នៅវត្តសាមគ្គីរង្សី ភូមិទ្រា សង្កាត់បឹងក្រពើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការចូលរួមសួរសុខទុក្ខលោកបណ្ឌិត មាស សាវឿន ជួបគ្រោះថ្នាក់ចរាចរ និងញោម តេង គាត់ឈឺដែលសម្រាក់ព្យាបាលនៅមន្ទីរពេទ្យកេតុមា លា ភ្នំពេញ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧។ ថ្ងៃទី៧ និងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ព្រះតេជគុណ ត្រឹង ដង អនុប្រធានទី១ និងថ្នាក់ដឹកនាំសមាគមបាននិមន្ដចូលរួមប្រជុំ ស្ដីពីការប្រារព្ធទិវាអភព្វគំរប់៦៨ឆ្នាំដែលបារាំងប្រគល់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យទៅយួនត្រួតត្រាដោយប្រជាពល រដ្ឋខ្មែរក្រោមទាំងអស់អត់បានដឹងឮពីរឿងនេះឡើយ នៅទីស្នាក់ការអង្គការសហគមន៍ខ្មែរកម្ពុជាក្រោម ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជាងនេះទៅទៀត សមណនិស្សិតខ្មែរកម្ពុជាក្រោមនាបច្ចុប្បន្ននេះ បានរៀនសូត្រខ្ពង់ខ្ពស់ ចេះដឹងគ្រប់គ្រាន់ហើយក៏បានត្រឡប់ទៅស្រុកកំណើតវិញ អង្គខ្លះក៏បានសឹកចេញជាគ្រហស្ថទៅប្រកបអាជីពតាមជំនាញដែលខ្លួនខំប្រឹងសិក្សាមក ហើយ អង្គខ្លះទៀតក៏នៅជួយវត្តវាអារាម និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ទូន្មាន ពីក្រមសីលធម៌ គុណតម្លៃនៃព្រះពុទ្ធសាសនាដល់ពុទ្ធបរិស័ទទូទៅមិនថាក្មេងឬចាស់នោះទេ ឲ្យក្លាយជាមនុស្សល្អក្នុងសង្គម ដឹងខុសដឹងត្រូវ ដើម្បីឲ្យសង្គមមនុស្សបោះចោលនូវចរិតខិលខូច នូវទង្វើអាក្រក់មានដូចជា ធ្វើចោរឆក់ប្លន់ លួចជួញដូរគ្រឿងញៀន ប្រើប្រាស់គ្រឿងញៀន ជាមនុស្សដែលសង្គមស្អប់ខ្ពើម ឲ្យប្រែក្លាយជាមនុស្សម្នាក់ចេះកែប្រែខិតខំភ្ញាក់រឭកដោយខ្លួនឯង គេចចេញពីអំពើអបាយមុខទាំងអស់នោះ ហើយខំប្រព្រឹត្តអំពើល្អ។ មិនត្រឹមតែប៉ុណ្ណោះសមណនិស្សិត ក៏ជាអ្នកចលនាដ៏មានប្រសិទ្ធភាព ព្រោះថាប្រជាពលរដ្ឋភាគច្រើនមានជំនឿលើពុទ្ធសាសនា៩៥% ដូច្នេះយុទ្ធសាស្ដ្រដែលសមណនិស្សិតបានធ្វើ គឺមានឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះសង្គមជាតិ។ ពេលដែលសង្គមវឹកវរ សមណនិស្សិតបានចេញមុខដោះស្រាយ តាមរយៈការអប់រំពុទ្ធសាសនាផ្សេងៗក្នុងគោលបំណងឲ្យសង្គមជាតិបានសុខសាន្ដ។
ក្រៅពីនេះសមណនិស្សិតបានខិតខំថែរក្សានូវមរ តកវប្បធម៌ដ៏ប្រពៃពីបុរាណ ដែលបុព្វបុរសលោក ខិតខំបន្សល់ទុក មិនឲ្យបាត់បង់ទៅតាមសម័យទំនើបបច្ចេកវិទ្យាឡើយ។ ការខិតខំថែរក្សាប្រពៃ ណី ទំនៀមទម្លាប់ ព្រមទាំងផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណីល្អៗទៅលើពិភពលោក កត្ដាទាំងនេះ បណ្ដាលឲ្យសមណនិស្សិតបង្កើតនូវមនសិការជាតិ យ៉ាងខ្លាំង ដោយការឈឺឆ្អាលក្នុងសង្គមជាតិ ក៏ដូចសាសនា បានជាលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីយកសង្គមជាតិរួមជាធំ។
បច្ចុប្បន្នយើងដឹងហើយថា មានមនុស្សមួយក្រុមតូចបានដើរពង្វក់បំពុលសង្គមឲ្យមនុស្សងប់ងុលលែងដឹងខុសត្រូវ សូម្បីតែគុណពុកម្ដាយរបស់ខ្លួនបង្កើតក៏លែងស្គាល់ដែរ ដូច្នេះសមណនិស្សិតមានតួនាទីដ៏សំខាន់ដើរអប់រំប្រជាពលរដ្ឋកុំឲ្យជឿទៅលើមនុស្សមួយក្រុមនោះ ហើយចូលរួមកាត់បន្ថយបញ្ហាដែលធ្វើឲ្យសង្គមឈឺក្បាល ឲ្យក្លាយជាសង្គមដ៏ល្អ សង្គមសន្ដិភាព គ្មានភាពវឹកវរ គ្មានការកាប់សម្លាប់ គ្មានការលួច ឆក់ ប្លន់ មនុស្សមើលគ្នាក្នុងគោលបំណងល្អ ចេះសាមគ្គីគ្នា រាប់អានគ្នា ស្រឡាញ់គ្នា ចាត់ទុកគ្នាជាបងប្អូន ជាមិត្ត ហើយរួបរួមគ្នាកសាងសង្គមជាតិមាតុភូមិរបស់យើងឲ្យរីកចំរើនទៅមុខដូចអរិយៈប្រទេសក្នុងសកលលោក៕ ដោយ៖ UKKBS