សង្គមខ្លា

យើងដឹងហើយថាចរិតសត្វខ្លា                      វាតែងប្រហារគ្មានអ្វីស្រណោះ

តែងចាប់ចំណីឥតមានចន្លោះ                        ឱ្យតែជាឈ្មោះអាហារវាស៊ី។

មិនថាសត្វធំឬមួយតូចតាច                          ខ្លាប្រើអំណាចឥតត្រាប្រណី

ពេលបានប្រទះគឺវាខាំស៊ី                               យកធ្វើចំណីឱ្យបានសប្បាយ។

ខ្លាតែងសម្លាប់មិនរើសមុខទេ                        បាកូនឬមេគ្មានអ្វីអាល័យ

វាលោតសម្លាប់លុះត្រាក្សិណក្ស័យ              ទោះបីជិតឆ្ងាយក៏វាមិនថា។

ក្តានឈ្លូសជ្រូកចៀមទន្សាយគោព្រៃ          តែងតែភិតភ័យជីវិតមរណា

រស់នៅក្នុងព្រៃជីវិតខ្លោចផ្សា                        គួរឱ្យអនិច្ចាកម្មបានកំណត់។

មិនខុសអ្វីពីសង្គមមនុស្សដែរ                       នៅក្នុងស្រុកខ្មែររស់សែនកំសត់

សិទ្ធិច្បាប់អំណាចស្ថិតនៅលើមាត់               កត់ត្រាកំណត់តាមតែគេថា។

ពេលខ្លួនស្ថិតនៅក្នុងសិទ្ធិអំណាច                នាំឱ្យគេខ្លាចកោតក្រែងរូបា

អាចហាស្តីសម្រេចគ្រប់កិច្ចការ                    ក្នុងនាមអាងថាអញជាអ្នកខ្លាំង។

អ្នកក្រោមតូចតាចរស់រងវេទនា                     ទោះមានបញ្ជាមិនហ៊ានតតាំង

ព្រោះតែច្បាប់នោះវាមានរបាំង                     គេឃាត់គេឃាំងស្រេចតែរូបគេ។

រស់នៅបែបនេះមិនខុសគ្នាណា                    ក្នុងសង្គមខ្លាប៉ុន្មាននោះទេ

អ្នកមានអំណាចគ្របមិនឱ្យរេ                       គ្មានខុសគ្នាទេសង្គមនេះណា។

ជនតូចតាចមិនដឹងទៅពឹងអ្វី                          នៅក្នុងលោកិយពិតមិនមេត្តា

រស់នៅដូចក្នុងសង្គមសត្វខ្លា                         រស់តែងរអារខ្លាចសឹងរាល់ថ្ងៃ។

យើងខុសឬត្រូវមិនដែលចចារ                     រំលោភប្រហារបាញ់ឱ្យក្សិណក្ស័យ

នេះជាសង្គមដែលចិត្តអប្រីយ                       មិនមានប្លែកអ្វីពីសង្គមខ្លា។

រស់សែនអស់សង្ឃឹម ណាស់រូបខ្ញុំ                 ដែលមានសង្គមរស់ព្រោះអំណាច

ប្រជាជនរស់ទាំងក្តីខ្លបខ្លាច                            តើយើងនឹងអាចរស់ដល់ពេលណា?។

ដោយៈ ភិក្ខុ ឥន្ទជោតោ

 

 

Leave a Reply

Your email address will not be published.