ថ្ងៃនេះអ្នកលះបង់ដោយត្រូវវិនិយោគពេលវេលា និងប្រាក់កាស ចំណែកឯអ្នកមានប្រាក់គេសប្បាយនឹងការចំណាយប្រាក់របស់គេ។ ថ្ងៃស្អែក អ្នកវិនិយោគនឹងសប្បាយម្តងជាមួយនឹងពេលវេលា និងប្រាក់កាសរបស់គេដែលវិនិយោគបាន ចំណែកឯអ្នកចាយនឹងត្រូវធ្វើការវិញ ម្តង។ ប្រសិនបើអ្នកទិញផ្ទះមួយថ្ងៃនេះដោយត្រូវទូទាត់សងបន្តិចម្តងៗ អ្នកអាចនឹងត្រូវធ្វើការពីរមុខដើម្បីបានប្រាក់ទូទាត់សងថ្លៃផ្ទះនោះ ប៉ុន្តែអ្នកអាចក្លាយជាម្ចាស់ផ្ទះមួយយ៉ាងពិតប្រាកដក្នុងរយៈពេលកំណត់មួយដោយគ្មានជាប់បំណុលប្រហែល៥ឆ្នាំ ឬយូរជាងនេះបន្តិចតែប៉ុណ្ណោះ។ ប្រសិនបើអ្នកលះបង់ពេលវេលាទស្សនាទូរទស្សន៍ប្រចាំថ្ងៃរបស់អ្នកក្នុងពេលបច្ចុប្បន្ន ហើយយកពេលវេលានោះមកសិក្សាអ្នកនឹងទទួលបាននូវវិញ្ញាប័នប័ត្រថ្នាកឧត្តមសិក្សាមួយនៅ៤ឆ្នាំក្រោយ ឬខ្លីជាងនេះ។ ប្រសិនបើអ្នកចូលសាលាហាត់វិជ្ជាគុណថ្ងៃនេះ អ្នកទទួលភាពឈឺចាប់ជារៀងរាល់ថ្ងៃ តែអ្នកនឹងទទួលបានខ្សែក្រវ៉ាត់ខ្មៅមួយក្នុងរយៈពេល៤ឆ្នាំ ឬខ្លីជាងនេះ។ ដូចនេះ ចូរវិនិយោគក្នុងខ្លួនរបស់អ្នកឥឡូវនេះ។
អ្នកមានទ្រព្យធនមួយចំនួនធំសន្សំប្រាក់ចំណូលរបស់គេប្រមាណជាពី១៥% ទៅ២០%។ ចូរវិនិយោគលើវិស័យអ្វីដែលអ្នកមានជំនាញ។ បើសិនជាអ្នកមានជំនាញខាងកុំព្យូទ័រ ចូរបើកហាងលក់កុំព្យូទ័រ។ បើសិនជាអ្នកលក់រថយន្ត ចូរបើកការ៉ាស់ជួសជុលរថយន្ត។ ចូរចាំថា ពេលវេលាជាមាសប្រាក់ និងជាជីវិតតែម្តង។ បើសិនជាមានមាសប្រាក់ខ្លះនៅថ្ងៃនេះហើយ ធ្វើយ៉ាងណាឱ្យមាសប្រាក់នោះកើនតម្លៃនៅថ្ងៃស្អែក។ ចាប់ផ្តើមវិនិយោគកាន់តែឆាប់កាន់តែប្រសើរ។ វិនិយោគលើអ្វីដែលកើនតម្លៃនៅក្នុងពេលអនាគតប្រសើរជាងចំណាយទៅលើអ្វីដែលធ្លាក់តម្លៃ។ គោលដៅចម្បងមួយក្នុងចំណោមគោលដៅចម្បងៗទាំងឡាយនេះ គឺធានា ឱ្យទទួលបាន “សុភមង្គល” ក្នុងពេលអនាគត ជាពីសេស គឺនៅពេលដែលអ្នកចូលនិវត្តន៍។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៥៥ ដោយៈ ជុំ សមវាសនា)