*ស្រណោះកោះត្រល់យល់ដាច់សង្វែង
កណ្ដោចកណ្ដែងកណ្ដាលជលសា
ដីកោះល្វឹងល្វើយគ្របដោយរុក្ខា
កោះត្រល់ខេមរារមណីយដ្ឋាន។
*ឥឡូវកោះត្រល់យល់អស់សង្ឈឹម
ឃ្លាតកាយឆ្ងាយមុំឆ្នេរបែបកល្យាណ
រលកបោកផ្ដាច់ស្នេហ៍ទាំងពីរប្រាណ
រលកសាម៉ានរុញច្រានវាសនា។
*កោះត្រល់ឆ្ងាយឆ្នេរគេប្រែឈ្មោះថ្មី
កើតទុក្ខរីងរៃស្ទើក្ស័យសង្ខារ
កោះត្រល់ដីមាសសម្បត្តិខេមរា
លាគូរវាសនាឆ្នេរកែបម្ចាស់ស្នេហ៍។
*កោះត្រល់ទេសភាពមានច្រើនអនេក
នឹកគួរសង្វេគក្នុងចិត្តឥតល្ហែ
ខ្ញុំចាំជានិច្ចមិនដែលភ្លេចទេ
សម្បត្តិដីកេរ្តិ៍ខ្មែរពីដូនតា។
ដោយៈ ថាច់ តៀង