លាម៉ែមករៀន

លាម៉ែមករៀន           កូនលាទៅឆ្ងាយ         ឱ!ឱ! អ្នកម្តាយ           កុំនឹកកូនអី។

ក្នុងមួយជីវិត               ត្រូវតែឃ្មាតខ្មី             សមម្តាយប្រណី         ផ្តល់ក្តីមេត្តា។

ពេលនេះរូបខ្ញុំ             ត្រូវតែប្តេជ្ញា                បន្តសិក្សា                    ទីក្រុងភ្នំពេញ។

មកដល់ទីក្រុង            ចិត្តសែនទោម្នេញ     ព្រោះក្រុងភ្នំពេញ      សែនប្លែកអស្ចារ្យ។

មិនធ្លាប់ជួបសោះ       ប្រាសាទខេមរា           អមនឹងសួនច្បារ         រចនាឥតខ្ចោះ។

មានកង់ស៊ីក្លូ               មានឡានចំរុះ              មនុស្សម្នាទាំងអស់់     ស្រស់ស្អាតសោភា។

មើលទៅថ្កើងថ្កាន      ប្រៀបដូចសួគ៌ា          ច្រើនឥតគណនា        ទីក្រុងខេមរា។

រាត្រីចូលដល់             ខ្ញុំឆ្ងល់ម្លេះណា            ភ្លើងរីកដូចផ្កា             បុប្ផាក្រពុំ។

មានទាំងផ្លូវតូច           មានទាំងផ្លូវធំ              ធ្វើឱ្យចិត្តខ្ញុំ                  សប្បាយរីករាយ។

នៅក្នុងភ្នំពេញ           រស់នៅសព្វថ្ងៃ           ឥតមានជិនណាយ     បានយល់សម្ផស្ស។

អាក្រក់ឬល្អ                ខ្ញុំដឹងទាំងអស់             ព្រមទាំងដឹងឈ្មោះ    ទីក្រុងខេមរា។

ច្រើនថ្ងៃមកហើយ     សៅហ្មងចិន្តា             ព្រោះការសិក្សា          លំបាកពេកក្រៃ។

មានការខ្វះខាត           ជីវភាពរាល់ថ្ងៃ           ឱ្យខ្ញុំពឹងអ្វី                    ខ្ញុំក្រទទេ។

ចង់រៀនភាសា           ជាមួយនិងគេ             បារាំងអង់គ្លេស          ជប៉ុនឆៃណា។

រៀនលេខអក្សរ          រៀនគ្រប់ភាសា          ដែលគេត្រូវការ          គ្រប់ពេលទាំងអស់។

តែគួរអនិច្ចា                គួរឱ្យស្រណោះ          ខ្ញុំគ្មានលុយសោះ       ត្រូវពឹងនរណា។

បើខ្ញុំចង់រៀន              ត្រូវមានដុល្លារ            បង់ការសិក្សា               ប្តូរយកវិជ្ជា។

ពិបាកណាស់ខ្ញុំ           ទុក្ខធំមហិមា               ចង់ក្រេបវិជ្ជា               តែបែរជាអត់។

អាណិតខ្លួនណាស់     ព្រោះតែក្រខ្សត់          វិជ្ជាស្ទើរអត់                កំសត់អនេក។

រៀនបានតិចតួច        ស្តួចស្តើងពន់ពេក     ដូចផ្កាយលើមេឃ        ឈោងចាប់មិនបាន។

ការងារជ្រៅរាក់          មិនអាចប្រមាណ        ថាខ្លួនអាចបាន           ដឹងយល់ឬទេ?។

ណាមួយព្រួយចិត្ត      គិតគ្រប់នាទី                ព្យាយាមសំភី            ដើម្បីជីវិត។

ទោះបីមានក្រ              ខ្ញុំត្រូវតែគិត                រស់មួយជីវិត              ពិតជាមានន័យ។

ណាមួយខ្វះខាត         សព្វគ្រប់អ្វីៗ               ខំរៀនសព្វថ្ងៃ            ត្បិតតែគំនិត។

ចេះតែទ្រាំទៅ              ខ្លួនមកឆ្ងាយពិត         ផ្សងតាមជីវិត             ស្ថិតក្នុងសិក្សា។

ដោយៈ ភិក្ខុ ឥន្ទជោតោ ដកស្រង់ចេញពី (កម្រងកំណាព្យអមតៈ)

 

 

Leave a Reply

Your email address will not be published.