រឿងបុរសជនបទស្វែងរកការងារធ្វើ

 

បុរសជនបទម្នាក់ ស្ពាយបង្វិចឥវ៉ាន់មួយកញ្ចប់មករកការងារធ្វើនៅទីក្រុង។ ដោយសារចំណេះដឹងទាប មិនដឹងរកការងារអ្វីធ្វើបាន គាត់ក៏បានទៅសុំផ្ទះអ្នកមានម្នាក់ធ្វើការ ធ្វើជាអ្នកថែសួនបានប្រាក់ខែតិចតួចតែបានកន្លែងស្នាក់នៅ និងមានអាហារហូបគ្រាប់គ្រាន់។ គាត់ធ្វើជិតមួយខែហើយ តែថៅកែរបស់គាត់ហាក់ដូចជា មិនរវីរវល់ និងយកចិត្តទុកដាក់ចំពោះគាត់សោះថៅកែនោះមិនសូវនិយាយរកគាត់ទេ គ្រាន់តែញញឹមពេលដើរចេញពីផ្ទះទៅធ្វើការមកពីធ្វើការចូលផ្ទះដែលរឿងនេះកើតឡើងមិនត្រឹមតែចំពោះគាត់ទេ អ្នកបម្រើផ្សេងទៀតក៏ដូចគ្នាដែរ គឺគាត់មិនសូវអើពើនឹងអ្នកបម្រើឡើង។ អ្នកដែលគាត់អើ ពើគឺ កូនស្រីរបស់គាត់ និងកូនឆ្កែ១ក្បាលដែលនៅផ្ទះនោះ។ គាត់គិតថា កូនស្រីរបស់គាត់ជាសាច់ឈាមរបស់គាត់ ទើបគាត់ស្រឡាញ់។ ចុះកូន ឆ្កែនោះវិញជាប់សាច់ឈាមអ្វីដែរ ហេតុអ្វីបានជាថៅកែស្រឡាញ់វាខ្លាំងម្ល៉េះ? វាជាសត្វសោះ វាអាចធ្វើឲ្យថៅកែស្រឡាញ់វាបាន ចុះខ្ញុំជាមនុស្ស? គាត់គិតរកមូលហេតុនៃសេចក្តីស្រឡាញ់របស់ចៅហ្វាយនាយខ្លួន។ មានថ្ងៃមួយគាត់ក៏បានដឹងពីមូលហេតុនៃការស្រឡាញ់នោះ គឺភាពរួសរាយរាក់ទាក់របស់កូនឆ្កែនេះ។ រៀងរាល់ពេលដែលថៅកែចេញពីធ្វើការមកផ្ទះ គ្រាន់តែឮសម្លេងស៊ីភ្លេឡានកូនឆ្កែរត់ទៅទទួលដោយឈរបក់កន្ទុយរត់តាមក្រោយឡាន រួចមកចាំនៅមាត់ទ្វារឡាន ពេលថៅកែចុះ វាលិឍដៃលិឍជើងលោតកន្រ្តោង ដាក់ម្ចាស់វា រួចនាំម្ចាស់វាចូលទៅក្នុងផ្ទះ ពេលថៅកែអង្គុយលើសាឡុង វាអង្គុយមើលមុខថៅកែរួចបក់កន្ទុយដាក់ថៅកែ និងញញឹមដាក់ថៅកែ ប្រលែងជាមួយថៅកែពេលទំនេរ។ មិនមែនតែថៅកែមួយទេ ដែលស្រលាញ់វាមនុស្សទាំងអស់នៅក្នុងផ្ទះសុទ្ធតែចូលចិត្តវា ស្រឡាញ់វាគ្រប់គ្នា។

បុរសនោះគាត់គិតថា “ចាប់ពីថ្ងៃនេះទៅ គាត់នឹងធ្វើឲ្យមនុស្សចូលចិត្តគាត់ដែរ គាត់នឹងធ្វើតាមកូនឆ្កែនេះ”។ ចាប់ពីពេលនោះមក នៅពេលដែលថៅកែមកពីធ្វើការគាត់រត់ទៅបើកទ្វាររបង រួចប្រញាប់មកបើកទ្វារឡានជូនថៅកែ គាត់រាក់ ទាក់ញញឹម សួស្តីទៅកាន់ថៅកែ ជួយយួរឥវ៉ាន់ថៅកែជួយនាំផ្លូវ បើកទ្វារផ្ទះជូនថៅកែ (រាល់ៗដងពេលថៅកែមកដល់ គាត់មិនដែលទៅកើកទ្វាររបងផង) ឈរមើលថៅកែទង្វើរបស់បុរសនោះបានធ្វើឲ្យថៅកែឆ្ងល់ជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ គាត់ដឹងថា ថៅកែចូកចិត្តកូនឆ្កែគាត់តែងដុសលាងងួតទឹក បាញ់ទឹកអបឲ្យកូនឆ្កែស្ទើររាល់ថ្ងៃ ដើម្បីធ្វើឲ្យថៅកែរឹតតែចូលចិត្តកូនឆ្កែ ។ មិនយូរប៉ុន្មាន ថៅកែក៏ចូលចិត្តគាត់ចាប់ផ្តើមស្រឡាញ់គាត់សួររកគាត់មិនដាច់ពីមាត់ ហើយបានឲ្យគាត់ឈប់ ធ្វើជាអ្នកថែសួនទៅជាអ្នកបើកឡាន និងឲ្យទៅធ្វើការ។ នៅកន្លែងធ្វើការគាត់តែងរក្សានូវឥរិយាបថរបស់គាត់ជាប់ជានិច្ច ដើម្បីធ្វើឲ្យមនុស្ស ចូលចិត្តគាត់ បុគ្គលិកនៅក្នុងក្រុមហ៊ុនក៏ចូលចិត្តគាត់ គាត់ក៏បានរៀនសូត្រការងារពីបុគ្គលិកនោះ ថៅកែចេះតែណែនាំគាត់ពីការងារខ្លះៗរហូតដល់គាត់ក្លាយជាអ្នកជំនួសដៃជើងថៅ- កែ គឺជាជំនួយការរបស់ថៅកែតែម្តងរហូតអាចមើលការខុសត្រូវ ជំនួសថៅកែបាន។  ក្នុងរយៈពេល២ ឆ្នាំ គាត់បាន ក្លាយជាអ្នកមានចំណេះដឹង និងធ្វើការងារធំម្នាក់នៅក្នុងរោងចក្រក្រដាសនៅប្រទេសអេស្ប៉ាញ ចុងក្រោយថៅកែក៏លើកកូនក្រមុំឲ្យគាត់ធ្វើជាភរិយាទៀតផង។

ដូច្នេះមនុស្សយើងមិនថាមានឬមួយក្រឡើយឱ្យតែចេះគោរពនូវតួនាទីរបស់ខ្លួនឯង និងចេះគោរពកោតក្រែងដល់បុគ្គលជាអ្នកមានតួនាទីមើលការខុសត្រូវក្នុងកិច្ចការណាមួយ។ ហើយការគោរពនេះសោតមិនមែនជាការទៅអែបអបឱឱបក្រសោប ដើម្បីឱ្យខ្លួនថោកទាបនោះទេ គឺជាការប្រព្រឹត្តទៅនូវសេចក្តីគោរពកោតក្រែង និងរាប់អានដ៏ស្មោះស្ម័គ្រ និងគោរពនូវការងាររបស់ខ្លួនដោយមិនប្រកាន់ ឬទម្រើសខ្លួន ប្រកាន់នូវ ការងារ។ ជាពិសេសយើងមិនបានស្វែងយល់នូវគំនិតអ្នកនៅជំវិញខ្លួនយើង ថាតើគេកំពុងត្រូវការអ្វី ហើយយើងក៏បានទទួលនូវអារម្មណ៍ដែលជាតម្រូវការរបស់បុគ្គលនោះៗទៀតផង ពីព្រោះថា  មនុស្សប្រសិនបើចេះឱ្យតម្លៃដល់ដទៃ គេក៏រមែងឱ្យតម្លៃនោះដល់យើងផងដែរ។ បើយើងមានឥរិយាបថបុគ្គលិកលក្ខណៈត្រឹមត្រូវ ហើយចង់ឲ្យមនុស្សស្រឡាញ់ចូលចិត្តយើងនោះ គឺយើងកុំរង់ចាំឲ្យគេមកធ្វើចំពោះយើង យើងត្រូវធ្វើចំពោះគេមុន។ បើយើងរង់ចាំទទួលស្វាគមន៏ពីអ្នកដទៃ ប្រហែលជាយើងមិនមានមិត្តភក្តិ ឬមនុស្សចូលចិត្តឡើយ។ កុំរង់ចាំត្រូវចេះធ្វើដើម្បីឲ្យគេចាប់អារម្មណ៍ដល់យើង ទើបប្រសើរ។

ចូរកុំរង់ចាំតែការចាប់អារម្មណ៍ពីអ្នកដទៃ ប៉ុន្តែអ្នកគួរតែធ្វើនៅអ្វីមួយ ដើម្បីទាញការចាប់អារម្មណ៍ពីអ្នកដទៃវិញទើបប្រសើរ។ ដូចជាក្នុងការលក់ដូរដែរ គឺគ្មានទំនិញណាដែលមិនត្រូវបានអ្នកទិញចាប់អារម្មណ៍ទេ មានតែអ្នកលក់មិនទាន់បានធ្វើឲ្យអ្នកទិញចាប់អារម្មណ៍ប៉ុណ្ណោះ! ចង់លក់ផលិតផលមួយឲ្យដាច់វាមិនលំបាកទេ តែការណ៍ដែលលំបាកត្រង់ថា “តើអ្នកលក់មានឆន្ទៈក្នុងការលក់ដែរឬអត់”។  ពីព្រោះថា នៅក្នុងសង្គមនីមួយៗគ្មានអ្វីដែលកើតឡើងឯងដោយមិន មានការខិតខំប្រឹងប្រែងនោះទេ  ទាល់តែយើងមានសេចក្តីព្យាយាមក្នុងកិច្ចការណា ដែលយើងចង់ធ្វើ ហើយមិនបោះបង់ការព្យាយាមចោលទេ ទើបការងារនោះសម្រេចសមតាមគោលបំណង។ ប៉ុន្តែបើយើងមានសេចក្តីសម្រេចធ្វើកិច្ចការណា មួយ ហើយយើងខ្វះការព្យាយាម និងសេចក្តីទុកចិត្តរបស់ខ្លួន រួចបោះបង់ការងារនោះចោល  ក៏យើងមិនអាចទទួលបានជោគជ័យដែរ។

ដោយៈ ភិក្ខុ ឥន្ទជោតោ

 

 

Leave a Reply

Your email address will not be published.