រឿងដង្កូវនិងក្អែក

មាននិទានមួយតំណាលថា សត្វដង្កូវកំពុងស៊ីស្លឹកឈើ ស្រាប់តែមានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវ។ ក្អែកថា អៃយ៉ា! ពេលនេះមានលាភបានដង្កូវស៊ីហើយវើយ ថារួចសត្វក្អែក ក៏ហើរទៅជិតដង្កូវ។ ដង្កូវក្រឡេកឃើញក្អែកក៏នឹកថា ខ្លួនអាក្អែកនេះ ចិត្តឃោរឃៅណាស់ វានឹងចឹកអញស៊ីឥឡូវហើយ ដង្កូវសួរក្អែកថា មករកអ្វី? ក្អែកប្រាប់ទៅដង្កូវវិញថា អញមកស៊ីដង្កូវឯង។ ដង្កូវថា លុះត្រាតែឯងរកប្រស្នាយើងឃើញ ទើបស៊ីយើងបាន បើរកប្រស្នាយើងមិនឃើញមិនអាចស៊ីយើងបានទេ។ ដង្កូវសួរថា​៖    ១. ដូចម្តេចដែលហៅថាផ្អែមជាងគេបំផុត?​

២. ដូចម្តេចដែលហៅថាជូរចត់ជាងគេបំផុត?

៣. ដូចម្តេចដែលហៅថាស្អុយជាងគេបំផុត?

៤. ដូចម្តេចដែលហៅថាក្រអូបជាងគេបំផុត?

កាលបើក្អែកបានឮដង្កូវសួរប្រស្នាទាំង ៤ បែបនេះហើយ មានសេចក្តីត្រេកអរជាទីបំផុត   ក៏ស្រែកហ៊ោកញ្រ្ជៀវដោយគិតថា ប្រស្នាដង្កូវទាំង ៤ បែបនេះអញមុខជារកឃើញឥឡូវ ហើយនឹងបានស៊ីដង្កូវនេះមិនខាន ទើបក្អែកឆ្លើយដោះស្រាយប្រស្នាដូចតទៅនេះ

១. ដែលហៅថាផ្អែមនោះ គឺមានស្ករ និងទឹកឃ្មុំផ្អែមជាងគេទាំងពួង។

២. ដែលហៅថាជូរចត់នោះ គឺមានដូចជាម្ជូរក្រូចឆ្មារ អម្ពិល ម្ជូរសណ្តាន់ ម្ជូរក្រសាំង និង ទឹកខ្មេះ។

៣. ដែលហៅថាស្អុយជាងគេនោះ គឺអាចម៍ និងគំរង់ខ្មោចសត្វទាំងពួង។

៤. ដែលហៅថាក្រអូបជាងគេនោះ គឺផ្ការំដួល ផ្កាម្លិះ និងទឹកអប់។

ក្អែកបានដោះស្រាយប្រស្នាទាំង៤ប្រភេទនេះប្រាប់ទៅដង្កូវ ដង្កូវថាក្អែកឯងដោះស្រាយ ប្រស្នាមិនត្រូវទេ ក្អែកក៏ដាក់មុខស្រងួតនិយាយទៅដង្កូវវិញថា បើដង្កូវឯងថាខុសសូមដង្កូវប្រាប់ប្រស្នានោះមកយើងឱ្យបានដឹងផង ដង្កូវឆ្លើយថា ប្រាប់បានតែក្អែកឯងកុំស៊ីខ្ញុំទើបខ្ញុំប្រាប់។ ក្អែកថា ឱ្យតែឯងប្រាប់ ខ្ញុំមិនស៊ីឯងទេ លុះបានខសន្យាការព្រមព្រៀងគ្នាយ៉ាងដូច្នេះហើយ ដង្កូវក៏ដោះ ស្រាយប្រស្នាប្រាប់ក្អែកដូចមានពាក្យតទៅនេះ៖   ១. ដែលគេហៅថាផ្អែមនោះមិនមែនស្ករ ទឹកឃ្មុំនោះទេគឺផ្អែមពាក្យសម្ដីដែលនិយាយទៅរកគ្នាដោយពាក្យពីរោះៗស្មោះត្រង់រកគ្នា នេះហើយហៅថាផ្អែមជាទីបំផុត។

២.  ដែលគេហៅថាជូរចត់នោះ មិនមែនជូរចត់អម្ពិល សណ្ដាន់ ក្រូចឆ្មារ ទឹកខ្មេះនោះទេ គឺ ពាក្យឃោរឃៅអត់គួរអត់សមដែលនិយាយទៅកាន់គ្នាទៅវិញទៅមកនេះហើយ ហៅថា ជូរចត់ លើសជូរចត់អ្វីទាំងពួង។

៣.  ដែលគេហៅថាស្អុយនោះមិនមែនស្អុយអាចម៍ ស្អុយគំរង់នោះទេ គឺស្អុយកេរ្ដិ៍ឈ្មោះ ដោយសារប្រព្រិត្តអាក្រក់ក្នុងលោក នេះហើយហៅថាស្អុយច្រាសខ្យល់។

៤.  ដែលគេហៅថាក្រអូបនោះគឺមិនមែនក្រអូបក្លិនផ្កាឬទឹកអប់នោះទេ គឺក្រអូបកេរ្ដិ៍ឈ្មោះ ដែលប្រតិបត្តិល្អនេះហើយ ហៅថាក្រអូបជាងគ្រឿងក្រអូបទាំងពួង។ ក្អែកបានស្ដាប់ប្រស្នានេះហើយ ក៍ឈប់ស៊ីដង្កូវទៅ។

បណ្តាមនុស្សសត្វទាំងឡាយ ដែលមានជីវិតរស់នៅក្នុងសង្គមសព្វថ្ងៃនេះ តែងជួបប្រទះនូវឧបសគ្គផ្សេងៗជាច្រើន មានខ្លះក៏ដោះស្រាយបានដោយល្អស្របទៅតាមកាលៈទេសៈ និងភាពវៃឆ្លាតរបស់ខ្លួន ឯអ្នកខ្លះទៀតក៏មិនអាចដោះស្រាយបានសម្រេចជោគជ័យឡើយ ទោះបីខ្លួនមានការព្យាយាមយ៉ាងណាក៏ដោយ ឬមួយដោយ សារការមិនយកចិត្តទុកដាក់ នឹងមានការប្រមាទចំពោះបញ្ហាទាំងនោះ សូម្បីវាជាឧបសគ្គមួយដ៏តូចក៏ដោយ វាអាចធ្វើឱ្យយើងបរាជ័យបានដែរ។ ព្រោះថាការមើលស្រាលបញ្ហាគឺជាភាពខុសឆ្គងមួយ ដែលមនុស្សបរាជ័យភាគច្រើនតែងតែជួបប្រទះ ដោយសារការមើលស្រាលចំពោះបញ្ហានេះឯង ដែលធ្វើអោយពួកគេបរាជ័យក្នុងការប្រកួតប្រជែង ពីព្រោះខ្មែរតែងនិយាយថាភ្នំមួយខ្ពស់នៅមានភ្នំមួយខ្ពស់ជាងទៀត។ យើងធ្លាប់បានឮនូវរឿងនិទានដែលនិយាយពីទន្សាយ និងខ្យងដែលប្រណាំងគ្នារត់នោះដែរ ដោយការមើលស្រាលនូវគូរប្រកួតនោះ ទន្សាយក៏ចាញ់ខ្យង។ មនុស្សយើងត្រូវតែធ្វើអ្វីមួយដោយប្រុងប្រយ័ត្នជានិច្ចហើយមិនត្រូវមើលស្រាលបញ្ហានោះទេ។ ការដែលប្រាជ្ញាប្រៀបបានទៅ​នឹងឱសថដ៏ស័ក្តិ សិទ្ធិមួយប្រភេទ ដែលវាអាចព្យាបាលយើងនៅពេលដែលយើងជួបបញ្ហា ប្រាជ្ញាមិនសំដៅទៅលើរូបរាងមាឌ ឬក៏ជាព៌ណ៍សម្បុរអ្វីនោះទេ។ ប្រសិនបើ មានប្រាជ្ញាទោះបីជាមានមាឌតូចយ៉ាង ណាក៏ដោយក៏អាចយកឈ្នះបានដែរ គឺកុំឱ្យតែយើងមានការប្រមាទបានហើយ។

ដោយៈ ភិក្ខុ ត្រឹង​ ដង

 

Leave a Reply

Your email address will not be published.