សមិទ្ធិផលធំៗទាំងអស់ គឺសុទ្ធតែបានមកពីការតស៊ូចំពោះការងារលំបាកៗ។ ព្រេងសំណាងនៅជាមួយនឹងការខិតខំប្រឹងប្រែងតស៊ូ។ ប្រសិនបើចាំបាច់ អ្នកគួរត្រៀមខ្លួនតទល់នឹងភាពលំបាកចំពោះការងារដែលកើតមានឡើងមិនថាពេលណាៗឡើយ។ ជួនកាលការងារខ្លះ តំរូវឱ្យមានការតស៊ូយ៉ាងលំបាក ប៉ុន្តែអ្នកចង់ធ្វើការងារដែលងាយៗជាង។ ចូរកុំគេចវេសឱ្យសោះ ចូរទទួលយកការងារលំបាកៗទាំងនោះដោយទឹកចិត្តរីករាយ ព្រោះវាផ្តល់ភាពរីករាយដល់អ្នកពិតមែន។ ចូរប្តេជ្ញាចំពោះខ្លួនឯងថា នឹងទទួលយកការងារលំបាកៗ ហើយត្រូវអរគុណជានិច្ចចំពោះការដែលខ្លួនមិនខ្ជិលច្រអូសនោះ។ មូលហេតុងាយមើលឃើញបំផុត គឺភាពខ្ជិលច្រអូសធ្វើឱ្យការងារគ្រប់មុខពិបាកជានិច្ច។
ចាប់ផ្តើមពីថ្ងៃទីមួយទៅ គឺត្រូវសន្យាខ្លួនឯងថានឹងប្រតបត្តិតាម “គោលការណ៍សកម្ម” ដោយប្រឹងប្រែងធ្វើការងារ និងលះបង់ឱ្យបានច្រើនជាងម្សិលមិញ។ កុំបោកប្រាសខ្លួនឯង ឬព្យាយាមគេចវេសឱ្យសោះ។ ប្រមូលអារម្មណ៍ល្អៗ ដើម្បីទទួលយកសមិទ្ធិផល ដែលអ្នកដទៃពុំងាយទទួលបាន។ ប្រសិនបើអ្នកប្រឹងប្រែងធ្វើការងារ អ្នកពុំមានថ្ងៃជួបនឹងភាពទុរគតឡើយ ។ នៅថ្ងៃណាមួយ អ្នកនឹងឃើញតម្លៃដ៏ឧត្តង្គឧត្តមនៃការខិតខំប្រឹងប្រែងរបស់អ្នកជាមិនខាន ។ អាស្រ័យហេតុនេះ ចូរប្រឹងប្រែងតស៊ូនឹងការងារ ហើយចូរកុំរងចាំព្រេងវាសនាឱ្យសោះ។ ចូរទម្លាប់ខ្លួនធ្វើអ្វីៗប្រកបដោយការតស៊ូឱ្យបានសម្រេច ហើយដែលអ្នកដទៃពុំអាចធ្វើបាន ឬពុំមានបំណងធ្វើ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៤៩ ដោយៈ ជុំ សមវាសនា)