មានគំនិតពិតជាមានកំណើត

(ពាក្យ ៧ ធម្មតា)

ជីវិតត្រូវមានការឆ្លងកាត់          ឧបសគ្គវិបត្ដិគ្រាប់ប្រភេទ
តស៊ូយកឈ្នះទុក្ខវេទន៍             ជាបុព្វហេតុដល់ជីវិត។

​ជីវិតឆ្លងកាត់ការអប់រំ                 ចេះដឹងគួបផ្សំនឹងគំនិត
ទោះបីមិនបានប្រាជ្ញបណ្ឌិត     គង់មានគំនិតប្រឌិតឆ្នៃ។

កំណើតល្អជាព្រោះគំនិត          លកលៃជីវិតឲ្យប្រពៃ
សន្សំរៀនសូត្រប្រចាំថ្ងៃ            កែច្នៃជីវិតផុតកង្វល់។

គំនិតគឺជាធនធាន                      បើគំនិតមានផ្នែកកុសល

គង់តែចម្រើនកើតមានដល់      វឌ្ឍនភោគផលព្រោះបដិបត្តិ។

អ្នកអត់គំនិតគិតមិនចេញ         ប្រាកដពោពេញក្តីវិបត្តិ

បើអត់គំនិតទុកដូចក្រខ្សត់        ជីវភាពអត្តខាត់ដល់ជីវិត។

មានគំនិតពិតមានកំណើត         រកស៊ីបង្កើតការងារសុចរិត
ទ្រព្យកើតមានដោយការប្រព្រឹត្ដ   កើតដោយគំនិតគិតវែងឆ្ងាយ។

អ្នកមានគំនិតពិតជាមាន            ផ្នែកបញ្ញាញាណនិងប្រាជ្ញប្រាយ

គេមានគំនិតមានមធ្យោបាយ    ដោះស្រាយបញ្ហាបានជោគជ័យ។

ដោយៈ ឆេង ឆាយា

 

Leave a Reply

Your email address will not be published.