មហាសន្និបាតសាមញ្ញ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម អាណត្តិទី៥

សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជា-ក្រោម គឺជាសមាគមមួយបានបង្កើតឡើងនៅឆ្នាំ២០០២ ដើម្បីប្រមូលផ្តុំ សមណនិស្សិត និស្សិត  ចែករំលែកនូវចំណេះដឹង និងផ្តលនូវសេចក្តីសុខទុក្ខដល់គ្នា និង គ្នាទៅវិញទៅមក ព្រមទាំងមិនឱ្យមានការបែងចែកដោយប្រការផ្សេងៗ ហើយចេះជួយគ្នាឱ្យមាន សីលធម៌ល្អ ប្រតិបត្តិត្រឹមត្រូវតាមផ្លូវលោក និងផ្លូវធម៌។ សហការជាមួយនិងរដ្ឋា-    ភិបាល អង្គការជាតិ អន្តរជាតិ សមាគម ដើម្បីពង្រីកពង្រឹងវប្បធម៌ អក្សរសាស្ត្រ និងព្រះពុទ្ធ  សាសនា។ គំនិតផ្តួចផ្តើមខាងលើ ជាគោលបំណងដ៏ចំបងរបស់យើងខ្ញុំព្រះករុណាអាត្មាភាព ដែលជាសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាបច្ច័យសម្រាប់ធ្វើជាយានដល់ព្រះសង្ឃ និងបងប្អូនខ្មែរក្រោមតទៅថ្ងៃអនាគត កុំឱ្យអភព្វ ជាពិសេសខ្មែរនៅកម្ពុជាក្រោម ចង់ចេះអក្សរខ្មែរត្រូវតែបួសទើបបានចេះ ហើយគ្មានសាលាពុទ្ធិកមហាវិទ្យាល័យ និងមហាវិទ្យាល័យអក្សរសាស្ត្រទេ មានតែនៅតាមវត្តអារាមទេ ដែលជាថ្នាលសម្រាប់បណ្តុះបណ្តាលបងប្អូនខ្មែរកម្ពុជាក្រោម។ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម គឺមានទស្សនវិស័យ ដើម្បីអភិវឌ្ឍន៍ និង បណ្តុះបណ្តាលនូវធនធានមនុស្ស។

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានធ្វើមហាសន្និបាតសាមញ្ញ ដើម្បីជ្រើសរើសប្រធានថ្មីអាណត្តិទី៥ បានប្រារព្ធឡើងនៅក្នុងសាលាគណរាជធានី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពព្រះតេជព្រះគុណ យ៉ាន់ ថាត់ ព្រះចៅអធិការវត្តសិរីសោភា (អង្គតាម៉ិញ) និងព្រះតេជព្រះគុណ ព្រះសិរីវិសុទ្ធិ ហ៊ូ ឈីវនាថ  ជាព្រះលេខារបស់សម្តេចព្រះមហាសុមេធាធិបតី  នន្ទ ង៉ែត ជាព្រះសង្ឃនាយកនៃព្រះរាជាណាចក្រ-កម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតី និមន្តមកជាតំណាងឱ្យព្រះមេគណរាជធាភ្នំពេញ។ សមាសភាពចូលរួមមាន ព្រះចៅអធិការវត្តអង្គ- តាមិញ ប្រធានសមាគមខ្មែរកម្ពុជាក្រោមនានា និងព្រះប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម រួមជាមួយនិងប្រធានក្រុមប្រឹក្សា-         ភិបាល  គណៈកម្មាធិការ សមាជិក សមាជិកាទាំង-អស់មានប្រមាណ ១០៣ អង្គ/រូប។

មហាសន្និបាតនេះ បានធ្វើឡើងក្នុងការជ្រើសរើសប្រធានថ្មី ពីព្រោះថាសមាគមនេះ   ប្រធានមានអាណត្តិត្រឹមតែ៤ឆ្នាំ ហើយប្រធានមានសិទ្ធិឈរឈ្មោះ បានតែពីរអាណត្តិប៉ុណ្ណោះ ដូច្នេះហើយ អាណត្តិចាស់ក៏បានបញ្ចប់នៅថ្ងៃ     ទី២៥ ខែតុលា ឆ្នាំ២០១៥ ទើបមានការបោះឆ្នោតរកប្រធានថ្មី សម្រាប់អាណត្តិទី៥។ កម្មវិធីនេះបានប្រព្រឹត្តទៅរយៈពេលមួយល្ងាច គឺចាប់ផ្តើមពីម៉ោង ១:៣០ នាទី រហូតដល់ម៉ោង៥:០០នាទី។ បម្រើកម្មវិធីដោយព្រះតេជព្រះគុណ ថាច់ ចន្ទសុធីរ៍, បើកកិច្ចស្វាគមន៍ភ្ញៀវកិត្តិយស ដោយលោកគ្រូ សឺន សែត។ ព្រះប្រធាន យឿង តារា បានធ្វើរបាយការណ៍សង្ខេប នូវសមិទ្ធផល ដែលសម្ព័ន្ធបានធ្វើរយៈពេល៤ឆ្នាំកន្លងមកនេះ និងបានប្រកាសលាលែងរបស់គណៈកម្មាធិការចាស់ ដោយព្រះប្រធាន។

កម្មវិធី ក៏បានប្រព្រឹត្តទៅជាលំដាប់លំ ដោយទៅតាមរបៀបវារៈ ដែលបានរៀបចំ ទុក។

ហើយក្នុងអាណត្តិថ្មីនេះដែរ បេក្ខជនដែលបានមកចុះឈ្មោះ ដើម្បីឈរឈ្មោះឱ្យគេបោះឆ្នោតជាប្រធាន នៃសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម មាន៧ អង្គ/រូបគឺ មានឈ្មោះ នៅក្នុងសន្លឹកឆ្នោត់មានដូចខាងក្រោម ៖

បន្ទាប់ពីអានជីវប្រវត្តិបេក្ខជនសង្ខេប ដោយលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោតគឺ លោក សា ម៉ោរា ចប់ បេក្ខជនថ្មីក៏បានឡើងប្រកាសឃោសនារកសម្លេងឆ្នោតរៀងៗខ្លួន លុះចប់សព្វគ្រប់ហើយ គណៈកម្មាធិការបោះឆ្នោតក៏បានចាប់ផ្តើមហៅឈ្មោះអ្នកបោះឆ្នោត ជាបន្តបន្ទាប់រហូតដល់ចប់។ នៅពេលបើកហឹបឆ្នោតរាប់សន្លឹកឆ្នោត ដោយគណៈកម្មាធិការចប់សព្វគ្រប់ហើយ លទ្ធផលក៏បានបញ្ជាក់ ឱ្យឃើញថា ភិក្ខុ សឺន សុផារិន្ទ ទទួលបានសម្លេងគាំទ្រទៅដល់ ៥៧ សម្លេងត្រូវបានជាប់ជាប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមអាណត្តិទី៥នេះ។

បន្ទាប់មកទៀតព្រះសិរីវិសុទ្ធិ ហ៊ូ ឈីវ នាថ  ជាព្រះលេខារបស់សម្តេចព្រះមហាសុមេធា ធិបតី នន្ទ ង៉ែត ជាព្រះសង្ឃនាយកនៃព្រះរាជា-ណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតី បានធ្វើការចំណាប់អារម្មណ៍ថា ព្រះអង្គមានសេចក្តីកោតសរសើរ នូវការលះបង់ដ៏មានតម្លៃរបស់ព្រះប្រធាន នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងសមាជិក សមាជិកា ទាំងអស់ ដែលមានការព្យាយាមជួយដល់សមណនិស្សិត និស្សិតខ្មែរក្រោម ដែលមានការខិតខំតស៊ូតាំងពីតិចរហូតដល់ច្រើន មានដូចជាការចូលរួមវិភាគទាន ក្នុងមួយគ្រួសារមួយរយរៀលក្នុងមួយថ្ងៃរហូតដល់ទិញបានដីសម្រាប់សាងសង់ទីស្នាក់ការរបស់សម្ព័ន្ធទៅអនាគត ទីបញ្ចប់ព្រះអង្គក៏បានប្រសិទ្ធិពរជ័យជូនដល់ប្រធានថ្មី និង គណៈ  កម្មាធិការទាំងអស់ ដឹកនាំនូវសមាគមនេះឱ្យរីកចម្រើនតទៅមុខ និងសូមឱ្យសមាជិក សមាជិកា ទាំងអស់ជួបតែសេចក្តីសុខចម្រើនតរៀងទៅ។

ជាចុងក្រោយ ព្រះអធិបតីព្រះអង្គក៏បាន ផ្តល់នូវឱវាទល្អៗចែកជូនដល់ថ្នាក់ដឹកនាំថ្មី នៃសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម គឺធ្វើយ៉ាងណាដឹកនាំសម្ព័ន្ធឱ្យរីកចម្រើនតទៅមុខទៀត ដើម្បីឱ្យសម្រេចគោលដៅ ដែលបានគម្រោងទុកទៅអនាគត។ ព្រះអង្គក៏សូត្រជយន្តោថ្វាយប្រគេនដល់ថ្នាក់ដឹកនាំថ្មី និង ប្រកាសបិទកម្មវិធី។  ហើយក៏បានថតរូបទុកជាអនុស្សាវរីយ៍រួមគ្នាផងដែរ។

ដោយៈ UKKBS

 

 

Leave a Reply

Your email address will not be published.