មនុស្សខ្វាក់ព្រោះល្ងង់

                                  (ព្រហ្មគីតិ)

​ មនុស្សល្ងង់ប្រាកដខ្វាក់​           មើលមិនជាក់អ្នកជុំខ្លួន

​ ប្រើមនុស្សខុសពីក្បួន​              រកខួរយួនប្រើល្អជា។

​ មនុស្សខ្វាក់មើលមិនឆ្ងាយ​      មិនសប្បាយអ្នកសិក្សា

ស្អប់ខ្ពើមចាត់ទុកថា​                 ដូចបន្លាក្នុងកែវភ្នែក។

​មនុស្សល្ងង់ប្រាកដពិត​            ទោះជាគិតក៏គិតប្លែក

មនុស្សស្មោះមើលខុសភ្នែក​   ឯមនុស្សក្អែកបែរកៀកកិត។

អ្នកល្ងង់គង់ជាមេ                     ឯអ្នកក្បែរខ្លៅងងឹត

ធ្វើការគ្មានគំនិត                       គិតតែបក្សពួកខ្លួនឯង។

មនុស្សល្ងង់មានៈរឹង                 ច្រើនទទឹងឫកខែងរែង

ស្អប់ខ្ពើមខ្មែរគ្នាឯង                   ងប់តំណែងតែងភ្លីភ្លើ។

សង្គមបច្ចុប្បន្ន                           សម្ពាធធ្ងន់មនុស្សល្ងីល្ងើ

រៀនរស់តាមដំណើរ                  ធ្វើទង្វើស្របតាមចោរ។

មនុស្សល្ងង់ប្រាកដជា               ធ្វើការងារប្រាសចាកធម៌

រើសអើងនិងមនុស្សល្អ              សេពគប់ចោរអ្នកអែបអប។

ខ្មែរយើងឥឡូវនេះ                      អ្នកដែលចេះត្រូវគេស្អប

រស់នៅគេធុញថប់                       គេលែងរាប់ទុកជាគ្នា។

សូមឲ្យខ្មែរគ្រប់ប្រាណ               បើកសន្តានឲ្យល្អជា

ឈប់ស្អប់ខ្មែរដូចគ្នា                    ព្រោះយើងជាខ្មែរតែមួយ។

ដោយៈ ភិក្ខុ ឆេង ឆាយា

 

Leave a Reply

Your email address will not be published.