
ព្រះពុទ្ធសាសនា គឺជាសាសនាមួយដែលមានអ្នកគោរពប្រតិបត្តិកាន់រហូតដល់ទៅរាប់រយលាននាក់នៅលើពិភពលោក។ គេបានដាក់សេចក្ដីសំខាន់ផ្ដោតទៅលើក្រមសីលធម៌ និងបញ្ហាសង្គមយ៉ាងខ្លាំង ដោយមានហេតុផលថា អភិសមាចារក្នុងព្រះពុទ្ធសាសនា ជាវិន័យមួយប្រភេទដែលទាក់ទងទៅនឹងក្រមសីលធម៌ និងទិដ្ឋ ភាពនៃជីវិតរស់នៅប្រចាំថ្ងៃក្នុងសង្គម ហើយក៏ជាមាគ៌ាជីវិតនៃការអភិវឌ្ឍន៍ផ្នែកស្មារតី និងសង្គមធម៌ផងដែរ។ គោលការណ៍ព្រះពុទ្ធសាសនា ជាគោលការណ៍អហិង្សា និងចង្អុលបង្ហាញនូវច្បាប់ធម្មជាតិដែលប្រព្រឹត្តទៅតាមហេតុបច្ច័យ គឺបានឆ្លុះបញ្ចាំងនូវអរិយធម៌ដ៏រឹងមាំក្នុងសង្គមខ្មែរ ដែលជាដង្ហើមរបស់សិល្បៈ ស្ថាបត្យកម្ម អក្សរសាស្រ្ដ និងសកម្មភាពវប្បធម៌ផ្សេងៗទៀត។ ព្រះពុទ្ធសា សនាក្នុងសង្គមខ្មែរ បានផ្ដល់ផលប្រយោជន៍ជាច្រើនសម្រាប់ការរីកចំរើននៃអរិយធម៌ និងវប្បធម៌ខ្មែរពិតៗ ជាងឥទ្ធពលអ្វីទាំងអស់នៅក្នុងប្រវត្តិសាស្ដ្រខ្មែរ។ ព្រោះថាព្រះពុទ្ធសាសនា មានវិធីការអប់រំជាបែបលក្ខណៈទូន្មាន ប្រៀនប្រដៅ កែប្រែចិត្តមនុស្សឲ្យធ្វើតែអំពើល្អ ប្រព្រឹត្តតែអំពើដែលជាកុសល និងជាប្រយោជន៍ ដើម្បីអភិវឌ្ឍខ្លួន និងសង្គមជាតិ ហើយនិងដើម្បីរក្សានូវអត្តសញ្ញាណជាតិផងដែរ។
ការអប់រំទូន្មាន ប្រៀនប្រដៅទាំងនោះ មានការខុសប្លែកពីគ្នាទៅតាមសម័យកាលនីមួយៗ។ ប៉ុន្ដែការអប់រំគឺមានគោលបំណង និងទិសដៅឆ្ពោះទៅរកផលវិជ្ជមានមួយជាក់លាក់ពិតប្រាកដដូចៗគ្នា។ ការអប់រំបែបបុរាណក្នុងសង្គមខ្មែរ មានរបៀប និងវិធីសាស្ដ្រខុសប្លែកពីការអប់រំនាពេលបច្ចុប្បន្នកាល មិនថានៅក្នុងក្រុមគ្រួសារ ក្នុងសហគមន៍ ឬក្នុងគ្រឹះស្ថានអប់រំនោះទេ។ មូលហេតុបណ្ដាលមកពីប្រទេសជាតិមានការផ្លាស់ប្ដូររបប និងជួបប្រទះនូវសង្គ្រាមជាញឹកញាប់។ ហេតុផលទំាងអស់នេះហើយបានធ្វើឲ្យការអប់រំនៅក្នុងប្រ ទេសយើងខុសប្លែកគ្នាយ៉ាងដូច្នោះ។
ការអប់រំតាមបែបបុរាណមានពីរបៀប៖
១. ការអប់រំពីសំណាក់មាតាបិតា ឬអាណាព្យាបាល ពួកគាត់តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងមកលើកូនប្រុសស្រី ដោយពួកគាត់ដាក់ជាប្រាស្នា ឬការបំភិតបំភ័យបន្លាចជាដើម។ ដើម្បីឲ្យកូនៗរបស់ពួកគាត់ មានការគោរពដល់មនុស្សចាស់ព្រឹទ្ធាចារ្យ និងមនុស្សដែលមានវ័យចាស់ជាងខ្លួនរបស់ពួកគេ និងឲ្យចេះខ្លាចបាប។ មិងតែប៉ុណ្ណោះទៀតសោត ការអប់រំរបស់មាតាបិតាធ្វើឲ្យមនុស្សចេះខិតខំប្រឹងប្រែងហាត់ពត់លត់ដំខ្លួន ឲ្យមានការព្យាយាម អត់ធន់ សច្ចៈ ខន្ដី នៅពេលជួបបញ្ហាផ្សេងៗ ដើម្បីជាគន្លឹះសម្រាប់ដោះស្រាយ បញ្ហាដែលកើតឡើងចំពោះមុខ នេះជាការអប់រំតាមបែបចោទជាប្រាស្នា។ ទន្ទឹមនឹងនោះ កុល បុត្រ កុលធីតាខ្មែរនៅជំនាន់នោះ បានយកចិត្តទុកដាក់ទៅលើដំបូន្មានទាំងនោះ ហើយគោរពប្រតិបត្តិធ្វើតាម ដើម្បីជាគុណប្រយោជន៍សម្រាប់អនាគតរបស់ពួកគេ។
២. ការអប់រំតាមវត្តអារាមព្រះពុទ្ធសាសនា ក៏មានវិធីសាស្ដ្រអប់រំ ដល់ភិក្ខុ-សាមណេរ និងពុទ្ធបរិស័ទទូទៅ ពិសេស ពុទ្ធបរិស័ទក្នុងភូមិដែលជាចំណុះជើងវត្តនោះៗតែម្ដង និងកុលបុត្រដែលមានសទ្ធាជ្រះថ្លាចង់សាងផ្នួសបួសក្នុងព្រះពុទ្ធសា សនា ហើយនិងកុលបុត្រដែលបានស្នាក់នៅដើម្បីស្វែងរកនូវចំណេះវិជ្ជាផ្សេងៗ ពីសំណាក់ព្រះគ្រូចៅអធិការវត្ត។ ហេតុនេះហើយ បានជាយើងសង្កេតឃើញថាបុគ្គលដែលបានបួសរៀន និងបុគ្គលដែលបានស្នាក់នៅក្នុងវត្តអារាមសម័យមុនសុទ្ធសឹងតែមានចំណេះវិជ្ជា ឬវិជ្ជាជីវៈផ្សេងៗទៀត ក្រៅពីចំណេះដឹងខាងអក្សរសាស្ដ្រ លេខនព្វន្ដ នៅមានវិជ្ជាជីវៈផ្សេងៗទៀត មានដូចជា ជាងចម្លាក់ ជាងឈើ ជាដើម។
ការអប់រំបែបបច្ចុប្បន្ន៖
ការអប់រំនៅសម័យនេះ គឺជាការអប់រំមួយដែលស្របពេលជាមួយនិងវិទ្យាសាស្ដ្ររីកចំរើនយ៉ាងខ្លាំងខាងបច្ចេកវិជ្ជា ធ្វើឲ្យមនុស្សសម័យនេះពុំស៊ូវចាប់អារម្មណ៍ពីរបៀបការអប់រំសម័យមុនប៉ុន្មានឡើយ។ ដោយសារមនុស្សជំនាន់ក្រោយ ជាពិសេសពួកយុវ័យមានភាពទោរទៅរកអ្វីដែលថ្មី និងពួកគេកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបច្ចេកវិជ្ជា វិទ្យាសាស្ដ្រ ដែលតែងតែនាំគ្នាហៅថាមនុស្សក្នុងសម័យកុំព្យូទ័រ ទើបធ្វើឲ្យពួកគេពុំធ្លាប់បានឆ្លងកាត់សម័យកាលដ៏លំបាក ឬសម័យកាលច្រើននោះទេ។ យើងសង្កេតមើលវិធីការអប់រំនាពេលនេះ នៅតាមបណ្ដាមជ្ឈដ្ឋានអប់រំទូទៅ មាននៅក្នុងក្រុមគ្រួសារ ក្នុងវត្តអារាម ក្នុងសាលារៀនចំណេះដឹងរបស់រដ្ឋ ឬឯកជន។ ល។ សុទ្ធសឹងតែពុំស៊ូវចាប់អារម្មណ៍ទៅលើពាក្យប្រៀនប្រដៅ ឬដំបូន្មានពីសម័យដើមនោះទេ ដោយយកឡេះថា “នំមិនធំជាងនាឡ” ការអប់រំខាងសីលធម៌រស់នៅក្នុងសង្គមក៏មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយពួកគាត់ពុំស៊ូវហ៊ានចាប់បង្ខំ ឬប្រើវិធីសាស្ដ្រហិង្សាណាមួយទៅលើកូនចៅឡើយ បានត្រឹមតែផ្ដល់នូវដំបូន្មានល្អខ្លះៗតែប៉ុណ្ណោះ ដើម្បីឲ្យកូនៗយកទៅអនុវត្ត និងពិចារណារកហេតុផលដោយខ្លួនឯង។
ទស្សនៈព្រះពុទ្ធសាសនាស្ដីពីការអប់រំដោយវិធី៣យ៉ាង៖
១. ព្រហ្មវិហារធម៌៤ មាន មេត្តា ករុណា មុទិតា និងឧបេក្ខា គឺជាធម៌ដ៏ប្រសើរ វិសេសថ្លៃថ្លាបំផុត និងមានសារសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះថា បើបុគ្គលម្នាក់ៗមានធម៌ទាំងបួនប្រការនេះនៅក្នុងខ្លួននោះ ធ្វើឲ្យបុគ្គលម្នាក់នុ៎ះឯងមានការគិតពិចារណាផ្ដោតអារម្មណ៍ទៅលើសេច ក្ដីសុខចំពោះខ្លួនឯងផ្ទាល់ និងទៅលើបុគ្គលដទៃទៀត។ ការដែលបុគ្គលម្នាក់ៗមានព្រហ្មវិហារធម៌នៅក្នុងខ្លួនគ្រប់ៗគ្នាហើយនោះ រឹតតែធ្វើឲ្យសង្គមគ្រួសារមួយឬស្ថាប័ន ឬសមាគម និងសហគមន៍ រហូតដល់ប្រទេសជាតិមានសេចក្ដីសុខ មានសន្ដិភាព មានសុវត្ថិភាពពុំខានឡើយ។ ព្រះពុទ្ធទ្រង់សំដែងថា មេត្តាធម៌ជាចំណង ឬជាទឹកបន្សារសម្រាប់ចងភ្ជាប់ផ្សាភ្ជាប់មនុស្សលើពិភពលោកឲ្យស្ថិតនៅជាប់និងគ្នា ពិសេសប្រទេសជាតិនីមួយ ៗមានទំនាក់ទំនងល្អជាមួយគ្នាប្រកបដោយការមិន បៀតបៀនគ្នា មិនមានការគាបសង្កត់ ឬក៏មិនមានការធ្វើអាណានិគមត្រួតត្រាទៅលើប្រទេសទន់ខ្សោយបានឡើយ។ ការអប់រំកាយ វាចា ចិត្ត ប្រកបដោយព្រហ្មវិហារធម៌ទាំង៤នេះ បានធ្វើឲ្យចិត្តរបស់មនុស្សគ្រប់ៗគ្នា ចេះស្រឡាញ់រាប់អានគ្នា ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដោយភាពស្និទ្ធស្នាលគ្នា មានភាពសន្ដោសដល់គ្នា មិនមើលងាយ បណ្ដុះបង្អាប់គ្នា ដោយហេតុផលណាមួយបានជាដាច់ខាត។
២. សង្គហធម៌ គឺជាធម៌សង្គ្រោះ សម្រាប់ជួយទំនុកបំរុងគ្នាទៅវិញទៅមក ជាគ្រឿងដែលធ្វើឲ្យ មនុស្ស មានការចាប់អារម្មណ៍ទៅលើបុគ្គលម្នាក់ទៀត ក្រៅពីខ្លួនឯង ដើម្បីឲ្យបុគ្គលដទៃបានសេចក្ដីសុខដូចខ្លួនដែរ កាលបើបុគ្គលម្នាក់ៗមានសង្គហធម៌នៅជាប់នឹងខ្លួនជានិច្ចហើយនោះ វាធ្វើឲ្យមនុស្សចេះមានការជួយគ្នា យកអាសាគ្នា ដោយមិនមានការរើសអើងជាតិសាសន៍ ពណ៌សម្បុរ ឬសាសនានោះឡើយ។ ការជួយទំនុកបំរុងឲ្យគ្នាទៅវិញទៅមកនេះ ស្ដែងឡើងតាមរយៈកាយ វាចា ចិត្ត និងសម្ភារៈ ដើម្បីជួយរំដោះទុក្ខវេទនា ឬជួយសម្រាលភាពលំបាកដល់អ្នកដទៃបានមួយកម្រិត ហើយក៏ជាគុណប្រយោជន៍សម្រាប់កិច្ចខំប្រឹងប្រែងតស៊ូក្នុងឆាកជីវិតរបស់ខ្លួន ដើម្បីឲ្យការអភិវឌ្ឍន៍ សង្គមគ្រួសារ ឬសង្គមជាតិឲ្យមានការរីកចំរើនទាំងផ្នែកស្មារតី និងសម្ភារៈ។
មនុស្សគ្រប់គ្នារមែងមានកាតព្វកិច្ច សម្រាប់បំ ពេញតម្រូវទៅតាមឋានៈក្នុងសង្គម។ ប្រសិនបើមនុស្សម្នាក់ៗ បានបំពេញនូវកាតព្វកិច្ចនោះៗឲ្យបានល្អ នុ៎ះឈ្មោះថាមិនបានធ្វើខ្លួនឲ្យក្លាយជាមនុស្សរស់ឥតប្រយោជន៍ឡើយ។ ដោយឡែកប្រសិនបើបុគ្គលម្នាក់ៗមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនទេ សេចក្ដីឥតខ្លឹមសារ និងការអន្ដរាយ ដូចជាសេចក្ដីធ្វេសប្រហែស ភាពអាក់អន់ចិត្ត ការរំលោភបំពានគ្នា សេចក្ដីរអៀសចិត្ត និងការជម្លោះជាដើមនឹងកើតមានឡើងជាប្រាកដក្នុងចំ ណោមសមាជិកទាំងអស់ក្នុងសង្គម។ ដើម្បីបង្កើតនូវសេចក្ដីស្រឡាញ់ ការអាណិតអាសូរ សេចក្ដីសន្ដោស និងភាពចុះសម្រុងគ្នាក្នុងចំណោមសមា ជិកទាំងអស់ក្នុងសង្គម ដើម្បីធ្វើឲ្យការរស់នៅមានសេចក្ដីសប្បាយរីករាយ ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងអំពីកាតព្វកិច្ចសម្រាប់សមាជិកសង្គមទាំងអស់ដែលត្រូវបំពេញ។ តែក្នុងទីនេះនឹងលើកយកតែ៦ចំណុចមកបរិយាយចែកជូនប្រិយមិត្រអានតែប៉ុណ្ណោះ៖
តួនាទីរបស់មាតាបិតា៥យ៉ាងៈ
១-ហាមប្រាមកូនប្រុសស្រីមិនឲ្យធ្វើអំពើអាក្រក់គ្រប់យ៉ាង
២-ដឹកនាំកូនប្រុសស្រីឲ្យធ្វើអំពើល្អគ្រប់យ៉ាង
៣-ផ្ដល់ឱកាសឲ្យកូនប្រុសស្រីបានទទួលការអប់រំត្រឹមត្រូវ
៤-បែងចែកទ្រព្យសម្បត្តិតាមកម្លាំងធនធានឲ្យដល់កូនប្រុសស្រី
៥-រៀបចំកូនប្រុសស្រីឲ្យមានគូស្រករត្រឹមត្រូវ
តួនាទិរបស់កូនប្រុសស្រី៥យ៉ាងៈ
១-ចិញ្ចឹមមាតាបិតាដោយបច្ច័យបួន
២-ធ្វើកិច្ចការផ្ទះជំនួសមាតាបិតា
៣-រក្សាកេរ្ដិ៍ឈ្មោះវង្សត្រកូល
៤-ប្រព្រឹត្តខ្លួនឲ្យសមជាអ្នកស្នងមរតក
៥-ធ្វើបុណ្យឧទ្ទិសដល់មាតាបិតាក្រោយពេលគាត់ចែកឋានហើយ
តួនាទីរបស់គ្រូបាចារ្យ៥យ៉ាងៈ
១-បង្រៀនសិស្សដោយហ្មត់ចត់
២-អប់រំសិស្សឲ្យមានវិន័យក្រមសីលធម៌
៣-ហ្វឹកហាត់សិស្សនូវសិល្បៈវិទ្យាសាស្ដ្រជំនាញគ្រប់យ៉ាងដែលខ្លួនបានរៀន
៤-លើកតម្កើងសិស្សឲ្យប្រាកដច្បាស់ក្នុងទីប្រជុំជន
៥-ការពារសិស្សនិងធ្វើឲ្យសិស្សស្រឡាញ់រាប់ អានគ្នា
តួនាទីរបស់សិស្ស៥យ៉ាងៈ
១-ស្វាគមន៍ ឬគោរពគ្រូដោយការក្រោកឈរទទួល ពេលគ្រូមកដល់
២-ចូលកាន់ថ្នាក់រៀនដើម្បីរង់ចាំគ្រូ
៣-គោរពតាមឱវាទរបស់គ្រូដោយយកចិត្តទុកដាក់
៤-បម្រើគ្រូយ៉ាងយកចិត្តទុកដាក់
៥-សិក្សាមេរៀនគ្រូដោយហ្មត់ចត់បំផុត
តួនាទីរបស់បព្វជិត៦យ៉ាងៈ
១-ហាមប្រាមបរិស័ទមិនឲ្យធ្វើអំពើអាក្រក់
២-ផ្ដល់ឱវាទលើកទឹកចិត្តដល់បរិស័ទឲ្យធ្វើអំពើល្អ
៣-ស្រឡាញ់បរិស័ទដោយស្មោះស
៤-បង្រៀននូវអ្វីដែលបរិស័ទមិនធ្លាប់ឮពីមុនមក
៥-កែតម្រង់ទិដ្ឋិរបស់គាត់ចំពោះអ្វីដែលគាត់ធ្លាប់ឮមកហើយ
៦-បង្ហាញផ្លូវទៅកាត់ស្ថានសួគ៌
តួនាទីរបស់ពុទ្ធបរិស័ទ៥យ៉ាងៈ
១-ប្រកបដោយសេចក្ដីមេត្តាផ្លូវកាយ
២-ប្រកបដោយសេចក្ដីមេត្តាផ្លូវវាចា
៣-ប្រកបដោយសេចក្ដីមេត្តាផ្លូវចិត្ត
៤-ជាអ្នកមិនបិទទ្វារផ្ទះ
៥-ដោយកិរិយាឲ្យនូវអាមិសទាន។
៣. សាមគ្គីធម៌ ជាការព្រមព្រៀងគ្នា ជាធម្មជាតិសម្រាប់ធ្វើឲ្យមនុស្សជាតិដែលរស់នៅក្នុងសង្គមនីមួយៗ មានសង្គមគ្រួសារ រហូតដល់សង្គមជាតិចេះស្រឡាញ់រាប់អានគ្នា រាក់ទាក់គ្នាជាភាតរភាព មានសប្បុរសធម៌ មនុស្សធម៌ដល់គ្នានិងគ្នា មិនយកមនុស្សផ្សេងគ្នាធ្វើជាសត្រូវ មិនមានគុំនំគុំគួន គ្នា ចងព្យាបាទគ្នាទៅថ្ងៃក្រោយឡើយ។ កាលណាបើសង្គមជាតិមួយមានសាមគ្គីធម៌ល្អកើតឡើងហើយនោះ ច្បាស់ជាមានការរីកចំរើន និងការអភិវឌ្ឍន៍ជាក់ជាពុំខានឡើយ។ ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថា “សុខា សង្ឃស្ស សាមគ្គី សាមគ្គានំ តបោ សុខោ” ការព្រមព្រៀងគ្នាក្នុង ក្រុម សង្គមនាំមកនូវសេចក្ដីសុខ៕