ការប្រព្រឹត្តដើម្បីត្រាស់ដឹង នូវសម្មាសម្ពោ- ធិញ្ញាណ របស់ព្រះសម្មាសម្ពុទ្ធមាន ៣ យ៉ាង ដែលហៅថាត្រៃចរិយា គឺៈ
១/ អត្តទត្ថចរិយា ប្រព្រឹត្តដើម្បីប្រយោជន៍ខ្លួនឯង ចម្លងខ្លួនឯងឱ្យរួចផុតពីសេចក្តីទុក្ខ។
២/ ញាតត្ថចរិយា ប្រព្រឹត្តដើម្បីប្រយោជន៍ ដល់ក្រុមញាតិ ចម្លងញាតិវង្សរបស់ព្រះអង្គឱ្យរួចផុតពីសេចក្តីទុក្ខ។
៣/ លោកត្ថចរិយា ប្រព្រឹត្តដើម្បីប្រយោជន៍ ដល់មនុស្ស សត្វ ទេវតា ទាំងឡាយ។
ពេលត្រាស់ដឹងភ្លាម ព្រះពុទ្ធហាក់ដូចជា ទ្រង់រារែកក្នុងការសំដែងព្រះធម៌ប្រោសសត្វ ក៏ប៉ុន្តែភ្លាមនោះ ព្រះអង្គទ្រង់ព្រះតម្រិះថា បើសិនតថាគតមិនសំដែងធម៌ប្រោសសត្វទេ ពិភពលោក នេះនៅតែងងឹត ហើយធម៌ដែលព្រះអង្គបានត្រាស់ដឹងនោះ ក៏គ្មានប្រយោជន៍ដល់សត្វលោក ដែរ។ ព្រះតម្រិះនេះបានធ្វើឱ្យព្រះអង្គវិលចូលទៅក្នុងសង្គមមនុស្សវិញ សំដែងធម៌ទេសនាប្រោសសត្វជាបន្តបន្ទាប់ ដូចជាបញ្ចវគ្គិយភិក្ខុ ព្រះបាទពិម្ពិសារ ព្រះញាតិវង្ស … ឱ្យបានសម្រេចមគ្គផលឆ្លងផុតពីសេចក្តីទុក្ខ។ ដូច្នេះ ព្រះអង្គពុំមែនរត់ចោលសង្គមមនុស្សទេ។ ព្រះសង្ឃយើង ត្រូវតែដើរតាមផ្លូវព្រះពុទ្ធជាបរមគ្រូ ក្នុងការជួយសង្គម មានបាលីមួយឃ្លា ដែលសំដែងពីគុណរបស់ពុទ្ធបរិស័ទថា «សង្ឃេន សទ្ធឹ សមានសុខទុក្ខោ ហោតិ ប្រែថា ព្រះសង្ឃ និងពុទ្ធបរិស័ទ ត្រូវរួមសុខរួមទុក្ខជាមួយគ្នា»។ បើពុទ្ធបរិស័ទមានទុក្ខ ព្រះសង្ឃក៏មានទុក្ខដែរ។ ទឹកភ្នែករបស់ព្រះសង្ឃ ក៏ដូចជាទឹកភ្នែករបស់ពុទ្ធបរិស័ទដែរ។
នៅតាមមូលដ្ឋាន វត្តនីមួយៗ ពុទ្ធបរិស័ទមានសង្ឃឹមកក់ក្តៅលើព្រះសង្ឃណាស់ ពិសេស ព្រះគ្រូចៅអធិការ។ បើឃើញព្រះសង្ឃមានទុក្ខ ពុទ្ធបរិស័ទជើងវត្តក៏មានទុក្ខស្រពាប់ស្រពោនដែរ បើឃើញព្រះសង្ឃមានកិត្តិយស កេរ្តិ៍ឈ្មោះ មានលាភសក្ការៈច្រើន ពុទ្ធបរិស័ទក៏ញញឹមញ ញែមសប្បាយរីករាយដែរ។
ចំពោះព្រះសង្ឃវិញ បើចង់ដឹងសុខទុក្ខ ច្បាស់របស់ពុទ្ធបរិស័ទនោះ ត្រូវតែចេញក្រៅវត្ត ពេលទ្រង់បិណ្ឌបាត បើជួបនឹងបរិស័ទណាមាន ទុក្ខព្រួយ យំយែកនោះ គួរតែបង្អង់សិន សាកសួរ ពីមូលហេតុនៃសេចក្តីទុក្ខនោះ។ ពេលបានដឹង ច្បាស់ហើយ គួរតែមានមធ្យោបាយជួយសង្គ្រោះ ឬដោះស្រាយ ឱ្យបានរួចផុតពីសេចក្តីទុក្ខនោះ។ បើយើងគិតតែពីកសាងវត្ត ភ្លេចគិតដល់ទុក្ខរបស់ពុទ្ធបរិស័ទដែលនៅជុំវិញវត្ត ក៏ពុំល្អដែរ។
សម័យមុន អ្នកដែលមានឥទ្ធិពល ពុំមែន រដ្ឋមន្ត្រី…នោះទេ តាមពិតទីមួយ លោកគ្រូព្រះចៅ អធិការ, ទីពីរ លោកតាអាចារ្យវត្ត, ទីបី លោកមេឃុំ ។ បើលោកទាំងបីនោះខ្លាំង មូលដ្ឋាននោះក៏ ខ្លាំងដែរ។ ផ្លូវ ថ្នល់ អណ្តូងទឹក ស្រះ សំណង់ សាធារណៈខ្វាត់ខ្វែង ព្រោងព្រាតពុំមានអង្គការ ក្រៅរដ្ឋាភិបាលណាមកធ្វើឱ្យទេ គឺបានកើតឡើងដោយសារលោកទាំងនោះ ដឹកនាំប្រជាពលរដ្ឋធ្វើ ដោយស្មោះស្ម័គ្រ និងចិត្តជ្រះថ្លា។ ដូច្នេះហើយ ការអភិវឌ្ឍន៍ពុំមែនជារឿងថ្មីទេ តាមពិតវាជារឿងចាស់ ប៉ុន្តែយើងភ្លេច ដោយយើងធ្លាប់បាន ទទួលទុក្ខសោកដោយសារសង្គ្រាមជាច្រើនលើក ច្រើនសាធ្វើឱ្យយើងសល់ព្រលឹងភ្លេចអស់ (ព្រលឹង ខ្មែររត់ចេញអស់ ហើយព្រលឹងខ្មោចចូលមក សណ្ធិតក្នុងខ្លួនយើង) ធ្វើឱ្យយើងមានការខ្វះខាតគ្រប់បែបយ៉ាង រហូតដល់ទទួលជំនួយពីអន្តរជាតិ យើងបានខ្ចីប្រាក់គេ ដើម្បីយកមកកសាងជាតិដែបានសេចក្តីថា រដ្ឋយើងជំពាក់បំណុលគេ បើរដ្ឋជំពាក់បំណុលគេ ប្រជាពលរដ្ឋក៏ជំពាក់បំណុលគេដែរ បើប្រជាពលរដ្ឋជំពាក់បំណុលគេ ព្រះសង្ឃក៏ឈ្មោះថាជំពាក់បំណុលគេដែរ។ ដូច្នេះ ដើម្បីជួយដោះស្រាយបញ្ហានេះ ព្រះសង្ឃយើងគួរតែចូលរួមចំណែកតាមលទ្ធភាព ដែលអាចធ្វើ បាន។ ខ្ញុំព្រះករុណាយល់់ថា ការជួយនេះក៏មិនមែនជាការទាស់ខុសនឹងព្រះវិន័យបញ្ញត្តិអ្វីឡើយ ដោយយើងគ្រាន់តែជួយបំភ្លឺ ដឹកនាំផ្លូវគេប៉ុណ្ណោះ លើកលែងតែករណីខ្លះ ដូចជាចិញ្ចឹមសត្វជាដើម ពីព្រោះថា (វិនយោ កិច្ចគម្ពីរោ) វិន័យជ្រៅដោយកិច្ច ដូច្នេះហើយព្រះសង្ឃត្រូវមានការចូលរួមក្នុងសង្គម ដើម្បីជួយដល់ការអភិវឌ្ឍន៍ជានិច្ច ដែលជាប្រយោជន៍ដល់សង្គមយើង៕
ដោយៈ ភិក្ខុ. ឥន្ទជោតោ