ពិធី ជំនួបនិស្សិត បញ្ញវន្ត ខ្មែរកម្ពុជាក្រោម និងសប្បុរសជន

រយៈពេលមួយឆ្នាំទៅមួយឆ្នាំ សមាជិកនៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម កាន់តែរីកចំរើនកើនឡើងជាបន្តបន្ទាប់ តម្រូវការថវិកាក្នុងការចាយវាយសម្រាប់ការងារក៏កាន់តែ ច្រើន តម្រូវការចូលរួមក្នុងកិច្ចការសង្គមក៏កាន់តែច្រើន លើសពីនោះការស្វែងរកអាហារូបករណ៍ សម្រាប់សមណនិស្សិត និង និស្សិត ដែលកំពុងបន្តការសិក្សាទាំងនៅក្នុងប្រទេសកម្ពុជា និង ក្រៅ ប្រទេសក៏កាន់តែច្រើនផងដែរ។ អាស្រ័យហេតុនេះបានជាការិយាល័យទ្រទ្រង់ បង្កើតកម្មវិធីនេះឡើង ដើម្បីស្វែងរកថវិកាមកជួយជំរុញឲ្យនាវានៃសម្ព័ន្ធរបស់យើងឲ្យដើរទៅមុខជាបន្តបន្ទាប់។

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ក៏បាន ប្រារព្ធពិធីនេះឡើងនៅភោជនីយដ្ឋានសុរិយា នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលដឹកនាំដោយព្រះតេជព្រះគុណ សឺន សុផារិន្ទ ប្រធានសម្ព័ន្ធ  និង លោក ថើស ចន្រ្ទា សហប្រធានការិយាល័យទ្រទ្រង់ សមាសភាពចូលរួមមានគណៈកម្មការនាយក នៃសម្ព័ន្ធសមណ និស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ, ឯកឧត្តម ថាច់ សេដ្ឋា, ឯកឧត្តម  សាន សាង និងសប្បុរសជនអ្នកចូលរួមទាំងអស់ប្រមាណជា១០០នាក់។ នេះ ជាលើកទីប្រាំហើយ ដែលសម្ព័ន្ធបានប្រារព្ធធ្វើតាំងពីឆ្នាំ២០១២រហូតមក។ ការធ្វើនេះសោត ដើម្បីផ្សព្វផ្សាយពីលទ្ធផលការងារឆ្នាំចាស់ គម្រោងឆ្នាំថ្មី និង បានសំណេះសំណាលជាមួយ គ្នាទៅវិញទៅមក ដើម្បីស្វែងរកការងារដល់អ្នកដែលរៀនចប់មិនទាន់មានការងារ ដើម្បីពិភាគ្សា ពីការសិក្សារៀនសូត្រ និងបញ្ហាដទៃទៀត ដែលទាក់ទងនឹងបញ្ហាខ្មែរក្រោម។ កម្មវិធីនឹង ប្រព្រឹត្តទៅជាបន្តបន្ទាប់ទៅតាមរបៀបវារៈ កម្មវិធីចាប់ផ្តើមពីម៉ោង៥:៣០នាទីរសៀលរហូតដល់ ម៉ោង៨:០០នាទីយប់ទើបចប់ដោយមានលោក ជី វណ្ណាត ជាអ្នកសម្របសម្រួលកម្មវិធី។

ជាកិច្ចបន្ទាប់ សំដែងសុន្ទរកថាស្វាគមន៍ភ្ញៀវកិត្តិយសដោយ លោក ថើស ចន្ទ្រា សហ-ប្រធានការិយាល័យទ្រទ្រង់ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម។ ក្នុងសុន្ទរកថានោះ លោកបានលើកឡើងអំពីប្រវត្តិគណៈកម្មការរបស់ការិយាល័យទ្រទ្រង់ តាំងពីអាណត្តិ ទី១រហូតដល់បច្ចុប្បន្ន គឺមានភារៈជាអ្នកជួយស្វែងរកថវិកាពីសប្បុរសជន ដើម្បីជួយទ្រទ្រង់ដល់ សមាគមនេះ លោកបានមានប្រសាសន៍ ថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភកម្មវិធីទាំងអស់ ទោះជា បានមកចូលរួមក្ដី មិនបានចូលរួមក្ដី ដោយលោកលើកឡើងថា “ធនធានមនុស្សទាំងអស់ ដែលសមាគមយើងបានបណ្ដុះបណ្ដាលរហូតដល់ពេលនេះ គឺបានមកពីសប្បុរសជនទាំងអស់ ដូចជាពេលនេះជាដើម” ហើយលោកក៏បានបន្តទៀតថា ប្រសិនបើនិស្សិតណាដែលបានបញ្ចប់ ការសិក្សាហើយ មិនទាន់មានការងារធ្វើ ឬមួយត្រូវការសរសេរលិខិតចូលសុំធ្វើការងារឱ្យបាន សមរម្យនោះ សូមមកទំនាក់ទំនងទៅសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ឬមួយក៏ ទាក់ទងគាត់ផ្ទាល់ក៏បាន។

ធ្វើរបាយការណ៍ការងារ ស្តីពីសកម្ម ភាពឆ្នាំចាស់ និង គម្រោងឆ្នាំថ្មី ដោយព្រះប្រធាន សឺន សុផារិន្ទ ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្រះអង្គបានធ្វើសេចក្ដី រាយការណ៍អំពីសមិទ្ធផលការងារឆ្នាំ២០១៥ របស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងប្រកាសពីគម្រោងផែនការសម្រាប់ឆ្នាំ២០១៦។ គម្រោងនោះចែក ជា៤ផ្នែកធំៗ ទី១ផ្នែកអប់រំ, ទី២ផ្នែកស្រាវជ្រាវវប្បធម៌ និងផ្សព្វផ្សាយ, ទី៣ផ្នែកសង្គមកិច្ច និងទី៤ផ្នែករដ្ឋបាល។ ក្នុង គម្រោងថវិកាសម្រាប់ចាយវាយឆ្នាំ២០១៦នេះ សរុបចំនួន ២៣.៤៥០ ដុល្លារសហរដ្ឋអាមេរិក។

បន្ទាប់មកមានការឡើងចំណាប់អារម្មណ៍ពីសប្បុរសជន ចូលរួមក្នុងកម្មវិធីមានដូចតទៅ ៖ព្រះតេជព្រះគុណ មាស សាវឿន ព្រះអង្គជាអតីតប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិត ខ្មែរកម្ពុជាក្រោមនៅប្រទេសថៃ ព្រះអង្គបានចែករំលែកនូវបទពិសោធន៍មួយចំនួនដែលព្រះអង្គ ធ្លាប់មានកន្លងមក និងការជួយរៀបចំប្រមូលសមណនិស្សិតដែលទៅសិក្សានៅប្រទេសថៃ ឱ្យ មានភាពត្រឹមត្រូវនឹងស្រុះស្រួលគ្នា មិនថាសមណនិស្សិតដែលទៅតាមរយៈសម្ព័ន្ធនៅកម្ពុជា ឬ ក៏តាមការបញ្ជូនទៅរបស់មន្ត្រីសង្ឃខ្មែរខេត្តព្រះត្រពាំង នៅកម្ពុជាក្រោមទេ គឺធ្វើយ៉ាងណាឱ្យ ព្រះអង្គចេះជួយគ្នាទៅវិញទៅមក និង ចេះស្រឡាញ់រួបរួមសាមគ្គីគ្នា។

ព្រះអង្គម្ចាស់ ស៊ី សុវត្ថិ ធម្មិកោ ព្រះអង្គមានព្រះបន្ទូលសរសើរយ៉ាងខ្លាំង ចំពោះការ ដឹកនាំរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលបានជួយផ្តល់អាហារូបករណ៍ ដល់សមណនិស្សិត និស្សិត ក្នុងនិងក្រៅប្រទេស ហើយព្រះអង្គក៏មានព្រះបន្ទូលទៀតថា គឺសូម សម្ព័ន្ធខិតខំបញ្ជូនសមណនិស្សិត និស្សិតទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់ច្រើនតទៀត។

ឯកឧត្តម ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម គាត់បានមានប្រសាសន៍ ចំណាប់អារម្មណ៍ថា ការជួបជុំដូច្នេះល្អណាស់ ក្នុងមួយឆ្នាំបានជួបជុំគ្នាម្ដង យើងទាំងអស់គ្នា គួរចំណាយពេលវេលាមួយពេលដើម្បីចូលរួមកម្មវិធីនេះ ខ្មែរក្រោមយើងនៅឯមាតុភូមិលំបាក ណាស់ មិនបានឱកាសរៀនសូត្រច្រើន និងមិនងាយបានជួបជុំដូចនៅទីនេះទេ យើងនៅទីនេះ មានឱកាសរៀនសូត្របានច្រើន ការតស៊ូរបស់យើងមានតម្លៃណាស់ ហើយពេលយើងរៀន សូត្រចេះដឹង សូមវិលមកជួយធ្វើការសង្គមផង”។ គាត់បានស្នើសមណនិស្សិតដែលលាចាក សិក្ខាបទហើយ ទោះមានការងារតិចតួចក្តីធំក៏ដោយ សូមឱ្យព្យាយាមចូលរួមក្នុងកម្មវិធីនេះមួយ ឆ្នាំម្តង ហើយគាត់បានស្នើឱ្យអ្នករៀបចំកម្មវិធីនេះឆ្នាំក្រោយប្រញាប់ធ្វើកម្មវិធីបន្តិច ដើម្បីឱ្យយុវ ជន យុវនិស្សិតមានបញ្ហាអ្វីមួយ ឬមានផលពិបាកក្នុងការងារណានីមួយនោះមកនិយាយប្រាប់ ក្នុងកម្មវិធីដើម្បីជួយរកដំណោះស្រាយគ្នាទៅវិញទៅមកឱ្យបានប្រសើរ។ ហើយក្នុងឪកាសនោះ  គាត់ក៏បានប្រសិទ្ធិពរឆ្នាំថ្មីសកលខាងមុខ សូមឱ្យខ្មែរក្រោមយើងទទួលបានជ័យជំនះគ្រប់ៗគ្នា និងមានសិទ្ធិសេរីភាពដូចប្រទេសដទៃៗលើពិភពលោកដែរ។

ឯកឧត្តម សាន សាង អតិតតំណាងរាស្ត្រខេត្តតាកែវ គាត់បានមានប្រសាសន៍សរសើរនូវ កម្មវិធីនេះថា វាជាការប្រពៃណាស់ដែលបានធ្វើកម្មវិធីនេះឡើង ដើម្បីបង្ហាញឱ្យគេឃើញថា យើងជាខ្មែរក្រោម ទោះបីយើងរស់នៅទីណាក្តី មានមុខងារធំក្នុងជួររដ្ឋាភិបាលក្តី មានមុខមាន មាត់ជាអ្នកដឹកនាំណានីមួយក្តី ក៏យើងមិនត្រូវបំភ្លេចនូវអត្តសញ្ញាណរបស់ខ្លួនជាខ្មែរក្រោមឡើង ពីព្រោះថាការងារទាំងឡាយដែលយើងម្នាក់ៗខំធ្វើរាល់ថ្ងៃគឺដើម្បីខ្មែរក្រោម ដូចយើងមិនត្រូវភ្លេច ឈាមខ្លួនឯងខ្មែរ។ ជាពិសេសគាត់មានប្រសាសន៍ទៀតថា យើងជាខ្មែរក្រោមត្រូវចេះសងគុន ដល់ទឹកដីខ្មែរក្រោម ព្រោះយើងបានកើតឡើងនៅក្នុងទឹកដីណា ចេះស្រឡាញ់ទឹកដីនោះ ដោយ សារឈាមរបស់យើងគឺជាឈាមរបស់ទឹកដីនោះ។ យ៉ាងណាមិញ យើងជាខ្មែរក្រោមត្រូវយក ឈាមយើងមកបំពេញកិច្ចការដើម្បីទឹកដីខ្មែរក្រោមក្នុងការងារតបស្នងសងគុណវិញ។

លោក សឺន យឿង ប្រធានសមាគម ខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និង អភិវឌ្ឍន៍ បានមានប្រសាសន៍ថា គាត់មានការរីករាយណាស់ ដែលបានចូលរួមក្នុងកម្មវិធីជំជួបនិស្សិត បញ្ញវន្តខ្មែរកម្ពុជាក្រោម និងសប្បុរសជន ពីព្រោះថាកម្មវិធីនេះ បានចែករំលែកនូវផលប្រយោជន៍ ជាច្រើនសម្រាប់ប្អូនៗ និស្សិត យុវជន យុវនារី ដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សា ដើម្បីផ្តល់នូវចំណេះដឹង និងបទពិសោធន៍ដល់គ្នានិងគ្នាឱ្យកាន់តែប្រសើរឡើង ចុងក្រោយគាត់ បានប្រសិទ្ធិពរដល់អង្គកម្មវិធីទាំងមូលឱ្យជួបតែពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃា្លតឡើយ។

ដោយៈភិក្ខុ ឥន្ទជោតោ

 

 

 

 

 

Leave a Reply

Your email address will not be published.