
ក- ការចែចូវ
លើកទី២ អ្នកផ្លូវចូលទៅតែដៃទទេទៀត ។ និយាយលេងពីនេះពីនោះ ។ គ្រាន់តែស្ទង់ចិត្តថ្លើមមាតាបិតាខាងកូនស្រី ។
ខ- ការស្តីដណ្តឹង
អ្នកផ្លូវជម្រាបបន្តថា: បើដូច្នោះ សុំលោកមេត្តាដោះជំពាក់សម្តីនឹងញាតិនោះឱ្យទាន ក្រែងបានប្រកប និង បានជាសម្ព័ន្ធមិត្រនឹងគ្នាតរៀងទៅ… ” ។ លើកទី២ អ្នកផ្លូវ ចូលទៅដូចមុន ហើយនិយាយថា: “ …ដ្បិតជើងមុន យើងខ្ញុំសុំឱ្យលោកមេបាដោះពាក្យ ដែលជំពាក់នោះ ឥឡូវនេះលោកបានដោះរួចហើយ ឬនៅ ? ”
មេបាឆ្លើយថា “ បើដូច្នេះ អ្នកទៅវិញសិនចុះ ចាំយើងពិគ្រោះនឹងញាតិជិតឆ្ងាយមើលសិន ” ។ លើកទី៣ អ្នកផ្លូវសុំស្តីដណ្តឹងម្តងទៀត តែមេបាតូច (មេបាស្រី)ឆ្លើយថាស្រេចលើមេបាធំ (មេបាប្រុស ) ។
បន្ទាប់មកអ្នកផ្លូវទៅប្រាប់អ្នកសាមីដើមការតាមសម្ដីមេបាធំ ។
សូមទានជ្រាបជម្រាបលោកមេបាតូចធំ ត្រកូលរៀមច្បងសូមទានជ្រាប! ដ្បិតពេលនេះអ្នកសាមីដើមការ បានពឹងពររកខ្ញុំបាទនាម ……….. មានងារជា ……….. ប្រពន្ធឈ្មោះ …………. នៅភូមិ …….. សង្កាត់ ………. ស្រុក…. ខេត្ត ……….ឱ្យធ្វើជាមហា មកប្រណិប័តន៍លោកមេបាជម្រាបការមង្គលដូចតទៅ ។ ហើយបើគួរពុំគួរ សូមប្រសាសន៍ !
លោកមេបាឆ្លើយតបថា: យើងជាមេបាពិនិត្យទៅឃើញថា អ្នកទាំងបីសក្តិសមល្មមធ្វើជាមហានិយាយការមង្គលបានហើយសូមរៀបចំ ប្រាណតាមរបៀបមហាឱ្យពេញលក្ខណៈមកចុះ ។ លោកមហាម្នាក់ក៏ប្តឹងថា: បើអញ្ចឹងយើងខ្ញុំទាំងបីសូមអនុញ្ញាតពាក់អាវផាយស្រាយមាត់ថង់ តម្រង់មាត់ពែង អុជទៀនប្រណិប័តន៍ ចាក់ស្រា ឬតែពែងពីរគោរពលោកមេបាដូចតទៅ ។ សូមទានជ្រាបជម្រាបលោកមេបាតូចធំត្រកូលរៀមច្បង សូមទានជ្រាប ដ្បិតវេលាគ្រាឥឡូវលោក ……….. អ្នកស្រី ……… ជាសាមីដើមការបានពឹង យើងខ្ញុំទាំងបីនាក់ជាមហាមកប្រណិប័តន៍លោកមេបាដើម្បីសូមស្តីដណ្តឹង នាង ………. ជាកូនស្រីលោកមេបាឱ្យជាសម្ព័ន្ធវង្ស នឹងលោក ……….. ជាកូនប្រុសសាមីដើមការ ឱ្យបានជាសាច់សន្តានដ៏ជិតស្និទ្ធតទៅ គួរពុំគួរសូមមេត្តាអភ័យទោស សូមទានមានប្រសាសន៍ ។
មេបាតបវិញថា: ដែលលោកមហាជម្រាបយើងនេះ យើងក៏ស្តាប់បានតែយើងមិនដែលបានឃើញ បានស្គាល់កូនប្រុសអ្នកសាមីដើមការ មិនដឹងជាមានសណ្ឋានរូប ឆោមលោមពណ៌ល្អ អាក្រក់ ខ្វាក់ ខ្វិន គថ្លង់ ទុព្ធលភាពយ៉ាងណានោះទេ ម្យ៉ាងបើរូបសម្បត្តិល្អបរិសុទ្ធហើយ ប៉ុន្តែកិរិយាមារយាទទុរ ជនអបលក្ខណ៍ ជាអ្នកលេងល្បែងស៊ីសង មានសេពសុរាមេរ័យ ជក់អាភៀនញៀនកញ្ឆា មិនចេះធ្វើការរកស៊ីដូចអ្នក ផងទាំងពួងនោះមួយ ឬក៏មានស្រីកំណាន់ប្រកាន់ចិត្តលួចលាក់រួចហើយនោះមួយ លើសពីនេះក្រែង មានជំពាក់បំណុលបុលការប្រាក់គេនោះមួយ ហេតុនេះយើងជាមេបានឹងឆ្លើយព្រមឱ្យមិនទាន់បានទេ ចាំស៊ើបសព្ទស្តាប់មើលសិន បើឃើញថាល្អបរិសុទ្ធឥតមានមោះ ចំពោះត្រង់ណាមួយនោះ យើងជាមេបានឹងមិនជាអ្វីនោះឡើយ ។ មហាម្នាក់តបឡើងថា សាមីកូនប្រុសនឹងនាំមកជូនលោកមេបាពិនិត្យមើលឱ្យបានច្បាស់នឹងត្រង់ កិរិយាមារយាទ កូនប្រុសសាមីដើមការនោះពិតជាបុរសសុភាពរាបសាល្អបរិសុទ្ធ ឥតមានសេចក្តីសៅហ្មង ដោយបទអាក្រក់ណាមួយទេ ទាំងមានចំណេះវិជ្ជា ឆ្លៀវឆ្លាតសង្វាតរកស៊ីលើសកំលោះផងទាំងពួង ។ បើលោកមេបាស៊ើបទៅឃើញថា សាមីខ្លួនកូនប្រុសនោះជាមនុស្សជួរជាតិមារយាទអាក្រក់ក្នុងបទណាមួយ នោះ មហាខ្ញុំបាទសូមទទួល ខុសលើខ្លួនតាមច្បាប់សម្រាប់ស្រុក ។ ឯភស្តុភារបណ្ណាការក៏សូមជូនលោកមេបាពិសាទទេដោយមិនឱ្យបង់ខាត អ្វីសោះឡើយ ទោះបីជាគ្មានព្រេងសំណាងនឹងគ្នាតទៅអនាគតនោះក៏ដោយ ។ មេបាឆ្លើយតបវិញថា បើលោកមហាហ៊ានរ៉ាប់រងទទួលខុសត្រូវលើខ្លួនជាប្រាកដដូច្នោះ ពិតមែនតែគ្មានលិខិតសញ្ញា តែវាចាក្នុងទីចំណោមយ៉ាងនេះក៏បញ្ជាក់ថា យកជាកិច្ចសន្យាបានហើយ ។ បើអ្នកមហាថា ល្អប្រាកដហើយ យើងជាមេបាក៏យល់ព្រមឱ្យតែបើយើងឱ្យទៅហើយមិនទាន់ដល់ថ្ងៃរៀប មង្គលការ ប្រសិនបើស៊ើបទៅដឹងថា កូនប្រុសសាមីដើមការនោះបានប្រព្រឹត្តបទអាក្រក់ឯណាមួយនោះ យើងនឹងហៅលោកមហាមកវិញ ដោយសុំផ្តាច់សេចក្តីព្រមព្រៀងនោះវិញ ដែលមិនអាចមានបទអ្វីមកជំទាស់យើងបានឡើយ ។
លោកមហាជម្រាបតបថា : លោកមេបាមានប្រសាសន៍មកទាំងប៉ុន្មាន មហាយើងខ្ញុំសូមទទួលទាំងអស់ ។
មេបាតបជាថ្មី: បើដូច្នេះយើងក៏ព្រមឱ្យកូនស្រីយើងទៅជាគូវាសនារួមសន្តានវង្ស នឹងកូនប្រុស លោកអ្នក សាមីដើមការខាងណោះហើយ សូមលោកមហាទៅប្រាប់អ្នកសាមីដើមការ នាំនូវភស្តុភារបណ្ណាការជាជំនូនស៊ីស្លាធំភ្ជាប់ពាក្យតែម្តងចុះ ។ ក្រោយបានទទួលដំណឹងនេះហើយ លោកមេបាខាងប្រុសក៏រៀបចំជំនូនទទួលអំណរ និងស្លាម្លូសម្រាប់ ស៊ីស្លាដក់ ស្លាកន្សែង ។ បន្ទាប់មកឱ្យអ្នកមហានាំនូវភស្តុភារបណ្ណាការមកជូនលោកមេបាទទួលអំណរ ទាំងស៊ីស្លាដក់ ស្លាកន្សែង ក្នុងគ្រានោះផង ។ លោកមេបាកាលបើបានទទួលជំនូនរួចហើយក៏ប្រជុំញាតិស៊ីស្លាដក់ ស្លាកន្សែង ។ អ្នកមហាត្រូវលើកថង់រង ឯអ្នកផ្លួវត្រូវលើករងសម្ងាច មានម្លូមូរ ២ សន្លឹក ហៅថាស្លាមាត់ចាបដាក់ជូនមេបា ។ ភស្តុភារបណ្ណាការមានផ្លែឈើ៣៦មុខ មួយមុខមួយគូរ ព្រមជាមួយរបស់បញ្ចាំចិត្ត គ្រឿងមាស ពេជ្រ និង គ្រឿងអាភរណៈទាំងពួងតាមកម្លាំងធនធាន ។ លោកចៅមហាក៏ចាប់ផ្តើមនិយាយការ: សូមទានជ្រាបជម្រាប លោកមេបាដ្បិតជើងមុនមហាខ្ញុំបាទបានចូលមកសុំស្តីដណ្តឹងលោកមេបា ក៏បានអនុញ្ញាតព្រមឱ្យ ឥឡូវនេះលោក សាមីដើមការឱ្យមហាខ្ញុំបាទនាំយកភស្តុភារបណ្ណាការ និងរបស់បញ្ចាំ(កំជាប់)ចិត្ត ព្រមទាំងសូមស៊ីម្លូស្លាភ្ជាប់ពាក្យ តែម្តង សូមលោកមេបាអនុញ្ញាតតាមការគួរ ។ ពេលនោះ មេបាក៏បានឆ្លើយយល់ព្រមតាមពាក្យដែលមហាបានស្នើសុំ ។
លោកមហា ក៏ចាត់ក្មេងប្រុសម្នាក់បីថង់រងជូនមេបាធំ (ប្រុស ) និងអ្នកផ្លូវក៏ចាត់ឱ្យក្មេងស្រីម្នាក់ បីថង់រងជូនទៅលោកមេបាតូច (ស្រី ) បន្ទាប់មកត្រូវឱ្យមេបាតូចធំណាម្នាក់ដែលមានអាយុច្រើនជាងគេ (ច្បង ) ចាប់យកម្លូពីរសន្លឹកមុនគេ ទើបមេបាដែលមានអាយុតិចជាងបន្តបន្ទាប់គ្នា ចាប់យកម្លូពីរសន្លឹកម្នាក់ ទាល់តែអស់ញាតិ ។ បន្ទាប់ទៀតកុមារានិងកុមារីត្រូវលើកថង់រងទៅឱ្យមេបាធំច្បងគេនោះ ចាប់យកម្លូម្តងទៀតមកបៀកពិសាបែបនោះហៅថា “ ពិសារស្លាប្រសព្វមុខ ” ជាមួយនោះមេបាទាំង សង្ខាងព្រមទាំងញាតិសាច់សាលោហិត ទាំងអស់ក៏ប្រសិទ្ធពរជ័យសិរីមង្គលជូនដល់សាមីខ្លួនជូនកូនប្រុស ស្រី ដែលនឹងក្លាយជាគូស្វាមីភរិយាថ្មីឱ្យប្រកបសេចក្តីសុខចម្រើន ។
បន្ទាប់មកអ្នកផ្លូវក៏យកគ្រឿងអភរណៈទៅបំពាក់ជូនសាមីខ្លួនខាងស្រី ឬក៏ប្រគល់ឱ្យទៅមេបាខាងស្រីតែម្តងក៏បាន ។
ដើម្បីលោះព្រលឹង កូនស្រី គេអាចធ្វើពិធីជញ្ជាត់ព្រលឹង ឬគួចព្រលឹង ដោយឱ្យកូនប្រុសនិងកូនស្រីបំពាក់ គ្រឿងអលង្ការ បញ្ចាំចិត្តគ្នាទៅវិញទៅមក ដើម្បីជាអនុស្សាវរីយ៍តរៀងទៅ ។