ប្រើស្វាឲ្យស្រោចដំណាំ

អារាមទូសកជាតក

កាលគ្រាព្រះសម្មាសម្ពុទ្ធគង់នៅជេតវ័ន ព្រះអង្គបានសម្តែងជាតកដល់អារាមទូសកៈ (អ្នកថែរក្សាឧទ្យាន) ដែលទុកចិត្តកូនប្រុសខ្លួនឲ្យបំពេញតួនាទីជំនួស ពេលដែលខ្លួនមិននៅរហូតធ្វើឲ្យខូចខាតឧទ្យាន ទើបទ្រង់សម្តែងពីទោសនោះថា ៖

កាលកន្លងទៅ នៅសម័យព្រះបាទព្រហ្មទត្តគ្រងរាជ្យនៅក្រុងពារាណសី ព្រះអង្គបានរៀបចំពិធីកម្សាន្តមួយនៅក្នុងទីក្រុង ដោយឲ្យអ្នកថែឧទ្យានម្នាក់ទៅចូលរួមក្នុងពិធីកម្សាន្តនោះដែរ។ ពេលនោះគាត់ក៏បានសុំពឹងពាក់ពួកហ្វូងស្វាទាំងឡាយដែលនាំគ្នាមកលេងក្នុងឧទ្យាននោះ ឲ្យជួយស្រោចទឹកផ្កាឲ្យផង ពេលខ្លួនមិននៅ។ ហ្វូងស្វាក៏យល់ព្រមជួយស្រោចផ្កាឲ្យ ប៉ុន្តែពួកវាមិនដឹងអំពីដើមឈើផ្កាព្រៃអ្វីសោះទើបបានត្រឹមតែស្រោចៗទៅយ៉ាងជោកជាំបណ្តាលឲ្យអស់ទឹកជាច្រើន។

ស្តេចស្វាខ្លាចក្រែងពួកបរិវារចេះតែស្រោចទាំងមិនដឹងអីបែបនេះតទៅទៀតនឹងគ្មានសល់ទឹកឲ្យហ្វូងស្វាផឹកទេ ទើបប្រាប់ទៅពួកបរិវារទាំងឡាយថា “ចូរពួកឯងផ្អាកស្រោចទឹកសិន! បើចេះតែស្រោចបែបនេះប្រយ័ត្នអស់ទឹកប្រើវ៉ើយ! ហេតុនេះចូរពួកឯងដកដើមឈើផ្កាទាំងអស់នោះមកមើលឫសរបស់វានោះទៅថា តើឫសរបស់វាវែងប៉ុណ្ណា ? ហើយចាំស្រោចទឹកទៅតាមប្រវែងឫសរបស់វានោះទៅ!” ពួកបរិវារស្វាស្តាប់ឮដូច្នេះ ក៏នាំគ្នាដកផ្កាទាំងអស់មកមើលឫសរបស់វា ជាហេតុធ្វើឲ្យឧទ្យានទាំងមូលត្រូវបំផ្លាញខ្ទេចអស់។

គ្រានោះ តថាគតជាបណ្ឌិត បានដើរកាត់តាមនោះក៏ឃើញហ្វូងស្វានាំគ្នាដកផ្កានៅក្នុងឧទ្យានយ៉ាងសប្បាយក្អាកក្អាយ ទើបទ្រង់ហៅស្តេចស្វាមកសួរពីមូលហេតុ។ នៅពេលជ្រាបសេចក្តីហើយ ទ្រង់ក៏ពោលថា “ការសុំជំនួយពីមនុស្សដែលគ្មានេជំនាញនឹងកិច្ចការនោះ គឺប្រៀបដូចជាឲ្យគេមកបំផ្លាញការងាររបស់ខ្លួនទៅវិញទេ!”

កាលក្រោយមក ស្តេចស្វាកើតជាកូនរបស់អារាមទូសកៈ ហើយបណ្ឌិតនោះគឺតថាគត។

អ្នកមានបញ្ញា

ត្រូវចេះប្រើមនុស្សឲ្យត្រូវតាមជំនាញនិងសមត្ថភាពរបស់គេ។

Leave a Reply

Your email address will not be published.