ប្រពៃណីការអប់រំខ្មែរ

ទេពកោសល្យទាំងនេះ បានបង្កើតមានដោយសារជនជាតិខ្មែរចូលចិត្តរៀនសូត្រវិជ្ជាហើយមានស្មារដីផ្ចិតផ្ចង់ការងារណាស់។ នៅសម័យហ៊្វូណន ក្នុងគ.ស.ទី៣ យើងបានដឹងថាមានឯកសារជាច្រើនណាស់ស្តីអំពីវិជ្ជានិងការងារផ្សេងៗដែលគេរក្សាទុកក្នុងបណ្ណាល័យនានា។ នៅក្នុងលទ្ធិព្រាហ្មណ៍សាសនា គេរៀនសូត្រជាច្រើនបំផុតអំពីគម្ពីរ «វេទ» (les Vedas) ជាភាសាសំស្រ្កឹត ដែលនៅក្នុងនោះមានវិជ្ជាសព្វយ៉ាង ជាអាទិ៍គឺសាសនាអក្សរសាស្រ្ត វេយ្យាករណ៍ ច្បាប់(នៃអាទិទេព) វេជ្ជសាស្រ្ត គណិតសាស្រ្ត តារាសាស្រ្ត ស្ថាបនកម្ម សេដ្ឋសាស្រ្តកសិកម្មនយោបាយសង្រ្គាមសាស្រ្តនិងសិល្បសាស្រ្ត ឬបច្ចេកទេសផ្សេងៗទៀត។

ការចេះដឹងរបស់អ្នកប្រាជ្ញខ្មែរនាសម័យនោះបានលេចឮទៅទីឆ្ងាយៗណាស់។ នៅសត-វត្សរ៍ទី៣ ប្រទេសចិនបាននិមន្តមហាភិក្ខុខ្មែរខាងពុទ្ធសាសនាជាច្រើនអង្គ ឲ្យទៅបង្ហាត់បង្រៀន ពុទ្ធសាសនានៅប្រទេសគេ។ ក្រោយមកទៀតចិនបាននាំយកតន្រ្តីខ្មែរឲ្យទៅសំដែង និងបង្ហាត់បង្រៀនពួកអ្នកតន្រ្តីគេដែរ។ នៅក្រុងអង្គរមានពួកអ្នកប្រាជ្ញល្បីៗ ឥណ្ឌា និង ជ្វាមកសិក្សានៅសាកលវិទ្យាល័យខ្មែរជាបន្តបន្ទាប់។ នៅសម័យនោះស្រ្តីខ្មែរក៏មានចំណេះវិជ្ជាខ្ពង់ខ្ពស់មិនចាញ់ប្រុសទេ។ នៅសម័យក្រោយៗមកទៀតខ្មែរក៏តែងតែអប់រំកូនចៅខ្លួនក្នុងគោលការណ៍ធំៗពីរជានិច្ចគឺកូនស្រីប្រុស៖

១- ត្រូវយល់ថាចំណេះវិជ្ជាជាប្រភពនៃទ្រព្យសម្បត្តិនិងឫទ្ធានុភាព ហេតុនេះគេត្រូវស្វែងរកចំណេះវិជ្ជាជានិច្ចកាល។

២- ត្រូវកាន់ខ្ជាប់ខ្ជួននូវវិស័យសីលធម៌និងវិស័យកិរិយាមារយាទក្នុងជីវភាពផ្ទាល់ខ្លួន និងជាមួយអ្នកផងក្នុងសង្គម។ នេះគឺដើម្បីរក្សា «ឯកភាព» នៃសង្គមដោយខ្មែរបានគិតថាមនុស្ស    ម្នាក់ៗត្រូវដឹងអំពី «ទីកន្លែង» របស់ខ្លួននៅក្នុងសង្គមគឺក្នុងគ្រួសារក្នុងភូមិស្រុកឬក្នុងសហគមន៍ជាតិបើពុំដូច្នោះទេអ្នកនោះឯង មនុស្សជួជាតិប៉ុន្តែ «ទីកន្លែង» នោះអាចផ្លាស់ប្តូរដោយសារគុណសម្បត្តិ ឬគុណវិបតិ្តជាបន្ទាប់មករបស់មនុស្សនោះដែរ។

វិន័យផ្ទាល់ខ្លួននិងវិន័យក្នុងសង្គម

លទ្ធិមត្តេយ្យកាខ្មែរនៅមានអានុភាពជាខ្លាំងនៅសម័យហ៊្វូណន (នគរភ្នំ) រហូតដល់សម័យអង្គរធំនៃព្រះបាទជ័យវរ្ម័នទី៧។ នៅសម័យនោះ ស្តេចដែលដណើ្តមអំណាចបានដោយកម្លាំងឃោរឃៅតែងតែយកមហេសី ឬបុត្រីស្តេចដែលចាញ់ខ្លួននោះធ្វើជាមហេសីខ្លួនដើម្បីឲ្យរាជ្យខ្លួនមានលក្ខណៈត្រឹមត្រូវ និងស្របច្បាប់ប្រពៃណី។ ដោយសារអានុភាពនេះ       ខ្មែរទូទៅតែងប្រាថ្នាចង់បានកូនស្រីជាអ្នកទទួល នូវមរតកទ្រព្យសម្បត្តិ ហើយនិងនៅថែរក្សាម្តាយឪពុកជានិច្ច។ នៅគ្រប់សម័យប្រជាជនខ្មែរគោរពសិទ្ធិសេរីភាពរបស់ស្រីដូចគ្នា នឹងប្រុសយ៉ាងហោចណាស់ចំពោះភែ្នកសង្គម។ ចំណុចទាំងនេះខុសអំពីទស្សនៈរបស់ឥណ្ឌា ឬចិន។ ម៉្យាងទៀតខ្មែរមហាគ្រួសារតែមួយ ដែលមានសមាជិកហៅរកគ្នាថា ជាបង ប្អូន ពូ មីង យាយតា…………ដូចនៅក្នុងគ្រួសារផ្ទាល់របស់ខ្លួន។

តាំងពីកំណើតរហូតដល់អាយុ ៧ឬ៨ឆ្នាំកូនខ្មែររស់នៅក្នុងសេរីភាពនៅក្នុងជំរុំគ្រួសារផងនិងនៅក្នុងបរិវេណនៃអ្នកជិតខាងនៅក្នុងភូមិស្រុកជាមួយផង។ ម្តាយឪពុក បងៗ និងអ្នកជិតខាងតែងជួយបង្ហាត់បង្រៀនកុមារតូចៗឲ្យលេងល្បែងឲ្យចេះហែលទឹក ឲ្យរៀនធ្វើកិច្ចការបន្តិច  បន្តួច។ ចាប់ពីអាយុ៧ឬ៨ឆ្នាំកូនប្រុសៗត្រូវទៅរៀនអក្សរ លេខនព្វន្តការងារជាងនិងធម៌អាថ៌នៅសាលា (អាស្រមវត្ត)។ យុវជនដែលមានប្រាជ្ញាឈ្លាសវៃ អាចនឹងបន្តការសិក្សាជាមួយនឹងគ្រូ   អាចារ្យនៅទីក្រុងទៀត។ ប៉ុន្តែជនជាតិខ្មែរតែងយកចិត្តទុកដាក់ជាបឋមក្នុងការអប់រំសីលធម៌និងកិរិយាមារយាទរបស់កូនស្រីប្រុស។ ការអប់រំនេះមានទ្រង់ទ្រាយពីរយ៉ាង គឺមានការរៀបចំពិធីផេ្សងៗផង និងការបង្រៀនក្បួន «ច្បាប់»សាស្រ្តាគម្ពីរផេ្សងៗឲ្យចេះចាំស្ទាត់ផង។ ពិធីអប់រំតាមទំនៀមទម្លាប់ មានរៀបចំហូរហែក្នុងឱកាសអាពាហ៍ពិពាហ៍ខ្មែរ ដូចជាពិធីសូមការអនុញ្ញាតិអំពីមេ-បា ពិធីគោរពក្រុមគ្រួសារទាំងសងខាង ពិធីកាត់សក់ ពិធីខាត់ធេ្មញ ពិធីបង្វិលពពឹល  ពិធីបង្ហាញគូស្រករថ្មីដល់សហគមន៍ភូមិស្រុក ។ល។ ពិធីអាពាហ៍ពិពាហ៍ខ្មែរជាការផ្សំផ្គុំមនុស្សពីរនាក់ជាគូនឹងគ្នាហើយ តែក៏ជាពិធីបង្រួបបង្រួមគ្រួសារពីរព្រមទាំងក្រុមញាតិ «ទាំង៧    សន្តាន» ទាំងសងខាងនិងអ្នកភូមិស្រុកទាំងពីរ    ផង។ ពាក្យថា «មេបា» មិនមានន័យត្រឹមតែម្តាយឪពុកជីដូនជីតាទេ។ «មេ» គឺធាតុឬព្រលឹងដែលផ្តល់ជីវិត។ «បា» គឺធាតុឬព្រលឹងដែលការពារជីវិត។ «អ្នកតា» ជាព្រលឹងនៃបុរសដែលការពារភូមិស្រុក៕

ការអប់រំមួយផ្នែកទៀតគឺការ បង្រៀន «ច្បាប់» ទូន្មានខ្លួនជាច្រើន         ចំពូក។ កម្រង «ច្បាប់» ទាំងនោះពិតជាមរតកសីលធម៌ និងសម្បត្តិសតិបញ្ញាមួយរបស់     ប្រជាជាតិខ្មែរ ដែលគេបានតាក់តែងនិងបង្រៀនគ្នីគ្នាពីស្រករមួយទៅស្រករមួយទៀត ជាច្រើនរយឆ្នាំមកហើយ (ប្រហែលជាសម័យលងែ្វកមកឬពីមុននោះផង)។ គេបានតែង«ច្បាប់»ទាំងអស់នោះជាបទកំណាព្យផ្សេងៗ ដើម្បីឲ្យអ្នកស្តាប់ចាប់ចិត្តនិងចងចាំសេចក្តីដោយងាយ។ «ច្បាប់»ដែលគេស្គាល់ច្រើនគឺច្បាប់ប្រុស ច្បាប់ស្រី ច្បាប់កូនចៅ ច្បាប់កេរកាល ច្បាប់ក្រម  ច្បាប់ត្រីនេតិ​ ច្បាប់ពាក្យចាស់ ច្បាប់ទូន្មានខ្លួន ច្បាប់វិធូរបណ្ឌិត ច្បាប់រាជនេតិ (ឬច្បាប់ព្រះរាជសម្ភារ)។ «ច្បាប់» ទាំងនេះជាកម្រងវិន័យសំរាប់កសាងគំនិតស្មារតីនៃបុគ្គលម្នាក់ៗ ហើយប៉ុន្តែសំខាន់បំផុតគឺវិន័យដែលបុគ្គលម្នាក់ៗ ត្រូវកាន់ក្នុងកិរិយាមារយាទខ្លួនចំពោះអ្នកនៅជុំវិញខ្លួន មានម្តាយឪពុកបងប្អូន គ្រូអាចារ្យប្តីឬប្រពន្ធមនុស្សចាស់ទុំ ឬអ្នកមានអំណាចដឹកនាំ៕

ស្រាវជ្រាវដោយៈ ភិក្ខុ ឥន្ទជោតោ

 

Leave a Reply

Your email address will not be published.