ប្រតិកម្ម​ រឿង​ស្រះ​គូ នៅ​ខេត្ត​ព្រះ​ត្រពាំង ត្រូវ​គោក​

នៅពេលថ្មីនេះ មរណីដ្ឋានស្រះគូ នៅខេត្ត ព្រះត្រពាំង ត្រូវរីងស្ងួត ដែលមិនធ្លាប់មានតាំងមុនមក ធ្វើឲ្យមានការងឿងឆ្ងល់ និងប្រតិកម្មយ៉ាង ខ្លាំង នៅតាមបណ្ដាញសង្គម Facebook ពីសំណាក់ ព្រះសង្ឃ និង ពលរដ្ឋខ្មែរក្រោម នៅទូទាំងដែនដីកម្ពុជាក្រោមថា រដ្ឋាភិបាលបក្សកម្មុយនិស្តវៀតណាម មិនបានគិតគូរដល់បញ្ហានេះ ហើយមានបំណងចង់លុបបំបាត់ដាន ទីតាំងប្រវត្តិសាស្ត្រ នៅដែនដីកម្ពុជាក្រោម។ ដោយសារឃើញគ្មាន ចំណាត់ការណាមួយ ពីរដ្ឋាភិបាលវៀតណាម និង មន្ត្រីសង្ឃខ្មែរ នៅខេត្ត ព្រះត្រពាំង ទើបព្រះសង្ឃ បានអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោម មកជួបជុំគ្នានៅស្រះគូ ដើម្បីនាំគ្នាស្ដារឡើងវិញ ដោយខ្លួនឯង ក្នុងនាមជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម។ ការបញ្ចេញមតិ និងសេចក្ដីអំពាវនាវនេះ បានធ្វើឡើងទៅតាមគណនេយ្យ Facebook នីមួយៗ អមដោយទិដ្ឋភាពនៅរមណីយដ្ឋានស្រះគូ បច្ចុប្បន្ន ដែលត្រូវបានរីងស្ងួត ដីបែកក្រហែង និងទិដ្ឋភាព មនុស្សជាច្រើនកំពុងតែប្រមាញ់ចាប់ត្រីក្នុងស្រះ យ៉ាងអនាធិបតេយ្យ។

ទិដ្ឋភាពស្រះគូ បានក្លាយទៅជាស្រះគោក ដែលមានដីបែកល្ហែង និងក្រុមមនុស្សកំពុងតែប្រមាញ់ចាប់ត្រីនៅក្នុងស្រះនោះ ត្រូវក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ផ្សព្វផ្សាយ និងចែករំលែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតអមជាមួយនឹងពាក្យស្ដីបន្ទោសយ៉ាងខ្លាំង ទៅរដ្ឋាភិបាលវៀតណាម និងគណៈមន្ត្រីសង្ឃខ្មែរខេត្ត ព្រះត្រពាំងថា មិនបានអើពើ ដល់បញ្ហាដែលកំពុងកើតឡើង ។

នៅលើគណនេយ្យ Facebook ឈ្មោះកែវ វីរៈ (Keo Vira) បានបង្ហោះនូវវីដេអូ យុវជនម្នាក់កំពុងតែអង្គុយផ្លុំខ្លុយនៅមាត់ស្រះគូ អមជាមួយនឹងរូបភាពស្រះ ដែលកំពុងរីងស្ងួត ហើយនឹងមានសរសេរអំពីការយល់ឃើញរបស់ខ្លួន ដើម្បីសម្ដែងនូវអារម្មណ៍ខ្លួនថា ៖ “ផ្លុំតាមចិត្ត មិនត្រូវបែបបទអ្វីទេ សូមអធ្យាស្រ័យដល់ខ្ញុំផង។ ដែលយក ទេសភាពគូស្រះស្រី ដើម្បីនិយាយអំពីអារម្មណ៍ របស់ខ្ញុំ នៅពេលនេះ ” ។

នៅលើគណនេយ្យ Facebook ឈ្មោះខ្មែរឯករាជ្យ (Khmer Ekareach) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៦ នេះ បានបង្ហោះរូបថត ព្រះសង្ឃមួយក្រុម មកប្រមូលផ្ដុំគ្នានៅក្បែរស្រះគូ ហើយបានបង្ហោះពាក្យថា “ថ្ងៃនេះ យើងខ្ញុំនៅគ្រប់និគម ស្រុកនានា បានមកជួបគ្នា នៅរមណីយដ្ឋាន គូស្រះស្រី ដើម្បីសង្កេតមើលអបាតុភូត នៃការគោករីងស្ងួតរបស់ស្រះគូ ” ។

គណនេយ្យ Facebook ខ្មែរឯករាជ្យបានបន្តថ្កោលទោសរដ្ឋាភិបាលយួនថា ៖ “យួនកំពុងតែយកកាំបិតមកផ្ជុងកខ្មែរ។ ហើយកាត់សរសៃដៃ បង្ហូរឈាមខ្មែរកម្ពុជាក្រោម ឲ្យហូរស្លាប់យ៉ាងឈឺចាប់ រីងរៃ បន្តិចម្តងៗ ” ។

គណនេយ្យ ខ្មែរឯករាជ្យបានបន្តចោទសួរ ក្នុងលក្ខណៈស្ដីបន្ទោស ចំអកដល់មន្ត្រីសង្ឃ មន្ត្រី តំណាងខ្មែរក្រោម ដែលមានមុខងារ នៅក្នុងរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមថា ៖ “ តើអ្នកធំ ខ្មែរ ត្រូវថ្នាំសណ្តំ របស់យួនអស់ហើយឬ ? មន្រ្តីសង្ឃខ្មែរទៅណាអស់ហើយ ?។ ស្រះគូក៏គោក ខ្លោងទ្វារ ក៏ត្រូវយួនបំផ្លាញចោល តើនេះជាគោលនយោបាយ រក្សាវប្បធម៌របស់ខ្មែរ ដែលពួកមន្ត្រី ខ្មែរ និងមន្ត្រីសង្ឃ ថ្នាក់ធំតែងដើរប្រកាសក្តែងៗ ថា យួនជួយខ្មែរ មិនបំបាត់វប្បធម៌ខ្មែរ ទៅណា បាត់អស់ហើយមិនបើកភ្នែកមើលទេឬ ?”

ចំណែក ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង អតីតសាស្ត្រាចារ្យ វិជ្ជាស្ថានពុទ្ធសាសនាខ្មែរនៅ ទីក្រុង ព្រៃកឫស្សីបានលើកឡើងថា ប្រសិនបើ    រដ្ឋាភិបាលវៀតណាម និងគណៈមន្ត្រីសង្ឃខ្មែរនៅកម្ពុជាក្រោម មិនបានគិតគូរដល់បញ្ហានេះទេ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ទាំងអស់ត្រូវតែនាំគ្នាមកប្រមូលផ្ដុំ សាមគ្គីគ្នាស្ដារស្រះនេះឡើងវិញ ដោយខ្លួនឯង ដូចកាលសម័យ ដែលដូចតាខ្មែរបានជីកស្រះ កាលពីសម័យបុរាណឡើងវិញ។ នេះបើយោងតាមថេរដីការបស់ព្រះអង្គដែលបានថ្លែង នៅក្នុងកិច្ចពិភាក្សាមួយ ជាមួយនឹងព្រះតេជ ព្រះគុណ សឺង យ៉ឹងរតនា ប្រធាននាយដ្ឋានព័ត៌ មានសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាអភិបាលសារព័ត៌មានព្រៃនគរ ស្ដីអំពីបញ្ហាស្រះគូ ដែលត្រូវរីងស្ងួត ។

លោក ត្រឹង ថាន់ទឿង (Trần Thanh Thưởng) នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ខេត្ត ព្រះត្រពាំង (Sở Văn hóa, Thể thao và Du lịch Trà Vinh) នៃរដ្ឋាភិបាលវៀតណាមបានថ្លែងប្រាប់ សារព័ត៌មានរដ្ឋបក្សកុម្មុយនិស្តវៀតណាម ទាក់

ទងនឹងករណីស្រះគូដែលត្រូវរីងស្ងួតថា ៖ “ ស្រះ គូ បានបង្កើតឡើងតាមបែបធម្មជាតិ ទើបគេមិនអាចស្ដារបានទេ។ នៅពេលថ្មីៗនេះ ដោយសារ មិនមានភ្លៀង ទើបនាំឲ្យស្រះគោក។ ស្ថានភាពគោករាំងឆ្នាំនេះ ខ្លាំងជាងឆ្នាំមុនៗ។ ស្រះគូជាស្ថានកេរដំណែលថ្នាក់ជាតិ វាចាំបាច់ត្រូវសុំយោ បល់ពីក្រសួងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ (Bộ VH-TT-DL)។ ពេលណាក្រសួងយល់ព្រមទើបយើងប្រជុំស្ថាប័នពាក់ព័ន្ធ រួចចេញនូវគម្រោងស្ដារឡើងវិញ ” ។

សូមបញ្ជាក់ស្រះគូ ឬគូស្រះស្រីជារមណីយដ្ឋាន ដ៏ល្បីឈ្មោះមួយស្ថិតនៅក្នុងភូមិតាគូ ឃុំសំរោង ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង (ấpTà Cụ, xã Nguyệt Hóa, huyện Châu Thành) ដែនដីកម្ពុជាក្រោម។ សព្វថ្ងៃ ទីតាំងរបស់ស្រះគូត្រូវរដ្ឋាភិបាលវៀតណាម ប្ដូរអាសយដ្ឋានថ្មី ទៅជាសង្កាត់ទី ៣ ខណ្ឌ ទី៨ ទីក្រុង ព្រះត្រពាំង (khóm 3, phường 8 thành phố Trà Vinh ) ។ ស្រះគូនៅជាប់នឹងវត្ត អង្គររាជបុរី (អង្គ) និងសារមន្ទីរខ្មែរខេត្តព្រះត្រពាំង ចម្ងាយពីមជ្ឈ មណ្ឌលទីក្រុង ព្រះត្រពាំង ប្រមាណ៧ គីឡូម៉ែត្រ តាមបណ្ដោយជាតិលេខ ៥៣។ស្រះគូមានទំហំ ទទឹង ៣០០ម៉ែត្រ និងបណ្ដោយ៥០០ម៉េត្រក្នុងបរិ វេណផ្ទៃដី ១០០.០០០ ម៉ែត្រការ៉េ ក្នុងនោះផ្ទៃដី ស្រះប្រមាណ ៤៣.០០០ ម៉ែត្រការ៉េ។ នៅជុំវិញបរិវេណស្រះមានដើមឈើទាល និងគគីរដែលមាន អាយុកាលរាប់ឆ្នាំ ដោយមានឫសគងនៅលើដី កម្ពស់ជិត ២ម៉ែត្រ បង្កើតទៅជាទេសភាពធម្មជាតិមួយយ៉ាងស្រស់ត្រកាល ។

វត្ត អង្គររាជបុរី ( អង្គ ) ដែលនៅជិតស្រះគូនោះ បានកកើតឡើងនៅចុងសតវត្សទី១០ ក្នុង  គ្រឹសសករាជ ៩៩០។ បើគិតមកដល់ឆ្នាំ ២០១៦នេះ វត្ត អង្គររាជបុរី (អង្គ) ដែលមានអាយុកាល ១.០២៦ឆ្នាំ ។

ឆ្នាំ ១៩៩៦ បរិវេណវត្ត (អង្គ) និង ស្រះគូ ត្រូវបានមន្ទីរវប្បធម៌ និងព័ត៌មាននៃរដ្ឋាភិបាល     បក្សកុម្មុយនិស្តវៀតណាម ទទួលស្គាល់ថាជា “កេរ ដំណែលវប្បធម៌ ប្រវត្តិសាស្ត្រថ្នាក់ជាតិ” របស់ប្រទេសវៀតណាម។
ស្រះគូ ជាទីកំសាន្ត និងកន្លែងសម្រាប់ចាត់តាំងបុណ្យជាតិសំខាន់ៗ របស់ពលរដ្ឋខ្មែរក្រោម នៅខេត្ត ព្រះត្រពាំង ដូចជាពិធីបុណ្យ អកអំបុកនិងពិធីបុណ្យចូលឆ្នាំជាដើម៕

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

 

Leave a Reply

Your email address will not be published.