ប្រឈមមុខនឹងភាពភ័យខ្លាច

ចំណេះវិជ្ជា បទពិសោធន៍ និងសេចក្តីក្លាហានអាវុធដ៏មានប្រសិទ្ធិភាពសម្រាប់ទប់ទល់នឹងភាពភ័យខ្លាច។ មនុស្សម្នាក់អាចលោតពីលើយន្តហោះដែលកំពុងហោះនៅរយៈកំពស់ដ៏ខ្ពស់មួយដោយពុំមានចិត្តស្ទាក់ស្ទើរអ្វីសោះឡើយ។ មនុស្សម្នាក់ទៀតអាចឈរនិយាយនៅមុខចំណោមមនុស្សរាប់ពាន់នាក់ដែលពុំមានអារម្មណ៍ភិតភ័យបន្តិតបន្តួចឡើយ។ ការភ័យខ្លាចមួយចំនួនគឺសមហេតុផល មួយចំនួនទៀតគឺពុំសមហេតុតផលអ្វីឡើយ ប៉ុន្តែវាជារឿងដែលអាស្រ័យទៅលើបុគ្គលម្នាក់ៗ ហើយវាពិតជាមានប្រាដកមែន។ យ៉ាងណាក៏ដោយមនុស្សគ្រប់រូបតែងចេះខ្លាច ចៀសមិនផុតឡើយ។

ដើម្បីបំបាត់ភាពភ័យខ្លាច ដំបូងឡើយអ្នកត្រូវតែប្រឈមមុខនឹងវាជាមុនសិន។ ការលេងកីឡាហែលខ្យល់លើអាកាស ឬការនិយាយចំពោះមុខសាធារណជនរាប់ពាន់នាក់ចាប់ពីលើកទីពីរឡើងទៅពុំពិបាកដូចលើកដំបូងឡើយ។ មធ្យោបាយដ៏ល្អបំផុតដែលអាចសម្រួលដល់ការសាកល្បងនឹងភាពភ័យខ្លាច គឺបានមកពីការរួមផ្សំបញ្ចូលគ្នារវាងការស្វែងយល់ពីការពិត (តក្កវិទ្យា) និងសេចក្តីក្លាហាន។ តាមការពិតនៃតក្កវិទ្យា គឺការលោតពីយន្តហោះលេងកីឡាហែលខ្យល់លើអាកាស និងការដែលត្រូវនិយាយនៅមុខមហាជនដ៏ច្រើនលើសលប់នោះ វាមិនបណ្តាលឱ្យស្លាប់ឡើយ។ គេអាចធ្វើបានយ៉ាងជោគជ័យតាមរយៈការត្រៀមលក្ខណៈដ៏ប្រសើរមុនពេលធ្វើអ្វីមួយនោះ។ ប្រសិនបើអ្នកកីឡារូបនោះ បានរៀបចំឧបករណ៍នានាត្រឹមត្រូវអស់ហើយ ហើយបានហ្វឹកហាត់រួចរាល់ទៀតនោះ គេពីតជាអាចលោតបានហើយ។ ប្រសិនបើអ្នកបានព្រៀងអ្វីដែលត្រូវនិយាយរួចហើយ បានសាកល្បងល្អហើយ អ្នកប្រាកដជាអាចនិយាយបានល្អជាមិនខានឡើយ។

ចូរព្យាយាមចំណាយពេលនៅក្បែរៗមនុស្សដែលមានជំនឿចិត្តខ្ពស់ ឱ្យបានច្រើនតាមតែអាចធ្វើបាន។ ចូរព្យាយាមពន្យល់ខ្លួនឯងថា មានមនុស្សបានជម្នះអ្វីដែលខ្លួនឯងធ្លាប់ខ្លាចបានជោគជ័យ រួចហើយ ហើយត្រូវប្តេជ្ញាព្យាយាមធ្វើឱ្យបានជោគជ័យដូចគេដែរ។ កម្លាំងចិត្តកើត និងកើតឡើងនៅពេលដែលយើងចាប់ផ្តើមធ្វើ។ ចូរប្រឈមមុននឹងភាពភ័យខ្លាចមួយលើកហើយបំភ្លេចវាចោល កុំទុកក្នុងចិត្តតទៅទៀត។ បន្ទាប់ពីប្រឈមមុខនឹងភាពភ័យខ្លាចមួយហើយ អ្នកនឹងមានអារម្មណ៍រំភើប សប្បាយ និងពេញចិត្តនឹងជីវិតរបស់ខ្លួន។ ចូរចាំថា “បើគ្មានភាពភ័យខ្លាច គឺគ្មានកម្លាំងចិត្ត”។ ភាពភ័យខ្លាចជាអ្នកផ្តល់ឱកាសឱ្យយើងសាកល្បងកម្លាំងចិត្ត និងបង្កើតសេចក្តីក្លាហាន។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី២៥)

Leave a Reply

Your email address will not be published.