
ជាគោលការណ៍នៅរៀងរាល់ដំណាច់ខែ យើងតែងតែបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែ និងដំណាច់ឆ្នាំក៏ដូច្នោះដែរយើងប្រជុំបូកសរុបសកម្មភាពការងារ ក្នុងរយៈពេលមួយឆ្នាំ ដើម្បីថ្លឹងថ្លែងមើលថាតើការអនុវត្តផែន ការដែលបានលើកឡើងសម្រាប់រយៈពេលពេញមួយឆ្នាំកន្លងបានសម្រេចជោគជ័យ ឬក៏បរាជ័យ ប្រសិនបើការអនុវត្តនោះបរាជ័យវិញ យើងនឹងជជែកស្វែងរកចំណុចដែលខុស ដើម្បីកែលម្អឲ្យបានល្អទៅឆ្នាំខាងមុខទៀត។ ទន្ទឹមនឹងការពិភាក្សាបូកសរុបសមិទ្ធផលការងារឆ្នាំចាស់នោះ យើងក៏បានចាប់ផ្ដើមសម្លឹងមើលទៅទិសដៅខាងមុខថាត្រូវធ្វើអ្វីទៀតនៅពេលអនាគត ពោលគឺ រៀងរាល់ឆ្នាំ បន្ទាប់ពីយើងប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំចាស់រួច យើងក៏បើកកិច្ចពិភាក្សាទៅលើផែនការការងារសម្រាប់ឆ្នាំថ្មីបន្តទៀតដែរ។
កាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០១៤ នៅការិយាល័យកណ្តាល នៃសម្ព័ន្ធសមណ-និស្សិតនិស្សិត-ខ្មែរកម្ពុជាក្រោម នាវត្តបទុមវតី កុដិលេខ១៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជាធានីភ្នំពេញ បានប្រារព្ធកិច្ចប្រជុំដំណាច់ឆ្នាំ២០១៤ រយៈពេលមួយថ្ងៃ ដើម្បីធ្វើការបូកសរុបសមិទ្ធ-ផលប្រចាំឆ្នាំ ក្រោមអធិបតីភាព ព្រះប្រធាន យឿង តារា។
ក្រោយពីកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ យើងក៏ទទួលបាននូវសមិទ្ធផលជាផ្លែផ្កា មានដូចខាងក្រោម៖
១. ផ្នែកអប់រំ៖
ក. យើងបានបញ្ជូលព្រះសង្ឃទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃចំនួន៩អង្គ
ខ. យើងបានផ្តល់នូវអាហារូបករណ៍ដល់សមណនិស្សិតនិងនិស្សិតក្រីក្រដែលកំពុងសិក្សានៅព្រះរាជាណាចក្រកម្ពុជាចំនួន ១៨ អង្គនិងនាក់ និងបានជូនសម្ភារៈសិក្សាមានសៀវភៅសរសេរ ប៊ិច និងថវិកាបន្តិចបន្តួចដល់ប្អូនជាសិស្សានុសិស្ស ដែលបានស្នាក់នៅជាមួយព្រះសង្ឃមានចំនួន៥០ នាក់ផងដែរ។
សូមបញ្ជាក់ថាៈ រហូតមកដល់ពេលនេះ សម្ព័ន្ធសមណនិស្សិត–និស្សិតខ្មែរកម្ពុជាក្រោម បានបញ្ជូនព្រះសង្ឃទៅបន្តការសិក្សានៅប្រទេសថៃបាន៨ឆ្នាំជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៤ សរុបចំនួន៨០អង្គ និងបានផ្ដល់អាហារូបករណ៍ដល់សមណនិស្សិតនិងនិស្សិតក្រីក្រកំពុងសិក្សានៅព្រះរាជាណាចក្រកម្ពុជាបាន៥ឆ្នាំ ចាប់ពីឆ្នាំ២០១០ រហូតមកដល់ឆ្នាំ២០១៤ សរុបបានចំនួន៧០អង្គនិងនាក់។
២.ផ្នែកវប្បធម៌ៈ
ក. បានបោះពុម្ពព្រឹត្តិបត្រសំឡេងនិស្សិតខ្មែរក្រោមពីរឆមាស គឺលេខ១៩ និងលេខ២០ ចំនួន៦០០ក្បាល។
ខ. បានទទួលសៀវភៅកម្ពុជសុរិយាមួយចប់ចំនួន៩៣ក្បាល ពីឧបាសិកា តាំង ធៀង ឡាយ នៅប្រទេសនូវែលហ្សេឡង់ដ៍។
គ. បានធ្វើគម្របសៀវភៅឯកសារស្រាវ ជ្រាវចំនួន១១ក្បាល និងបានធ្វើគម្របសៀវភៅ សកម្មភាព និងសមិទ្ធផលប្រចាំឆ្នាំរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមតាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៣ ចំនួន៥ក្បាល។
ឃ. បានចុះផ្សាយអត្ថបទសកម្មភាពរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមចំនួន១២១អត្ថបទ និងចុះផ្សាយអត្ថបទស្រាវជ្រាវទាក់ទងនឹងវប្បធម៌ និងព្រះពុទ្ធសាសនាពីប្រភពផ្សេងៗចំនួន២៥៧អត្ថបទ អត្ថបទទាំងអស់ចុះផ្សាយក្នុងគេហទំព័រសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម (www.ukkbs.org)។
៣.ផ្នែកសង្គមកិច្ចៈ
ជារៀងរាល់ឆ្នាំ យើងតែងតែអនុវត្តតាមផែនការប្រចាំឆ្នាំ គឺនៅពេលដែលគណៈកម្មការ សមាជិក សមាជិកា និងញាតិញោមខ្មែរកម្ពុជា ក្រោមមានទុក្ខធុរៈ ឬឈឺថ្កាត់ផ្សេងៗ សម្ព័ន្ធ-សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម តែងតែទៅចូលរួមសួរសុខទុក្ខ ទន្ទឹមនិងនោះតែងតែជួយឧបត្ថម្ភថវិកាបន្តិចបន្តួចទៅតាមលទ្ធភាព។ ក្រៅពីបញ្ហាខាងលើយើងក៏បានរួមសហការជាមួយនឹងអង្គការ សមាគមខ្មែរកម្ពុជាក្រោមនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយធ្វើអន្តរាគមន៍ពីបញ្ហាផ្សេងៗដែលព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមជួបប្រទះ ដូចជាមានបញ្ហារំលោភសិទ្ធិខ្មែរកម្ពុជាក្រោមពីរដ្ឋាភិបាលខ្មែរ និង ពីរដ្ឋាភិបាល វៀតណាមជាដើម។
៤.ផ្នែកបង់រំលស់ដីៈ
បានបង់ផ្ដាច់ដីឡូត៍ជាមួយក្រុមហ៊ុន 7NG ចំនួនបួនឡូត៍ មានបណ្ដោយប្រវែង២០ម៉ែត្រ និងទទឹងប្រវែង២០ម៉ែត្រ សម្រាប់កសាងទីស្នាក់ការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមថ្មី។
៥.ផ្នែកស្ថិតិៈ
មានសមណនិស្សិត និង និស្សិតបានចូលជាសមាជិកថ្មីចំនួន៣០អង្គនិងនាក់។
បច្ចុប្បន្នសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម មានសមាជិក សមាជិកា សរុបចំនួន៤០៦អង្គនិងនាក់។
៦.ផ្នែកហិរញ្ញវត្ថុ :
សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានទទួលថវិកាពីប្រភពផ្សេងៗដូចជាៈ កម្មវិធីជំនួបនិស្សិត បញ្ញវន្តខ្មែរកម្ពុជាក្រោមនិងសប្បុរសជនថ្ងៃទី១មករា, ធ្វើបុណ្យផ្កាប្រាក់សាមគ្គីប្រចាំឆ្នាំ, ប្រាក់វិភាគទានពីសប្បុរសជននៅក្នុងនិងក្រៅប្រទេស, និងប្រាក់វិភាគទានពីសមាជិកប្រចាំខែ។ ដូច្នេះប្រាក់ចំណូល និងប្រាក់ចំណាយ រយៈពេលមួយឆ្នាំមានដូចខាងក្រោម ៖
ក/ ប្រាក់ចំណូលៈ ១៩.៧៩៥,៥ ដុល្លារ
ខ/ប្រាក់ចំណាយៈ ១៩.៤៤៨,៦ ដុល្លារ
គ/ សមតុល្យៈ ៣៤៧ ដុល្លារ
ដូច្នេះក្នុងឆ្នាំ២០១៤ សម្ព័ន្ធសមណនិស្សិត-និស្សិត ខ្មែរកម្ពុជាក្រោម បានចំណាយថវិកានៅសល់ពីប្រាក់ចំណូលចំនួន៣៤៧ ដុល្លារ។
គម្រោងថវិការសម្រាប់ឆ្នាំ ២០១៥ ៖
១. ផ្នែកអប់រំ
ផ្នែកអប់រំចំនួន ១០.៥០០ ដុល្លារ (មួយម៉ឺនប្រាំរយដុល្លារ) ចែកជាៈ
ក/ ផ្តល់អាហារូបករណ៍ដល់សមណនិស្សិតនិងនិស្សិតក្រីក្រនៅកម្ពុជាចំនួន ២៤ អង្គនិងនាក់ ស្មើ $ ៦.០០០ (ប្រាំមួយពាន់)។
ខ/ បញ្ជូនសមណនិស្សិតទៅបន្តការសិក្សានៅប្រទេសថៃ ចំនួន១២អង្គ ស្មើ $ ៣.០០០ (បីពាន់)។
គ/ បើវគ្គបណ្តុះបណ្តាលខ្លីៗចំនួន $ ៥០០ (ប្រាំរយ)។
ឃ/ ទៅសួរសុខទុក្ខសមណនិស្សិតខ្មែរក្រោមកំពុងសិក្សានៅប្រទេសថៃចំនួន $ ១០០០ (មួយពាន់)។
២.ផ្នែកស្រាវជ្រាវវប្បធម៌និងផ្សព្វផ្សាយ៖
ផ្នែកស្រាវជ្រាវវប្បធម៌ និងផ្សព្វផ្សាយ $ ២.៥០០ (ពីរពាន់ប្រាំរយ) ចែកជាៈ
ក/ ស្រាវជ្រាវឯកសារចំនួន $ ១.០០០ (មួយពាន់)។
ខ/ បោះពុម្ពព្រឹត្តបត្រឆមាសទី១ និងទី២ ចំនួន $ ១.៥០០ (មួយពាន់ប្រាំរយ)។
៣. ផ្នែកសង្គមកិច្ច៖
ផ្នែកសង្គមកិច្ចចំនួន $ ២.០០០ (ពីរពាន់)។
៤. ផ្នែករដ្ឋបាល៖
ផ្នែករដ្ឋបាលចំនួន $ ៧.០០០ (ប្រាំពីរពាន់)។
៥. ផ្នែកបង់រំលស់ដី៖
ផ្នែកបង់រំលស់ដីសម្រាប់កសាងទីស្នាក់ការថ្មីចំនួន $ ៨០០ (ប្រាំបីរយ)។
ដូច្នេះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរ កម្ពុជាក្រោម បានលើកគម្រោងថវិកាសម្រាប់ឆ្នាំ២០១៥ ខាងមុខនេះ សរុប $២២.៨០០ (ពីរម៉ឺនពីរពាន់ប្រាំបីរយ)។
ដោយៈ ភិក្ខុ យឿង តារា