ប្រកាន់ភាពសុចរិត

ក្នុងនាមជាអ្នកប្រតិបត្តិតាម “គោលការណ៍សកម្ម” អ្នកពិតជាមានមោទនភាពលើខ្លួនឯង មានទឹកចិត្តរឹងមាំ សប្បុរស និងញឹកញយតែងតែបំពេញកិច្ចការបានយ៉ាងជោគជ័យ។ មនុស្សដែលនៅជុំវិញខ្លួនប្រាកដជាមកប្រឹក្សាជាមួយអ្នកប្រកបដោយជំនឿក្នុងចិត្តលើអ្នកជាពុំខាន ។ អាស្រ័យហេតុនេះ ចូរមានជំនឿលើគ្រប់និតីវិធីដែលខ្លួនមាន។ អ្នកត្រូវដឹងឱ្យបានច្បាស់ថា អ្វីគួរតតាំង និងអ្វីគួរចុះចាញ់។ កុំចំណាយពេលដោះស្រាយ ឬសម្រុះសម្រួលអ្វីដែលត្រឹមត្រូវរួចទៅហើយ។ ត្រូវប្រកាន់ខ្ជាប់នូវជំនឿ និងគោលការណ៍របស់ខ្លួន។ ចូរប្រើគំនិតប្រកប ដោយក្រមសីលធម៌ក្នុងការសម្រេចចិត្ត។ “ភាពសុចរិត” មានន័យចាប់ពីការលះបង់គំនិតអត្តទត្ថភាពរហូតដល់សេចក្តីក្លាហានដ៏មានសីលធម៌។ ការនិយាយកុហក នឹងនាំឱ្យមនុស្សម្នាក់ចេះកុហកកាន់តែច្រើនបន្តទៀត។

ចូររក្សាពាក្យសន្យារបស់អ្នក និងបំពេញរាល់កិច្ចការដែលខ្លួនបានប្តេជ្ញាឱ្យបានសម្រេច។ អ្នកដទៃពិតជាចង់ដឹងពីជំហររបស់អ្នក។ មនុស្សទាំងពួងគោរពទឹកចិត្តស្មោះត្រង់ ប៉ុន្តែស្អប់ខ្ពើមបំផុតនូវចរិតលាក់ពុត។ អ្នកត្រូវប្រកាន់ចិត្តតស៊ូ។ ពេលនិយាយ ត្រូវនិយាយចេញមកឱ្យ ច្បាស់ៗ និងប្រកបដោយភាពស្មោះត្រង់ មិនក្លែងបន្លំទឹកចិត្តពិតក្នុងបេះដូងរបស់ខ្លួនឯងឡើយ ។ ចូរធ្វើអ្វីដែលអ្នកបាននិយាយ នោះកិត្តិយស គុណសម្បត្តិរបស់អ្នកនឹងកើនឡើងជាលំដាប់ ។ អ្នកពុំគួរនិយាយអ្វីដែលអ្នកពុំអាចធ្វើបាននោះទេ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៣២)

Leave a Reply

Your email address will not be published.