គ្រប់នាទីទាំងអស់ ចូររក្សាចិត្តរិះរកមធ្យោបាយថ្មីៗ ហើយប្រសើរជាងមុនក្នុងការប្រកបការងារ ក៏ដូចជាការដោះស្រាយបញ្ហាគ្រប់ប្រការដែរ។ ជនជាតិជប៉ុនមានពាក្យមួយម៉ាត់ដែលមានន័យថា “អភិវឌ្ឍន៍គ្មានទីបញ្ចប់” គឺពាក្យថា “កាយហ្សិន” ឬ “Kaizen”។ ភាពរីកចំរើន និងភាពជោគជ័យជួបតែបុគ្គលណាដែលរៀន និងហាត់ពត់លត់ដំគ្មានពេលឈប់ឈរទេ។ បើសិនជាអ្នកសម្រេចថារៀនរហូតហើយ យ៉ាងហោចណាស់អ្នកក៏អាចក្លាយទៅជាមនុស្សគ្រាន់បើជាងមុន គឺអាចជាភរិយា ឬស្វាមីដ៏ល្អជាងមុន កូនល្អជាងមុន មិត្តល្អជាងមុន និយោជិតល្អជាងមុន កីឡាករល្អជាងមុន ពលរដ្ឋល្អជាងមុនដែរ។
ចូរប្តេជ្ញាជាមួយខ្លួនឯងថាអភិវឌ្ឍន៍ខ្លួនឯង ហើយប្រតិបត្តិផង។ ចូរប្រៀបធៀបខ្លួនឯងទៅនឹងគំរូដែលបានល្អបំផុត។ មនុស្សភាគច្រើនគិតថា ត្រឹមកំរិតមធ្យមគឺវាសមល្មម និងទទួលយកបានហើយ។ ប្រសិនបើអ្នកមិនព្យាយាមនោះ អ្ននពុំអាចដឹងបានទេថាអ្នកអាចធ្វើបានល្អកំរិតណាពិតប្រាកដនោះឡើយ។ ចូរកុំទទួលយកគំនិតដែលថា “ល្អគ្រប់គ្រាន់ហើយ” ឆាប់រហ័សពេក។ ចូរប្តេជ្ញាថាត្រូវធ្វើឱ្យបានកំរិត “ល្អបំផុត”។ ពិនិត្យមើលគោលដៅរបស់ខ្លួនហើយនឹកគិតថា តើត្រូវធ្វើយ៉ាងណាទើបអាចបង្កើនគុណភាពលទ្ធផលឱ្យបាន ១% ក្នុងមួយខែម្តង។ ភាពជោគជ័យ ប្រៀបបីដូចជាការធ្វើដំណើរដ៏វែងឆ្ងាយមួយដែលពុំមានការកំណត់ច្បាស់ លាស់ពីពេលវេលាទៅដល់ឡើយ។ ចូរប្រដូច “ភាពជោគជ័យ” ទៅនឹងកំពូលខ្ពស់រាបមួយដែលត្រូវដើរឡើងឱ្យដល់ ប៉ុន្តែមិនមែនជាកំពូលភ្នំដ៏ចោទដែលត្រូវតោងឡើងនោះឡើយ។
ជានិច្ចកាល ចូរលើកទឹកចិត្តកូនៗ អ្នកក្រោមបង្គាប់ និងអ្នកគ្រប់គ្នាដែលនៅជុំវិញខ្លួនឱ្យប្រឹងប្រែងឱ្យអស់ពីលទ្ធភាពពេលបំពេញកិច្ចការនីមួយៗហើយរក្សាឥរិយាបថនេះរហូតទៅ មិនលះបង់ឡើយ។ រៀន និងបង្រៀនឱ្យពួកគេចេះឆ្លងកាត់ឧបស័គ្គធំៗ ក្រោយមកយើងទាំងអស់គ្នានឹងក្លាយជាមនុស្សពូកែ។ ឧបស័គ្គភាគតិចបំផុត ដែលជាបញ្ហាពិតប្រាកដចំពោះអ្នក។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី០៦)