ជាការពិតណាស់ដែលថា អ្វីដែលត្រូវរៀននៅមានជានិច្ច មិនចេះអស់ទេ។ មនុស្សគញរប់គ្នាដែលនៅជុំវិញខ្លួន ដូចជាសហសេវិក សហសេវិកានៅកន្លែងការងារ ក្រុមគ្រួសារ មិត្តភក្តិ ដៃគូរប្រកួតប្រជែងមានគំនិតយោបល់ដែលអ្នកអាចយកមកកែឆ្នៃជាប្រយោជន៍បាន។
អាស្រ័យហេតុនេះ ចូរធ្វើចិត្តឱ្យទូលាយដើម្បីទទួលយកគំនិតថ្មីៗរួមទាំង ការសង្កេត ការអាន និងការស្តាប់ផងដែរ។ ចូរទទួលយកការពិតថា មនុស្សគញរប់រូបសុទ្ធតែមានគំនិតដែលមានតម្លៃសម្រាប់យកមកពិចារណាធ្វើជាប្រយោជន៍បានទាំងអស់។ ចូរទទួលយកគំនិតទាំងអស់នោះ ហើយកែឆ្នៃឱ្យបានប្រពៃ ហើយប្រើប្រាស់វាតាមប្រភេទការងារជាក់ស្តែងផ្ទាល់ខ្លួនរបស់អ្នកបន្តទៀតឱ្យមានប្រសិទ្ធិភាពបំផុត។
ចូរស្វែងរកគំនិតថ្មីៗពីសៀវភៅគ្រប់ប្រភេទ ទស្សនាវដ្តី ខ្សែវិឌីអូ វិទ្យុ ទូរទស្សន៍ ការសែត ព្រឹត្តិប័ត្រពានិជ្ជកម្ម ព្រមទាំង Internet ទៀតផង។ គំនិតថ្មីៗអាចបានមកពីការចូលរួមធ្វើសិក្ខាសាលា ពីការធ្វើបទយកការ ពិធីជំនុំ និងប្រជុំផ្សេងៗដែរ។ ស្វែងរកបទពិសោធន៍ថ្មីៗ និងការធ្វើដំណើរផ្សងព្រេងគ្រប់ឱកាស។ ដូចដែលសុភាសិតមួយបានពោលថា “អ្នកណាហ៊ាន អ្នកនោះឈ្នះ”។
ដូចនេះ ចូរលះបង់ឱ្យបាននូវភាពរឹងកំព្រឹសមិនទទួលយកគំនិតថ្មី ហើយបង្កើតចំណាប់អារម្មណ៍លើប្រការថ្មីៗឱ្យបានកាន់តែច្រើនឡើងថែមទៀត។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៨៣ដោយៈ ជុំ សមវាសនា)