
នៅថ្ងៃសៅរ៍ ទី០៨ ខែមីនា ឆ្នាំ២០១៤ នេះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមបានប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គីលើក ទីប្រាំដើម្បីប្រមូលបច្ច័យរៀបចំឯកសារ និងជួយដោះស្រាយមធ្យោបាយផ្សេងៗ ក្នុងគោលបំណងបញ្ជូនសមណនិស្សិតចំនួន១០អង្គ ទៅបន្តការសិក្សានៅប្រទេសថៃ និងផ្តល់អាហារូបករណ៍ ដល់សមណនិស្សិត និងនិស្សិតក្រីក្រចំនួន១៨អង្គ/នាក់នៅព្រះរាជាណាចក្រកម្ពុជាតាមគម្រោង នាឆ្នាំ២០១៤នេះ ក្រោមអធិបតីភាពព្រះប្រធាននៃ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម យឿង តារា នៅការិយាល័យកណ្តាលកុដិលេខ ១៧ វត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ កម្មពិធីបុណ្យនេះ បានផ្ដើមឡើងដោយគណៈកម្មការ សមាជិក សមាជិកានៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងមានការចូលរួមពីព្រះសង្ឃនានាវត្ត នៅទីក្រុងភ្នំពេញ ព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឃដ្ឋាន សរុបប្រមាណជាង៦០០អង្គនិងរូប។ ពិធីបុណ្យបានប្រព្រឹត្តទៅពេញមួយថ្ងៃ។ ពេលព្រឹក និងថ្ងៃត្រង់ មានវេរភត្តប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជនគ្រប់ជំនាន់ ដែលបានបូជាកាយ ថ្វាយជីវិត ចំពោះជាតិមាតុភូមិ។ ពេលល្ងាចចាប់ពីម៉ោង ១៤:០០ ដល់ ១៩:៣០ នាទីជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ និងធ្វើសាសននិយមកិច្ចតាមផ្លូវព្រះពុទ្ធសាសនា ជាពិសេសនោះ បាននិមន្តធម្មកថិកពីរព្រះអង្គ ដើម្បីសំដែងធម៌ទេសនាគ្រែពីរទៀតផង។ ក្នុងកិច្ចនេះដែរ ព្រះអង្គប្រធានបានសំដែងសុទ្ទរកថា ថ្លែងអំណរព្រះគុណនិងអរគុណ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ បងៗ ប្អូនៗនិស្សិត និងសិស្សានុសិស្ស ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដែលបានលះបង់ពេលវេលា មកជួយខ្នះខ្នែងតាំងពីមុនបុណ្យរហូតដល់ឆ្លងបុណ្យ ព្រមទាំងសំដែងនូវការសាទរ និងកោតសរសើរដល់ការចូលរួមឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយ កម្លាំងចិត្ត និងលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គណៈកម្មការបុណ្យ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់។ ដើម្បីចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស ហើយព្រះអង្គបានលើកឡើង អំពីចំណុចសំខាន់ៗមួយចំនួនទៀត ពីសកម្មភាពនៃសមាគមតាំងពីកកើតរហូតមកដល់អាណត្តិទី៤ នាបច្ចុប្បន្ននេះ ជាពិសេសនោះ ព្រះអង្គបានលើកពីផែនការនៅឆ្នាំ ២០១៤នេះ ក្នុងនោះព្រះអង្គក៏បានមានសង្ឃដីកាបញ្ជាក់ពីគោលបំណងនៃបុណ្យនេះថា គឺធ្វើដើម្បីបានបច្ច័យយកមកជួយដល់ព្រះសង្ឃនិងនិស្សិតក្រីក្រ ដែលកំពុងសិក្សានៅព្រះរាជា-ណាចក្រកម្ពុជា និងបញ្ជូនព្រះសង្ឃទៅសិក្សានៅប្រទេសថៃជាអាទិ៍និងជួយធ្វើលិខិតឆ្លងដែន បកប្រែឯកសារផ្សេងៗ សុំទិដ្ឋាការពីស្ថានទូតថៃប្រចាំនៅកម្ពុជា ហើយបញ្ជូនសមណនិស្សិតទៅដល់ប្រទេសថៃតែម្ដង។ ហើយព្រះអង្គក៏បានបញ្ជាក់បន្ថែមទៀតថាមកដល់ពេលនេះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានបញ្ជូនព្រះសង្ឃទៅសិក្សានៅប្រទេសថៃចាប់ពីឆ្នាំ២០០៧មកដល់បច្ចុប្បន្ននេះ សរុបបាន៧១ អង្គ។ ចំណែកនៅព្រះរាជាណាចក្រកម្ពុជាវិញបានប្រគេន និងជូនអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្របាន៤ឆ្នាំជាបន្តបន្ទាប់ផងដែរ ចាប់ពីឆ្នាំ២០១០មករហូតដល់បច្ចុប្បន្ន សរុបសមណនិស្សិតនិស្សិតទាំងអស់បាន ៤៧ អង្គ និងនាក់៕
ដោយ៖UKKBS