បុណ្យផ្កាប្រាក់រស្មីសាមគ្គីនៃសម្ព័ន្ធ សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម

នៅថ្ងៃអាទិត្យ ៦ កើត ខែផល្គុណ ព.ស. ២៥៦០ ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៧     សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី លើកទីប្រាំបីដើម្បីប្រមូលបច្ច័យរៀបចំឯកសារ និងជួយដោះស្រាយមធ្យោបាយផ្សេងៗ ក្នុងគោលបំណងដែល នឹងបញ្ជូនសមណនិស្សិតចំនួន ១០ ព្រះអង្គ ទៅបន្តការសិក្សានៅប្រទេសថៃ និងផ្តល់នូវអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្រចំនួន ៣៩អង្គ/នាក់ នៅព្រះរាជាណាចក្រកម្ពុជា តាមគម្រោង នាឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពព្រះ ប្រធាន សឺន សុផារិន្ទ នៅការិយាល័យកណ្តាលកុដិលេខ ១៧ វត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

កម្មពិធីបុណ្យនេះ បានផ្ដើមឡើងដោយ    គណៈកម្មការ សមាជិក សមាជិកានៃសម្ព័ន្ធ សមណនិស្សិត -និស្សិតខ្មែរកម្ពុជាក្រោម និងមានការចូលរួមព្រះសង្ឃខ្មែរក្រោមនានាវត្ត នៅទីក្រុង ភ្នំពេញ ព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន សរុបប្រមាណជាង៣៥០អង្គនិងរូប។ ពិធីបុណ្យបានប្រព្រឹត្តទៅពេញមួយថ្ងៃ។ ពេលព្រឹក និងថ្ងៃត្រង់មានវេរភត្តប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជនគ្រប់ជំនាន់ ដែលបានបូជាកាយ ថ្វាយជីវិតចំពោះជាតិមាតុភូមិ។ ពេលល្ងាចគឺជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ និងធ្វើសាសននិយមកិច្ចតាមផ្លូវព្រះពុទ្ធសាសនាជាពិសេសទៀតនោះបាននិមន្តធម្មកថិក ពីរព្រះអង្គសំដែងធម៌ទេសនាគ្រែពីរទៀតផង។

ក្នុងកិច្ចនេះដែរ ព្រះអង្គប្រធានបានសំដែងសុន្ទរកថា ស្វាគមន៍ភ្ញៀវកិត្តិយស និងធ្វើរបាយការណ៍ អំពីសកម្មភាពការងារ  រួចថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ បង ៗ ប្អូនៗ និស្សិត   និងសិស្សានុសិស្សព្រមទាំង ពុទ្ធបរិស័ទទាំងអស់ ដែលបានលះបង់នូវពេលវេលាមានតម្លៃមកជួយខ្នះខ្នែង តាំងពីមុនបុណ្យរហូតដល់ឆ្លងបុណ្យ ព្រមទាំងសំដែងនូវការសាទរ និងកោតសរសើរដល់ការចូលរួមឧបត្ថម្ភគាំទ្រ ទាំង កម្លាំងកាយ កម្លាំងចិត្ត និងលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គណៈកម្មការបុណ្យ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់។ ដើម្បីចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយព្រះអង្គបានលើកឡើងអំពីចំណុចសំខានមួយចំនួនទៀត ស្តីពីសកម្មភាពនៃសមាគម តាំងពីកកើតរហូតមកដល់អាណត្តិទី៥នាបច្ចុប្បន្ននេះ ជាពិ សេសនោះ ព្រះអង្គបានលើកពីផែនការនៅឆ្នាំ ២០១៧នេះ ក្នុងនោះព្រះអង្គក៏មានសង្ឃដីកា បញ្ជាក់ពីគោលបំណងនៃបុណ្យនេះថា គឺធ្វើដើម្បីបានបច្ច័យយកមកជួយដល់ព្រះសង្ឃ និងនិស្សិតក្រីក្រ ដែលកំពុងសិក្សានៅព្រះរាជាណាចក្រកម្ពុជានិងបញ្ជូន ព្រះសង្ឃទៅសិក្សានៅប្រទេសថៃជាអាទិ៍ និងជួយធ្វើលិខិតឆ្លងដែន បកប្រែឯកសារផ្សេងៗ សុំទិដ្ឋាការពីស្ថានទូតថៃប្រចាំនៅកម្ពុជា ហើយបញ្ជូនសមណនិស្សិតទៅដល់ប្រទេសថៃតែម្ដង។ ព្រះអង្គក៏បានបញ្ជាក់ បន្ថែមទៀតថា មកដល់ពេលនេះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមបានបញ្ជូនព្រះសង្ឃទៅសិក្សា នៅប្រទេសថៃចាប់ពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្ននេះសរុបបានចំនួន៩៩អង្គ។ ចំណែកនៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញ បានប្រគេន និងជូនអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្របាន ៧ឆ្នាំជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១០រហូតមកដល់បច្ចុប្បន្ននេះ សរុបសមណនិស្សិតនិងនិស្សិតទាំងអស់បានចំនួន ១២៦ អង្គនិងនាក់។

គួររំលឹកផងដែរថា ឆ្នាំនេះជាឆ្នាំទីប្រាំបី ដែលសម្ព័ន្ធសមណនិស្សិតនិស្សិតខ្មែរកម្ពុជាក្រោមធ្វើបុណ្យផ្ការស្មីសាមគ្គី។

ដោយ៖ UKKBS

 

 

Leave a Reply

Your email address will not be published.