បរិយាយបន្ថែម

នៅក្នុងការដឹកនាំជីវិតរបស់អ្នក ប្រសិនបើអ្នកប្រកាន់យកការយកចិត្តទុកដាក់លើខ្លួនឯងផង និងអ្នកដទៃផងនោះ ប្រការល្អៗជាច្រើននឹងកើតឡើងចំពោះអ្នកជាពុំខាន។ អ្នកនឹងមានមោទនៈភាពយ៉ាងកក់ក្តៅចំពោះទង្វើដែលវៀរចាកពីអត្តទត្ថភាពរបស់ខ្លួន និងចេះបន្ទាបខ្លួនស្របតាមកាលៈទេសៈ។ ដើម្បីធ្វើខ្លួ​នឱ្យក្លាយជាបុគ្គលដែលគេនឹកឃើញមុនគេ អ្នកត្រូវតែស្ម័គ្រធ្វើជាអ្នកក្រោយគេក្នុងជួរទទួលរង្វាន់។ អ្នកដឹកនាំល្អពិតប្រាកដ គេឈរនៅក្រោយគេបង្អស់នៃជួររបស់ខ្លួន។ ចូរនិយាយអ្វីដែលអ្នកមានបំណងធ្វើ ហើយធ្វើអ្វីដែលអ្នកបាននិយាយ។ ម្យ៉ាងវិញទៀត ធ្វើយ៉ាងណាពាក្យសំដីរបស់អ្នកផុសចេញពីសន្តានចិត្តដ៏ស្មោះត្រង់របស់អ្នក។

តើអ្នកអាចដាក់ទានឱ្តយអ្នកសុំទានបាន១០០០រៀលឬទេ? តើអ្នកអាចជួយធ្វើការងារមួយពេលជំនួសឱ្យបុគ្គលិកម្នាក់ដែលចាំបាច់ត្រូវទៅមើលថែកូនដែលមានជម្ងឺធ្ងន់បានឬទេ? តើអ្នកអាចចេញមុខជួយការពារក្មេងដែលត្រូវគេព្រួតវាយធ្វើបានដែរឬទេ? តើអ្នកអាចចាត់ទុកមនុស្សគ្រប់គ្នាសុទ្ធតែជាញាតិរបស់អ្នកបានដែរឬទេ? ប្រសិនបើអ្នកអាចធ្វើបាននោះ កិត្តិស័ព្ទមនុស្សគំរូដូចអ្នកនឹងត្រូវបានគេផ្សព្វផ្សាយគ្រប់ទិសទីជាពុំខានឡើយ។

ប្រការដែលគួរឱ្យសោកស្តាយបំផុតនោះគឺ ការដែលត្រូវបានគេទុកឱ្យនៅឯកោ និងពុំមានការចូលចិត្តពីមនុស្សផងទាំងពួង។ ចូរព្យាយាមជៀសវាងកុំឱ្យប្រការនេះកើតឡើងចំពោះអ្នកឱ្យសោះ។ សភាពពុំមានទីស្នាក់អាស្រ័យ ភាពអត់ឃ្លាន អសន្តិសុខ និងពុំមានទៀតទេក្នុងពេលនេះ ប្រសិនបើយើងទាំងអស់គ្នាប្តេជ្ញាប្រតិបត្តិឱ្យបានសម្រេចគ្រប់ប្រការទាំងនេះ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៩៩ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.