
នៅទីស្នាក់ការកណ្តាល នៃសម្ព័ន្ធសមណ-និស្សិត-និស្សិតខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ បានបើកនូវកិច្ចប្រជុំមួយដើម្បីស្វែងរកដំណោះស្រាយ ពីការបញ្ជូននូវសមណនិស្សិតទៅសិក្សានៅព្រះរាជាណាចក្រ-ថៃ ក្រោមអធិបតីភាពព្រះតេជព្រះគុណ ពេជ្រ ប៊ុនថន ព្រះប្រធានស្តីទី។ សមាសភាពចូលរួមមាន៖ ក្រុមប្រឹក្សាភិបាល គណៈកម្មការស៊ើបអង្កេត គណៈកម្មការនាយក ប្រធានតាមបណ្តាការិយាល័យនានា សមាជិក សមាជិកា និងគណៈកម្មការនៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមនៅប្រទេសថៃ សរុបមានចំនួន ៣៩ អង្គ/នាក់។ កម្មវិធីនេះ បានធ្វើឡើងពេញមួយថ្ងៃ នៅវេលាម៉ោង១១:០០នាទី ប្រគេនភត្តដល់ព្រះ-សង្ឃ និងដារបង្សុកូលជូនចំពោះព្រះវិញ្ញាណក្ខន្ធវិញ្ញាណក្ខន្ធនៃបុព្វការីជនទាំងឡាយ ដែលបានបូជាកាយ ថ្វាយជីវិតចំពោះជាតិ និងសាសនា។ ពេលល្ងាចចាប់ពីម៉ោង ១៣:១៥ ដល់ម៉ោង ១៦:៤៥នាទី បើកអង្គប្រជុំ។ យោងទៅតាមគម្រោងឆ្នាំ២០១៤ របស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ក្នុងការបញ្ជូនសមណ និស្សិតទៅបន្តការសិក្សានៅប្រទេសថៃចំនួន ១០ព្រះអង្គនោះ ចាប់ពីចុងខែកុម្ភៈ យើងបានចេញសេចក្តីប្រកាសមួយ ស្តីពីការជ្រើសរើសសមណនិស្សិតទៅបន្តការសិក្សានៅប្រទេសថៃ។ ក្រោយពីបានចេញសេចក្តីប្រកាសមកមានព្រះសង្ឃជាសមាជិកមកចុះឈ្មោះជាហូរហែរហូតដល់ពេលកំណត់នៃសេក្តីប្រកាស សរុបបានព្រះសង្ឃចំនួន៩ព្រះអង្គ មានព្រះនាមដូចខាងក្រោម៖
១. ព្រះតេជព្រះគុណ ត្រឿង សាង
២. ព្រះតេជព្រះគុណ ឋាឆ នរិន្ទ
៣. ព្រះតេជព្រះគុណ ជួន បាំង
៤. ព្រះតេជព្រះគុណ ថាច់ សម័យ
៥. ព្រះតេជព្រះគុណ គឹម សេ
៦. ព្រះតេជព្រះគុណ ថាច់ ហ្វាងមិញ
៧. ព្រះតេជព្រះគុណ ចៅ សូរ្យរឿន
៨. ព្រះតេជព្រះគុណ ចៅ រេន
៩. ព្រះតេជព្រះគុណ ចៅ បាន
ក្នុងចំណោមសមណនិស្សិតទាំងនោះ មាន៨ព្រះអង្គ សិក្សាថ្នាក់បរិញ្ញាបត្រ និងមួយព្រះអង្គសិក្សាភាសាបាលី។ ការបញ្ជូនសមណនិស្សិតនេះ បានចំណាយថវិកាទាំងអស់ទៅលើការធ្វើនូវលិខិតឆ្លងដែន បកប្រែឯកសារនានា សុំទិដ្ធាកាពីស្ថានទូតថៃ និងទាំងមធ្យោបាយធ្វើដំណើររបស់សមណនិស្សិតទៅដល់ប្រទេសថៃ។ ព្រះតេជព្រះគុណ ចៅ សុខ គណៈកម្មការនៃសម្ព័ន្ធប្រចាំនៅប្រទេសថៃ បានលើកឡើងពីបទពិសោធន៍ និងឯកសារខ្លះៗដែលចាំបាច់ ដើម្បីទៅបន្តការសិក្សានៅប្រទេសថៃនោះ រួមមានដូចជា៖ លិខិតឆ្លងដែន, សញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយាភូមិនៅកម្ពុជាក្រោម, ព្រឹត្តិបត្រពិន្ទុ, ឆាយា និងឯកសារដែលត្រូវបំពេញដើម្បីសូមទិដ្ឋការ។ ព្រះអង្គបានបន្តទៀតថា ពេលយើងបានទៅរស់នៅក្នុងសង្គមគេនោះ វាមានភាពប្លែកពីសង្គមយើង តាំងពីរបៀបរបបរស់នៅប្រាស្រ័យការទំនាក់ទំនង និងទីកន្លែងរស់នៅឡើងទៅ ។ល។ ហើយយើងក៏ត្រូវចេះសម្រប់ខ្លួនទៅតាមសង្គមគេ។ ព្រះតេជព្រះគុណ ចន្ទ សុផាត ប្រធានក្រុមប្រឹក្សាភិបាល មានសង្ឃដីកាផ្តែផ្តាំដល់សមណនិស្សិតដែលទៅបន្តការសិក្សានៅប្រទេសថៃ ឲ្យខំយកចិត្តទុកដាក់ក្នុងការរៀនសូត្រ យកតាមគំរូដ៏ល្អរបស់សមណនិស្សិត ដែលសម្ព័ន្ធបានបញ្ជូនទៅមុនៗ មានដូចព្រះតេជព្រះគុណ ចៅ សុខ, ឡុង សារៈ, សឺន សុផារិន្ទ, និងថាច់ ចន្ទសុធី ជាដើម ដែលបានបញ្ចប់ថា្នក់បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ និងប្រទេសឥណ្ឌា ដែលបានដឹង និងបានជ្រាបស្រាបនូវវាចាដែលព្រះអង្គបានលើកឡើងនេះ សុទ្ធតែពោរពេញដោយទ្រឹស្តី អប់រំខ្ពស់ដែលយើងគួរតែយកជាគតិ សម្រាប់ការសិក្សារបស់យើង។ ទន្ទឹមនឹងនោះ ព្រះអង្គក៏បានផ្តែផ្តាំថា បើយើងបាននិមន្តទៅនៅសម្នាក់អាស្រ័យទីកន្លែងណានោះ យើងត្រូវចាត់ទុកកន្លែងនោះជារបស់យើងត្រូវតែជួយថែរក្សាការពារឲ្យបានល្អ។ ព្រះតេជព្រះគុណ ថាច់ ហ្វាង មិញ តំណាងសមណនិស្សិតបានប្តេជ្ញាថា នឹងខិតខំសិក្សារៀនសូត្រ ឱ្យអស់ពីកម្លាំងកាយចិត្ត ទោះបីមានឧបសគ្គយ៉ាងណាក៏ដោយ នៅតែប្រឹងប្រែងពុះពារមិនរាថយអ្វីឡើយ និងបានថ្លែងអំណរគុណដល់សម្ព័ន្ធដែលបានជួយគ្រប់មធ្យោបាយ តាំងពីការរៀបចំឯក-សារទីស្នាក់អាស្រ័យរហូតដល់ការផ្តល់ថ្លៃធ្វើដំណើរទៅសិក្សាដល់ប្រទេសថៃ។ គួររំលឹកផងដែរថា នៅឆ្នាំនេះជាឆ្នាំទី៨ហើយដែលសម្ព័ន្ធ សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បញ្ជូនសមណនិស្សិតទៅសិក្សានៅប្រទេសថៃ គឺចាប់ពីឆ្នាំ២០០៧រហូតមក សរុបមានចំនួនទាំងអស់៨០ព្រះអង្គ។
ដោយៈ UKKBS