បញ្ជូនសមណនិស្សិតទៅសិក្សានៅប្រទេសថៃ

សម្ព័ន្ធសមណ-និស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការកណ្តាលបានបើកនូវកិច្ចប្រជុំមួយ ដើម្បីធ្វើការស្វែងរកដំណោះស្រាយពីការបញ្ជូនសមណនិស្សិតទៅបន្តការសិក្សានៅព្រះរាជាណាចក្រថៃ ក្រោមអធិបតីភាពព្រះប្រធាន សឺន សុផារិន្ទ។ សមាសភាពចូលរួមមាន៖ ក្រុមប្រឹក្សាភិបាល គណៈកម្មការស៊ើបអង្កេត គណៈកម្មការនាយក ប្រធានតាមបណ្តាការិយាល័យនានា សមាជិក សមាជិកាទាំងអស់បានចូលរួម  សរុបមានចំនួន ៣៨ អង្គ/នាក់។ កម្មវិធីនេះ បានធ្វើឡើងចាប់ពីម៉ោង ១៤:២០នាទី រសៀល។ ដោយយោងទៅ តាមគម្រោងឆ្នាំ២០១៦ របស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ក្នុងការបញ្ជូនសមណនិស្សិតទៅបន្តការសិក្សានៅប្រទេសថៃចំនួន ១០ ព្រះអង្គនោះ ចាប់ពីចុងខែកុម្ភៈមក យើងបានចេញសេចក្តីប្រកាសមួយ ស្តីពីការជ្រើសរើសសមណនិស្សិតទៅបន្តការសិក្សានៅប្រទេសថៃ។ ក្រោយពីបានចេញសេចក្តីប្រកាសមកក៏មានព្រះសង្ឃជាសមាជិកមកចុះឈ្មោះ ជាហូរហែរហូតដល់ពេលកំណត់នៃសេក្តីប្រកាស សរុបបានព្រះសង្ឃចំនួន ១៣ ព្រះអង្គមានព្រះនាមដូចខាងក្រោម៖

១. ព្រះតេជព្រះគុណ លី តឹងយ៉ុង

២. ព្រះតេជព្រះគុណ ថាច់ ពុង

៣. ព្រះតេជព្រះគុណ ថាច់ ដារិទ្ធ

៤. ព្រះតេជព្រះគុណ គឹម ង៉ុកថឿង

៥. ព្រះតេជព្រះគុណ គឹម ថន

៦. ព្រះតេជព្រះគុណ តាំង ថាញ់ឡាង

៧. ព្រះតេជព្រះគុណ ចៅ សុខឌៀប

៨. ព្រះតេជព្រះគុណ ចៅ ច័ន្ទ

៩. ព្រះតេជព្រះគុណ ច័ន្ទ សុខហ៊ីម

១០. ព្រះតេជព្រះគុណ តឿង ធូរសិទ្ធិ

១១. ព្រះតេជព្រះគុណ ត្រឹង ខឿន

១២. ព្រះតេជព្រះគុណ កៀង ហើន

១៣. ព្រះតេជព្រះគុណ គឹម ថៃ

ក្នុងចំណោមសមណនិស្សិតទាំងនេះ គឺទៅសិក្សាថ្នាក់បរិញ្ញាបត្រទាំងអស់១២ព្រះអង្គ និងថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់មួយព្រះអង្គ។ ការបញ្ជូនសមណនិស្សិតនេះទៀត គឺបានចែងចែកជា ៤ កន្លែង ១. ឆៀង ម៉ៃ ២. អាយុធ្យា ៣. នរគបឋម ៤. ខន កែន ហើយការបញ្ជូនសមណនិស្សិតនោះក៏ត្រូវ ចំណាយថវិកាទាំងអស់ទៅលើការធ្វើនូវលិខិតឆ្លងដែន បកប្រែឯកសារនានា សុំទិដ្ធាកាពីស្ថានទូតថៃ និងមធ្យោបាយ ធ្វើដំណើររបស់សមណនិស្សិតទៅដល់ប្រទេសថៃ។

លោកគ្រូ សឺន សែត ប្រធានប្រឹក្សាភិបាល មានការចាប់អារម្មណ៍ ហើយមានប្រសាសន៍ថា សម្ព័ន្ធប្រៀបដូចជាស្ពានមួយសម្រាប់ជួយចម្លងសមណនិស្សិត ដែលមានចិត្តចង់ឆ្លងទៅកាន់ត្រើយ ម្ខាង ប៉ុន្តែអត់មានស្ពានឆ្លង ដូច្នេះសម្ព័ន្ធគឺជាស្ពានមួយសម្រាប់ជួយឱ្យសមណនិស្សិតដើរឆ្លង ដើម្បី ស្វែងរកសេចក្តីប្រាថ្នា រួចគាត់ក៏បានផ្តល់នូវគំនិតល្អចែក ជូនដល់សមណនិស្សិតទៀតថា គឺមនុស្ស ម្នាក់ៗតែងតែមានសេចក្តីប្រាថ្នាទុកជាមុន ទើបសម្រេចធ្វើជាខាងក្រោយ ហើយបើយើងចង់ បាន សម្រេចនូវសេចក្តីប្រាថ្នានិងគោលបំណងទាំងនោះ គឺត្រូវមានកត្តាដូចជា ១. ជឿខ្លួនឯង ២. ឧស្សាហ៍ ខិតខំព្យាយាម ៣. ក្លាហាន ៤. ត្រូវចេះប្រើបញ្ញាទៅដោយយុទ្ធសាស្រ្ត និងតម្រូវតាមពេលវេលា។ ជាពិសេសទៀតនោះ សមណនិស្សិតត្រូវសិក្សាចាប់ការចេញដំណើរទៅ មិនមែនតែទៅសិក្សានៅក្នុងសាលានោះទេ ត្រូវស្វែងយល់ពីបញ្ហាជុំវិញខ្លួន ទើបអាចទទួលបានជោគជ័យ។

លោកគ្រូ រដ្ឋ ពិសិដ្ឋ បានសំដែងការចាប់អារម្មណ៍ថា សមណនិស្សិតដែលចេញពីវត្តអារាមមក ដើម្បីស្វែងរកដុំពេជ្រមួយដុំយកមកទុកក្នុងប្រាណ គឺពន្លឺនៃចំំណេះវិជ្ជាទាំងឡាយ ដែលជាប្រយោជន៍ ដល់ខ្លួនឯងនិងសង្គម ព្រោះថាគ្មានពន្លឺអ្វីស្មើដោយពន្លឺនៃបញ្ញាឡើយ។

លោកគ្រូ គឹម សុង ជាសមាជិកក្រុមប្រឹក្សាភិបាល គាត់មានប្រសាសន៍ថា យើងត្រូវចេះរៀនជួយខ្លួនឯង និងជួយសង្គម គឺធ្វើយ៉ាងណាឱ្យបានជាប្រយោជន៍សម្រាប់ខ្លួនឯងនិងសង្គម។

លោក ថើស ចន្រ្ទា មានមតិថា យើងគួរតែសម្លឹងមើលនូវអ្វីដែលចាំបាចនៅចំពោះមុខយើងមិនត្រូវសម្លឹងនូវអ្វីដែលឆ្ងាយពេកនោះទេ គឺមានន័យថាសមណនិស្សិតទាំងអស់គួរតែមាន ក្តីសង្ឃឹមថាក្នុងរយៈពេលបួនឆ្នាំយើងនឹងទទួលបានមកវិញនូវបរិញ្ញាបត្រគ្រប់ៗអង្គ។

ព្រះតេជព្រះគុណ គឹម សុខ ប្រធានតំបន់វត្តអង្គតាមិញ មានសង្ឃដីកាថា ពេលដែលយើងបាន ទៅសិក្សានៅប្រទេសថៃនោះ យើងត្រូវចេះយកចិត្តទុកដាក់ជួយសម្អាតវត្តអារាម បំពេញកិច្ចវត្តថ្វាយបង្គំព្រះឱ្យបានទៀងទាត់ និងសម្អាតបរិស្ថានជុំវិញខ្លួនឱ្យបានប្រសើរ ដើម្បីរក្សានូវ សេចក្តីសុខដល់ខ្លួនយើងនិងសង្គមទាំងមូលផង ជាពិសេសគឺការទ្រង់បិណ្ឌបាតជាប្រចាំ។

បន្ទាប់មកទៀត ព្រះតេជព្រះគុណ កៀង ហើន តំណាងសមណនិស្សិតបានប្តេជ្ញាថា នឹង ខិតខំសិក្សារៀនសូត្រឱ្យអស់ពីកម្លាំងកាយចិត្ត ទោះបីមានឧបសគ្គយ៉ាងណាក៏ដោយ នៅតែប្រឹងប្រែងពុះពារមិនរាថយឡើយ និងបានថ្លែងអំណរគុណដល់សម្ព័ន្ធដែលបានជួយគ្រប់មធ្យោ បាយ តាំងពីការរៀបចំឯកសារទីស្នាក់អាស្រ័យរហូតដល់ការផ្តល់ថ្លៃធ្វើដំណើរទៅសិក្សាដល់ប្រទេសថៃ ជាពិសេសព្រះអង្គមានការក្តុកក្តួលយ៉ាងខ្លាំង ដោយព្រះអង្គមានសង្ឃដីកាថា យើងជាព្រះសង្ឃខ្មែរក្រោម នៅឯកម្ពុជាក្រោមយើងមិនមានថ្នាក់រៀនបន្តដូចជាថ្នាក់បរិញ្ញាបត្រផ្សេងៗនោះទេ ពេលបានបញ្ចប់ទី១២នោះ។ គួររំលឹកផងដែរថា នៅឆ្នាំនេះជាឆ្នាំទី១០ហើយដែលសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បញ្ជូនសមណនិស្សិតទៅសិក្សានៅប្រទេសថៃ គឺចាប់ពីឆ្នាំ២០០៧រហូតមកឆ្នាំ ២០១៦ នេះ សរុបមានចំនួនទាំងអស់១០៣ព្រះអង្គ។ ដោយៈ UKKBS

Leave a Reply

Your email address will not be published.