បង្កើតទម្លាប់ឈ្នះៗ

ប្រសិនបើធ្វើជាមនុស្សដ៏ជោគជ័យជាការងាយនោះ អញ្ជឹងគ្រប់គ្នាក្លាយជាមនុស្សជោគជ័យអស់បាត់ទៅហើយ។ វាមិនមែនងាយម្លឹងពេកនោះទេ ប៉ុន្តែបើអ្នកធ្វើជាមនុស្សសកម្មនៃ “គោលការណ៍សកម្ម” អ្នកអាចក្លាយជាមនុស្សជោគជ័យបាន។ អ្នកអាចចាប់ផ្តើមដោយការ “អភិវឌ្ឍន៍ទម្លាប់ឈ្នះៗ” និងព្យាយាមលះបង់ទម្លាប់អាក្រក់ចោលទន្ទឹមពេលគ្នាតែម្តង។ តែអ្នកត្រូវតាំងចិត្តអំណត់អត់ធន់បន្តិច។ តាមការសិក្សាតាមផ្នែកចិត្តវិទ្យាបានបង្ហាញថា ការបង្កើតទម្លាប់មួយ ឬក៏លះបង់ទម្លាប់មួយអាចត្រូវចំណាយពេលប្រហែលជា ៣០ថ្ងៃឯណោះ។

អ្នកអាចត្រូវគោរពសំដីរបស់ខ្លួនឯង បើទោះជាវាមានការលំបាកយ៉ាងណាក្តី។ អ្នកអាចផ្តួច    ផ្តើមរៀបចំកំណត់គោលដៅរបស់អ្នក ហើយផ្តោតចំណាប់អារម្មណ៍លើវាឱ្យបានជាពិសេសបំផុត រួមទាំងកររៀបចំតារាងលេខរៀងការងារដែលត្រូវធ្វើជារៀងរាល់ថ្ងៃផង។ អ្នកអាចទាំងហាត់ប្រាណនៅពេលដែលហត់នឿយ អ្នកអាចសិក្សាបន្ថែមមុខវិជ្ជាខាងផ្នែកជំនួញតាមរយៈការអាននូវឯកសារផ្សេងៗ អ្នកអាចបំពេញកិច្ចការមួយដោយស្ម័គ្រចិត្ត អ្នកអាចធ្វើការបរិច្ចាគ ឬផ្តល់អំណោយដល់សហគមន៍ ផ្តល់ជំនួយ អ្នកអាចចំណាយពេលឱ្យបានច្រើនជាងមុនបន្តិចសម្រាប់គ្រួសារ និងអតិថិជន។ អ្នកអាចជួយសំអាតសំរាមតាមផ្លូវដែលអ្នកធ្លាប់ដើរ គឺអ្នកអាចធ្វើអ្វីផ្សេងៗជាច្រើននៅពេលដែលអ្នកដទៃនៅទំនេរ ឬសំរាកនោះ។

ជួនកាលអ្នកអាចនឹងមិនចង់ធ្វើច្រើនបែបនេះពេកដែរ។ អ្នកអាចមានអារម្មណ៍ថាអ្នកធ្វើច្រើនហួសពេកហើយ។ ត្រឹមត្រូវ ចូរធ្វើអ្វីតាមទម្លាប់ដែលទទួលបានផលសម្រេចពិតៗ។ អ្នកនឹងក្លាយទៅជាមនុស្សខ្លាំង ម៉ឹងម៉ាត់ស្វិតស្វាញបំផុត។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៤៧ ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.