ធ្វើដោយចិត្តមោះមុត

មនុស្សគ្រប់រូបតែងស្ងើចសរសើរភាពអង់អាចក្លាហាន និងការហ៊ានពុះពារគ្រប់ឧបស័គ្គ ហើយក៏ពុំមាននរណាម្នាក់ឱ្យតម្លៃចរិតឆាប់ភ័យស្លន់ស្លោរ ចរិតអៀនប្រៀនពុំមានជំនឿលើខ្លួនឯងនោះដែរ។ ចូរសង្កេតមើលថា តើអ្នកដទៃបានធ្វើអ្វីបានសម្រេចខ្លះ ហើយឯចំណែកខ្លួនឯងវិញបានធ្វើអ្វីសម្រេចខ្លះដែរ? មនុស្សភាគច្រើនអាចមានចិត្តស្ទាក់ស្ទើរខ្លាចរអា។ សម្រាប់មនុស្សដែលខ្លាំង គេហ៊ានធ្វើបើទោះជាមានភាពភ័យខ្លាចនៅចំពោះមុខក៏ដោយ ចំណែកឯមនុស្សកំសាកវិញ គឺត្រឡប់ក្រោយ ឬពួនសំងំបាត់ទៅហើយ បើសិនជាឃើញភារកិច្ចដ៏គួរឱ្យភ័យខ្លាចបែបនេះនោះ។ ចរិតអៀនប្រៀន និងកំសាកតែងតែជាមូលហេតុដែលនាំឱ្យមានមន្ទិល និងការស្ទាក់ស្ទើរ ដែលទាំងនេះហើយនឹងសំដែងចេញជាភាពទន់ខ្សោយផង និងជាសញ្ញានៃគ្រោះថ្នាក់ផង។ មនុស្សកំសាកស្លាប់រាប់ពាន់ឯណោះក្នុងមួយឆាកជីវិតនេះ។

មានរូបមន្តមួយ សម្រាប់ការអភិវឌ្ឍន៍ខ្លួនឯង។ រូបមន្តនោះមានលក្ខណៈដូចៗគ្នាសម្រាប់មនុស្សគ្រប់ៗរូប។ អ្នកត្រូវតែប្រកាន់ខ្ជាប់នូវការសិក្សាស្វែងយល់ ការគ្រោងផែនការ ហាត់ ហើយសាកល្បង។ មនុស្សខ្លះទៅជារួញខ្លួនតែម្តងពេលជួបបញ្ហាតូចតាចអ្វីម្យ៉ាង អ្នកខ្លះទៀតប្រឹងប្រែងតែបន្តិចក៏សម្រេចបានភ្លាម។ អ្នកខ្លះលុះត្រាតែប្រឹងប្រែងឱ្យបានខ្លាំងបំផុតទើបបានសម្រេច។ តែសម្រាប់អ្នក អ្នកគួរតែស្វាគមន៍ទាំងញញឹមចំពោះរាល់ភារកិច្ចដែលគេគ្រប់គ្នាទទួលស្គាល់ថាពិតជាលំបាកហើយសម្រេចឱ្យបានជោគជ័យ។ គឺមានតែពេលនោះហើយ ដែលអ្នកនឹងមានមោទនៈភាពពិតប្រាកដសម្រាប់ការសម្រេចបានជោគជ័យដែលបានមកពីស្នាដៃខ្លួនឯងផ្ទាល់។

ចូរធ្វើឱ្យសម្រេចចិត្តដោយខ្លួនឯងថា ត្រូវធ្វើអ្វីដើម្បីជួយជំរុញឱ្យដល់ការសម្រេចបានជោគជ័យ។ គោលការណ៍ទាំងនេះ ត្រូវបានគេទទួលស្គាល់ច្រើនក្រាស់ក្រែលដែរ ប៉ុន្តែមានអ្នកប្រតិបត្តិតាមមិនច្រើនប៉ុន្មានឡើយ។ មនុស្សភាគច្រើនដឹងច្បាស់នូវអ្វីៗដែលខ្លួនគួរធ្វើ ប៉ុន្តែពួកគេខ្វះឆន្ទៈ និងភាពជឿជាក់លើខ្លួនឯង ដើម្បីសាកល្បងផ្តើមធ្វើជំនួញ បោះទុនវិនិយោគ ឬចងសម្ព័ន្ធភាព បានដោយប្រើកម្លាំងកាយ និងកម្លាំងចិត្តរបស់ខ្លួនឯង។ មនុស្សប្រភេទនោះ គឺជាមនុស្សមិនឯករាជ្យ។ តែចំពោះអ្នកវិញ អ្នកអាចធ្វើបានទាំងអស់  ព្រោះអ្នកគឺជាមនុស្ស “សកម្ម”

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៧១ ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.