
នៅក្នុងរដូវកាលខែ បុស្ស និងខែមាឃ នៃចន្ទគតិ ប្រចាំពុទ្ធសករាជ ២៥៥៩ ដែលត្រូវនឹងខែមករា និង ខែកុម្ភៈ គ្រឹស្តសករាជ ២០១៦ នេះ ជាទេសកាលដែលសមណសិស្ស និងគ្រូបង្រៀន នៅតាមខេត្តមួយចំនួន ក្នុងដែនដីកម្ពុជាក្រោម មានដូចជា ខេត្តព្រះត្រពាំង ខេត្តលង់ហោរ និងខេត្តមាត់ជ្រូក បានមកជួបជុំគ្នានៅទីតាំង មណ្ឌលប្រលងនីមួយៗទៅតាមការកំណត់របស់សមាគមសង្ឃ ដើម្បីចាត់តាំងកម្មវិធីប្រលងរួម ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ បន្ទាប់ពីសមណសិស្ស និងសិស្សបានសិក្សានៅតាមវត្តអារាម នានាអស់រយៈពេល ៩ ខែរួចមក។ ការផ្ដល់វិញ្ញាបនបត្រ និងរង្វាន់លើកទឹកចិត្តដល់សមណសិស្ស នៅក្នុងកម្មវិធីប្រលងថ្នាក់ពុទ្ធិកមធ្យមសិក្សា នៅស្រុកកំពង់ស្ពាន ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៦ ។
កម្មវិធីរៀនផ្នែកពុទ្ធិកសិក្សាជាភាសាខ្មែរនៅខេត្ត ព្រះត្រពាំង ខេត្ត លង់ហោរ និងខេត្តមាត់ជ្រូកនេះ បានបង្កើតឡើងជាយូរមកហើយដោយសមាគមមួយដឹកនាំដោយគណៈមន្ត្រីសង្ឃ ខ្មែរនៅដែនដីកម្ពុជាក្រោម ដែលមានឈ្មោះថា “សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ”។ សមាគមនេះ សព្វថ្ងៃ ត្រូវរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ចាប់ច្របាច់ដាក់បញ្ចូលឲ្យនៅក្រោមការត្រួតត្រារបស់រណសិរ្សមាតុភូមិ វៀតណាម (Mặt trận Tổ quốc Việt Nam) និងសមាគមពុទ្ធសាសនាវៀតណាម (Giáo hội Phật giáo Việt Nam) ដែលដឹកនាំដោយព្រះសង្ឃមហាយានជនជាតិយួន ។
កាលបរិច្ឆេទរៀន និងបង្រៀនរបស់សិស្ស និងគ្រូបង្រៀន នៃសាលាពុទ្ធិកមធ្យសិក្សា បឋមភូមិ ទី៤ វត្តដំបងពាក់ ស្រុកថ្កូវ ខេត្តព្រះត្រពាំង។ ឯកសារបានផ្ដល់ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង
កាលបរិច្ឆេទរៀន និងបង្រៀនរបស់សិស្ស និងគ្រូបង្រៀន នៃសាលាពុទ្ធិកមធ្យសិក្សា ទុតិយភូមិ ទី ៣ វត្តសំរោងឯក ទីក្រុងព្រះត្រពាំង។ ឯកសារផ្ដល់ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង
កាលបរិច្ឆេទរៀន និងបង្រៀនរបស់សិស្ស និងគ្រូបង្រៀន នៃសាលាពុទ្ធិកមធ្យសិក្សាបឋមភូមិទី ២ វត្ត មេពាំង ស្រុកកំពង់ស្ពាន ខេត្ត ព្រះត្រពាំង។ ឯកសារផ្ដល់ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ បានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៦៥ ដោយព្រះតេជ ព្រះ គុណ សឺង វង់ (Son Vong) អតីតព្រះបាឡាតគណខេត្ត ព្រះត្រពាំង ។
នៅក្នុងកម្មវិធីប្រលង ពុទ្ធិកមធ្យមសិក្សា នៅខេត្តព្រះត្រពាំង គណៈកម្មការចាត់តាំងបានបែងចែកចេញជា ២ ផ្នែក គឺ កម្មវិធីប្ររួមស្រុក ចាត់ពីថ្នាក់ពុទ្ធិកម្យមសិក្សាបឋមភូមិ ទី ១ រហូតដល់ទី ៣ ឬ ចាប់ពីថ្នាក់បាលីទី ១ ដល់ទី ៣ ត្រូវប្រលងរួម នៅក្នុងមណ្ឌលប្រលងរួមស្រុកដែលតែងតែចាត់តាំងនៅក្នុងវត្តណានីមួយ ឋិតនៅក្រោមការចាត់តាំងរបស់គណៈមន្ត្រីសង្ឃថ្នាក់ស្រុកទាំង ៨ នៅក្នុងខេត្ត ។ ចំណែកថ្នាក់ពុទ្ធិកមធ្យម សិក្សាបឋមភូមិ ទី ៤ ឬ បាលីរង និងចាប់ពីថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ទី ១ ដល់ទី ៣ ឬ ថ្នាក់ទី ១០ ដល់ ទី ១២ ត្រូវឋិតនៅក្រោមការចាត់តាំងរបស់អគារសិក្សាធិការ នៃសាលគណខេត្ត។ ថ្នាក់ទាំង៤នេះ ត្រូវបានប្រលងរួមនៅក្នុងមណ្ឌលប្រលងណាមួយទៅតាមកាលនិងទីកំណត់របស់ គណៈមន្ត្រីសង្ឃខេត្ត និងអាចារ្យ បង្រៀនរបស់ថ្នាក់ទាំងនេះ ។
ឆ្នាំសិក្សា ប្រចាំពុទ្ធសករាជ ២៥៥៩ គ្រិស្ត សករាជ ២០១៥ និង ២០១៦ នេះ នៅស្រុកកំពុងស្ពាន បានចាត់តាំងកម្មពិធីប្រលងរួមសម្រាប់ថ្នាក់ ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ចាប់ពីថ្នាក់ទី ១ ដល់ទី ៣ ទូទាំងស្រុក នៅមណ្ឌលប្រឡងវត្ត ជោវ័ន សង្វាមាស (បាត់ក្រមា) ចាប់ថ្ងៃទី ១៦ ដល់ទី ១៨ ខែមករា ឆ្នាំ ២០១៦ ។ សិស្សទាំង ៣ ថ្នាក់នេះ រួមមាន ២៤៩ អង្គ និងរូប ក្នុងនោះ សមណសិស្សមាន ១៨៣ អង្គ និងយុវសិស្សប្រុសស្រី មាន ៦៦ រូប។
កម្មវិធីសិក្សាផ្នែកពុទ្ធិកសិក្សា ឬផ្នែកភា សាបាលីនេះ គណៈមន្ត្រីសង្ឃនៅក្នុងខេត្ត ព្រះត្រពាំង បានតម្រូវឲ្យវត្តនីមួយៗ បើកថ្នាក់ណាមួយចាប់ពីថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិទី ១ រហូតដល់ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិទី ៣ ឬចាប់ពីថ្នាក់ទី ៦ ដល់ទី ១២ ទៅតាមលទ្ធិភាពដែលអាចធ្វើបាន។ ឆ្នាំសិក្សាប្រចាំពុទ្ធសករាជ ២៥៥៩ នេះ វិញ្ញាសា ដែលគណៈមន្ត្រីសង្ឃលើកយកមកឲ្យព្រះសង្ឃ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ទី ១ ដល់ទី ៤ រៀននោះ រួមមាន វេយ្យាករណ៍ខ្មែរ គណិតវិទ្យា ភាសាខ្មែរ តែងសេចក្ដី វិន័យ គាថាធម្មបទ ទស្សនៈពុទ្ធសាសនា ភាសាអង់គ្លេស ព្រះអភិធម្ម ធម្មបទដ្ឋកថា ភាគ ១ ដល់ភាគ ៨ វេយ្យា ករណ៍បាលី ទូរេននិទាន ធម្មវិភាគ សរសេរតាមអាន និង ពុទ្ធប្រវត្តិ។ ចំណែក វិញ្ញាសាសម្រាប់ ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិទី ១ ដល់ ទី ៣ រួមមាន ព្រះបាតិមោក្ខ មង្គលត្ថទីបនី ភាគ ១ ដល់ភាគ ៤ សរសេរតាមអាន សម្ព័ន្ធមាលា គណិត សាស្ត្រ អង់គ្លេស សាសនាសកល កំណាព្យ និងតែងសេចក្ដី។
ក្នុងរយៈពេល ៩ ខែ ដែលព្រះសង្ឃរៀននេះ មានកម្មវិធីប្រលង៣ លើក គឺប្រលងត្រីមាស នៅពេលព្រះសង្ឃចូលវស្សា ប្រលងឆមាស ពេលព្រះសង្ឃចេញវស្សា និង ប្រលងបញ្ចប់ថ្នាក់នៅក្នុងខែបុស្ស និងមាឃរៀងរាល់ឆ្នាំ។ ពេលប្រលងម្ដងៗ តាមវត្តអារាមតែងតែចាត់តាំងកម្មវិធីប្រកាសលទ្ធផល និងផ្ដល់រង្វាន់លើទឹកចិត្តដល់ សមណសិស្សយ៉ាងអធិកអធ័ម។ ការសិក្សារបស់ព្រះសង្ឃនៅតាមវត្តអារាមនានា នៅក្នុងខេត្ត ព្រះត្រពាំងនេះ វាបានក្លាយទៅជាប្រពៃណីមួយទៅហើយ ដោយពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗ ជាអ្នកទំនុងបំរុងបាយបាត្រដល់សមណសិស្សដែលបាននិមន្តមកពីវត្តនានា ដើម្បីស្នាក់អាស្រ័យ រៀនសូត្រ ជារៀងរាល់ឆ្នាំ ។ ចំណែកគ្រូបង្រៀនវិញ ក៏ជាព្រះសង្ឃ និងជាពុទ្ធបរិស័ទនៅក្នុងចំណុះជើងវត្តនីមួយៗ ជាអ្នកបង្រៀនស្មគ្រចិត្តបន្តវេនគ្នាពីជំនាន់មួយទៅជំនាន់មួយផងដែរ។ រីឯសមណ សិស្សវិញ ពេលចេញរៀនម៉ោង ៩ កន្លះ ព្រឹកត្រូវ និមន្តចេញបិណ្ឌបាត្រ នៅតាមផ្ទះពុទ្ធបរិស័ទដែលវត្តបានចាត់ជាវេននីមួយៗ ដើម្បី បានចង្ហាន់មកទ្រទ្រង់ជីវិតិន្ទ្រីយ៍ឲ្យប្រព្រឹត្តទៅក្នុងការប្រតិបត្តិធម៌ និងសិក្សាអក្សរសាស្ត្រខ្មែរ របស់ខ្លួន ។
សូមបញ្ជាក់ដែរថា នៅកម្ពុជាក្រោមសព្វថ្ងៃមិនទាន់មានសាលាមហាវិទ្យាល័យ ឬសកលវិទ្យាល័យណាមួយ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រដែលបង្កើតឡើងដោយពលរដ្ឋខ្មែរក្រោមម្ចាស់ ស្រុកនៅឡើយទេ។ ដូច្នេះ ព្រះសង្ឃខ្មែរក្រោម អង្គណា ដែលចង់បន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ត្រូវតែនិមន្តចេញទៅប្រទេសកម្ពុជា ឬថៃ។ ចំ ណែកព្រះសង្ឃ ដែលនិមន្តទៅប្រទេសកម្ពុជាត្រូវចុះឈ្មោះរៀនថ្នាក់អនុវទ្យាល័យ ឬវិទ្យាល័យសាឡើងវិញ ព្រោះវិញ្ញាបនបត្រ ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ដែលចេញដោយអាគារធិការសិក្សានៃគណៈមន្ត្រីសង្ឃខ្មែរខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម មិនត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំជាតិនៃប្រទេសកម្ពុជាឡើយ។ ចំណែកឯប្រទេសថៃផ្ទុយពីប្រទេសកម្ពុជា ក្នុងនាមជាប្រទេសមួយ ដែលមិនមែនជាជាតិខ្មែរឈាមខ្មែរដូចគ្នា តែគេបានទទួលស្គាល់សមមូលវិញ្ញាបនបត្រមកពីដែនដីកម្ពុជាក្រោម ហើយបានលើកទឹកចិត្តឲ្យសមណសិស្សខ្មែរក្រោមរាប់រយអង្គ មានឱកាសចូលបន្តការសិក្សានៅតាមសកលវិទ្យាល័យនានាយ៉ាងច្រើន ដូចជាមហាវិទ្យាល័យ មហាចុឡាឡុងករណ៍រាជវិទ្យាល័យ ដែលមានមូលដ្ឋាននៅខេត្តអយុធ្យាជាដើម ៕ ប្រភពៈ vokk.net