ចូរចាប់ផ្តើមធ្វើអ្វីដែលអ្នកគួរធ្វើឱ្យបានរួសរាន់ និងសមស្របនឹងឋានៈ និងកិត្តិយសអ្នកគួរទទួលបាន។ ចូរចាំថា ពាក្យសដី អត្តចរិក អាកប្បកិរិយា ឫកពារ សំលៀកបំពាក់ និងសកម្មភាពទាំងឡាយរបស់អ្នក សុទ្ធតែឆ្លុះបញ្ចាំងពីតម្លៃរបស់អ្នក។ នៅក្នុងកាលសម័យដ៏ទំនើបនេះ មនុស្សត្រូវការគំរូដើម្បីជាពន្លឺក្នុងការបែងចែកល្អ និងអាក្រក់ តំរៀបលំដាប់ថ្នាក់ មុននឹងសម្រេចធ្វើអ្វីមួយប្រកបដោយលទ្ធផលត្រឹមត្រូវ និងខ្ពង់ខ្ពស់។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក អ្នកក៏ជាគំរូសម្រាប់អ្នកដទៃដែរ គ្រាន់តែថាវាអាចជាគំរូល្អ ឬអាចជាគំរូអាក្រក់ប៉ុណ្ណោះ។ ប្រសិនបើអ្នកនិយាយស្តីសុភាពរាបសា ស្លៀកពាក់សមរម្យ ប្រកាន់ទឹកមុខញញឹមរីករាយគ្រប់ឱកាស ចេះគួរសម ខិតខំធ្វើការ ស្ម័គ្រចិត្តជួយគេ និងមិនចេះរអ៊ូរទាំនោះ អ្នកដទៃពិតជាឆាប់មើលឃើញគំរូរបស់អ្នកជាមិនខាន។
ចូរកុំរំពឹងអ្នកផ្សេងថានឹងធ្វើអ្វីដែលខ្លួនពុំបានធ្វើ ជាជំនួសឱ្យសោះ។ ចូរប្រកាន់យកសមភាព ភាពហ្មត់ចត់ រាក់ទាក់ និងជាទីពំនាក់របស់អ្នកដទៃ។ ប្រសិនបើអ្នកចង់និយាយណែនាំអ្នកដទៃ ចូរកុំធ្វើនៅក្នុងចំណោមមនុស្សឱ្យសោះ។ ប្រសិនបើអ្នកជាមេដឹកនាំដ៏ពូកែពិតនោះកូនក្រុមរបស់អ្នកអាចធ្វើការងារបានជោគជ័យដោយពុំមានអ្នកចូលរួមគ្រប់គ្រង និងដឹកនាំការងារទាំងអស់នោះឡើយ។ ចូរព្យាយាមរិះរកគំនិតល្អៗពីកំពូលមនុស្សជោគជ័យ ដើម្បលើកទឹកចិត្តខ្លួនឯង និងធ្វើតម្រាប់តាមដើម្បីធ្វើឱ្យបានសម្រេចដូចគេ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី២២)