ការសិក្សា គឺជាការស្វែងយល់អំពីខ្លួនឯងឱ្យកាន់តែច្បាស់ឡើង។ ជាទូទៅការស្វែងយល់ពីខ្លួនឯងនោះមានមូលដ្ឋាននៅលើការសាកល្បង ទង្វើខុសឆ្គងនានា និងបទពិសោធន៍នៃបុគ្គលទាំងឡាយដែលធ្លាប់ឆ្លងកាត់មុនៗហើយ។ បុគ្គលខ្លះធ្លាប់បានរើបំរាស់ពីពិភពលោកដ៏លំបាកវេទនា មកពិភពដ៏មានសេចក្តីសុខបាន។ បុគ្គលខ្លះទៀតទៅប្រាថ្នាប្តូរផ្តាច់ថា ចង់រស់នៅលើទឹកដីបរទេសឱ្យបាន តែពុំដែលទទួលផលវិជ្ជមានទេ។ ទាំងនេះហើយ ជាបទពិសោធន៍គំរូ។ ឆន្ទៈខ្ពស់ និងសេចក្តីក្លាហានរបស់ពួកគេបានផ្តល់ជាចំណេះដឹងយ៉ាងមានតម្លៃដល់ជីវិតបច្ចុប្បន្នរបស់យើង ដើម្បីនាំឆ្ពោះទៅរកសុភមង្គលដ៏យូរអង្វែង។ មនុស្សជាតិក្នុងយុគសម័យនេះ ហាក់ដូចជារឹងមាំជាង និងចេះសម្របសម្រួលជាងមនុស្សជំនាន់មុនៗ។ អ្វីៗដែលយើងប្រាថ្នាចង់សម្រេចក្នុងជីវិតក្នុងពេលបច្ចុប្បន្ននេះ ពិតជាមានភាពងាយស្រួលជាងដោយហេតុថា បុព្វបុរសរបស់យើងបានជួយត្រួសត្រាយផ្លូវឱ្យយើងរួចទៅហើយ។
ដូច្នេះចូរសំដែង និងមានចិត្តកតញ្ញូតាធម៌ចំពោះអ្នកប្រាជ្ញស្រាវជ្រាវបង្កើតថ្មី និងអ្នកវិទ្យាសាស្រ្ត ព្រមទាំងគ្រូ សាស្រ្តាចារ្យគ្រប់រូបដែលបានចំណាយអស់កម្លាំងកាយចិត្តផ្តល់ចំណេះដឹងឱ្យយើងគ្រប់គ្នានេះ។ ចូរមានចិត្តកតញ្ញូតាធម៌ចំពោះមាតាបិតា ព្រមទាំងអ្នកគ្រប់គ្នាដែលមានសន្តានចិត្តចាប់អារម្មណ៍ និងយកចិត្តទុកដាក់លើយើង។ ចូរផ្តល់ការគោរពដល់អ្នកដែលបានធ្វើអ្វីៗដើម្បីយើង។
ចូរប្រកាន់យកសន្តានចិត្តបែបនេះហើយបន្តវារហូតទៅ។ នៅថ្ងៃណាមួយអ្នកនឹងចាស់ជរា ពេលនោះអ្នកនឹងទទួលការគោរពដូចគ្នានេះដែរ។ ដូច្នេះ ចូរមានចិត្តកតញ្ញូចំពោះបុព្វបុរសរបស់អ្នក។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៩៦ដោយៈ ជុំ សមវាសនា)