បញ្ហាស្ទើរគ្រប់ការទាំងអស់ សុទ្ធតែអាចជជែកពិភាក្សាដោះស្រាយបាន។ ចូរស្រាវជា្រវ និងរៀបចំមុនពេលអ្នកចូលជួបពិភាក្សាជាមួយភាគីដទៃ។ ចូរប្រើពាក្យសំដីតាមឋានៈរបស់ខ្លួន ។ ត្រូវដឹងឱ្យបានច្បាស់អំពីគោលដៅនៃកិច្ចពិភាក្សា ហើយក៏ត្រូវដឹងថានឹងត្រូវធ្វើសម្បទានប៉ុណ្ណាក្នុងកិច្ចពិភាក្សានេះដែរ។ ចូរលាតត្រដាងនូវអ្វីដែលអ្នកចង់បាន ហើយចូរជៀសវាងប្រការដែលទុកឱ្យភាគីម្ខាងទៀតទាញនូវវត្ថុបំណងរបស់ខ្លួនឱ្យសោះ។ ចូរពង្រឹងទឹកចិត្តថា ខ្លួនពិតជាអាចទទួលបានផលវិជ្ជមានពីកិច្ចពិភាក្សានោះ។ ចូរប្រើការព្យាយាមឱ្យបានខ្លាំងជាទីបំផុត។ គួរប្រើគំនិតល្អៗ និងរបៀបពិសេសៗ ក្នុងការជជែក ឬក៏ប្តូរយុទ្ធសាស្រ្តតាមរយៈការសុំឱ្យភាគីដទៃផ្តល់ជាដំណោះស្រាយ ចំណែកឯយើងជាអ្នកសម្រុះសម្រួលវិញម្តង។
ចូរផ្តើមកិច្ចពិភាក្សាដោយមានការផ្តល់សម្បទានតិចជាងការគ្រោង ហើយសមហេតុផលទៀតផង។ ចូរជៀសវាងប្រការជជែកខ្វែងគំនិតគ្នា និងការសម្លុតគំរាមកំហែង ។ ចូរសំដែងនូវការគោរពដល់ឋានៈរបស់ភាគីដទៃ។ ស្វែងរកមូលហេតុដល់សមហេតុផលបំផុតសម្រាប់គាំទ្រសំណូមពររបស់ខ្លួន។ បញ្ចេញគំនិតយោបល់ឱ្យបានច្បាស់ៗ ប្រសិនបើកិច្ចពិភាក្សានោះពុំទាន់ទទួលបានភាពចុះសម្រុងគ្នាទេនោះ។ នៅពេលកិច្ចពិភាក្សាឈានដល់គោលដៅ ឬគោលដៅពិភាក្សាត្រូវបានព្រមព្រៀងគ្នាហើយគួរបញ្ឈប់កិច្ចពិភាក្សាតែម្តង ឬមួយក៏ផ្តើម សំដែងពីបញ្ហាផ្សេងមួយទៀតភ្លាម។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៧៧ដោយៈ ជុំ សមវាសនា)