គោលបំណង និង ការព្យាយាម

មនុស្សសត្វទាំងឡាយកើតមកហើយតែង តែមានគោលបំណង និងជាដំណើរជីវិតមួយដ៏វែងឆ្ងាយ ចំពោះដំណើរនៃជីវិតនោះទៀតសោត រមែងជួបប្រទះនូវសេចក្តីសុខ និងសេចក្តីទុក្ខជា ធម្មតាទេ ព្រោះថាសេចក្តីសុខនិងសេចក្តីទុក្ខនេះ វាជាគូនិងគ្នារួចទៅហើយ។ ចំណែកកិច្ចការឬក៏ ការងារប្រចាំថ្ងៃដែលប្រកដដើម្បីចិញ្ចឹមជីវិតនោះ វិញ ហើយយើងបានគិតថាជាការងារមួយដ៏ល្អ ត្រឹមត្រូវ ជាការងារអាចនាំឱ្យមានសេចក្តីចម្រើនទៅមុខបាន ប៉ុន្តែពេលដែលយើងធ្វើទៅៗការងារ នោះបែរជាមានការរាំងស្ទះ ជាហេតុនាំឱ្យយើងមិនអាចប្រព្រឹត្តទៅមុខបានដូចដែលយើងបានគិតទុកនោះទេ និយាយឱ្យចំគឺថាមានឧបសគ្គមក រារាំង យើងត្រូវពុះពារនូវឧបសគ្គទាំងនោះទៅឱ្យ បានដោយប្រើនូវសតិបញ្ញា ដោយការព្យាយាម  ដោយសេចក្តីអត់ធន់កុំលះបង់ ត្រូវស្វែងរកវិធីដោះស្រាយឱ្យបានស្រួលបួល គឺយើងកុំបាក់នូវកម្លាំង ចិត្តជាមុន ដែលជាហេតុនាំឱ្យយើងទទួលបាននូវការបរាជ័យ។ ជាពិសេសនៅពេលដែលយើងបានជួបប្រទះនូវឧបសគ្គទាំងឡាយក្នុងដំណើរ នៃជីវិតរបស់យើងនោះ គឺខ្លួនយើងត្រូវចេះរក្សានូវកម្លាំងចិត្តកុំឱ្យវាធ្លាក់ចុះឱ្យសោះ យើងត្រូវតែមាន សង្ឃឹមក្នុងចិត្តជានិច្ចទើបបានជោគជ័យ។

មនុស្សយើង បើមានគោបំណងណាមួយ ហើយនោះ មិនថាការងារនោះត្រូវបានធ្លាក់ចុះ ឬមួយសង្គមមិនសូវត្រូវការ ឬមួយក៏ជាការងារដែលមានប្រាក់កម្រៃទាប មិនសមនឹងសមត្ថភាព ទេនោះ ក៏យើងមិនត្រូវធ្លាក់ទឹកចិត្ត ឬខូចចិត្តដែរ គឺយើងត្រូវរក្សានូវគោលដៅរបស់យើង ដែលកំ ពុងធ្វើដំណើរទៅរកនោះ។ ពីព្រោះថាការងារអ្វី មួយមានតម្លៃ គឺវាស្ថិតនៅលើខ្លួនយើងជាអ្នកកែ ច្នៃតែប៉ុណ្ណោះ បើយើងធ្វើហើយវាមិនជោគជ័យ ក៏យើងត្រូវព្យាយាមម្តងទៀត ដូចពាក្យចាស់បាន ពោលថា ៖ «ដួលហើយត្រូវក្រោក» បានសេចក្តី ថា បើយើងបានភ្លាត់ជើងរអិលដួល គឺយើងត្រូវ ក្រោកឡើងដើរតទៅទៀត គឺមានតែអ្នកដែលក្រោកឡើងដើរតទៅទៀតទេ ទើបធ្វើឱ្យដំណើរ ជីវិត ឬកិច្ចការរបស់ខ្លួននោះសម្រេចដល់គោល ដៅបាន​ យ៉ាងណាមិញ បើយើងធ្វើកិច្ចការអ្វីមួយហើយទទួលបរាជ័យ យើងក៏ខកចិត្តអស់នូវក្តីសង្ឃឹមព្រោះតែជួបនូវវិបត្តិ ចិត្តយើងខ្វះនូវការ ប្រឹងប្រែងរឹងប៉ឹង និងទំនុកចិត្តលើខ្លួនឯងទេនោះ សេចក្តីប្រាថ្នារបស់យើងត្រូវទទួលបរាជ័យដោយ ពិតប្រាកដ។

យើងដឹងហើយថា ការខកចិត្តកើតចេញ មកពីការអស់សង្ឃឹមជាហេតុ ក្នុងដំណើរជីវិតប្រ ចាំថ្ងៃត្រូវប្រយ័ត្នចំពោះសេចក្តីអស់សង្ឃឹមដែល មាននៅក្នុងខ្លួនយើង។ ពិតមែនហើយ សេចក្តីសង្ឃឹមវានាំឱ្យយើងមានកម្លាំងចិត្ត ប៉ុន្តែវាក៏អាច នាំឱ្យយើងខកចិត្តផងដែរ។ ដូច្នេះហើយ យើង ត្រូវចេះហ្វឹកហាត់អប់រំចិត្ត ឱ្យប្រព្រឹត្តតែកុសល និងមានឆន្ទះ ការប្រាស់ចាកនូវអំពើជាអកុសល គឺជាអំពើដែលមនុស្សគ្រប់រូបស្អប់ខ្ពើមជានិច្ច។ កុសលនិងឆន្ទះនាំឱ្យយើងបានសេចក្តីសុខកាយ សប្បាយចិត្តក្នុងការប្រកបការងារផ្សេងៗដែលកំ ពុងធ្វើ។ ម្យ៉ាងទៀត បើគិតថាធ្វើការឱ្យអ្នកដទៃ ទទួលបានសេចក្តីសុខ ម៉្លោះហើយយើងរីករាយ  នឹងធ្វើការ ដោយយើងមិនចាំបាច់សង្ឃឹមពីផលអ្វី ទៀតឡើយ ពីព្រោះថាបើបានសម្រេចក៏សម្រេច ដោយប្រាស់ចាកទោស តែបើមិនបានសម្រេចវិញក៏មិនខកចិត្តអ្វីដែរ គឺយើងសប្បាយចិត្តនឹងធ្វើ បន្តទៀត ដើម្បីជាប្រយោជន៍ដល់អ្នកដែលនៅជុំ វិញខ្លួនយើងប្រាកដបានសេចក្តីសុខទាំងអស់គ្នា។

ដោយៈ ភិក្ខុ ឥន្ទជោតោ

 

Leave a Reply

Your email address will not be published.