គុណតម្លៃ​អក្សរសាស្ត្រ​ខ្មែរ

អក្សរសាស្ត្រ​ខ្មែរ​ ជាអត្តសញ្ញាណជាតិដ៏​សំខាន់​មួយ​ដែល​បុព្វបុរស​ខ្មែរ​ បាន​បន្សល់​ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​​ប្រើ​ប្រាស់​​ថែ​រក្សា ហើយ​​ភាសា​​ខ្មែរ​​ក៏​​​មាន​​ការទំនាក់​ទំនង​យ៉ាង​​​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ភាសា​បាលី​និង​សំស្ក្រឹត​ដែល​ជា​ភាសា​ក្នុង​ព្រះ​ពុទ្ធ​សាសនាប្រៀប​ដូច​ជា​បង​ប្អូន​បង្កើត​​ដែរ ។

តាំងពីត្រូវ​បាន​លេច​ជា​រូប​រាង​​ឡើង​ អក្សរសាស្ត្រខ្មែរបាន​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រជា​រាស្ត្រ​ខ្មែរ​ក្នុង​ការ​​សិក្សា​ និង​កត់​ត្រា​កំណត់​ហេតុ​ផ្សេងៗទាក់​ទង​នឹង​​ប្រវត្តិ​សាស្ត្រ​ ទំនៀម​ទម្លាប់​ ប្រពៃណី​ ជំនឿ សាសនា អក្សរ​សិល្ប៍ជា​ដើម​នៅ​លើ​ស្លឹក​រឹត ជញ្ជាំង​ប្រាសាទ ផ្ទាំង​ថ្ម​​​ សៀភៅ តាំង​ពី​សម័យ​បុព្វបុរសរហូត​ដល់​បច្ចុប្បន្ន ដែល​ធ្វើ​ឱ្យ​ខ្មែរ​ជំនាន់​ក្រោយ​​​ស្គាល់​ខ្លួន​ឯង​បាន​​ច្បាស់​​​។​ ​ ម្យ៉ាង​ទៀត​ ការ​រីកចម្រើន​នៃ​វិទ្យា​​សាស្ត្រ​បច្ចុប្បន្ន​ កាន់​តែ​ផ្ដល់​ភាព​ងាយ​ស្រួល​ថែម​ទៀត​ ដូច​ជា​តាម​រយៈ​ ប្រព័ន្ធ​អ៊ីន​ធើនែត​ កុំ​ព្យូទ័រ​ជា​ដើម​​​ដែល​ជា​បច្ចេក វិជ្ជាទំនើប​ៗ អាច​ឱ្យ​ខ្មែរ​សិក្សា​ស្វែង​យល់​ពី​ចំណេះ​ដឹង​ទូទៅ​ បាន​ទូលំ​ទូលាយ​តាម​រយៈ​​អក្សរ​​សាស្ត្រ​ខ្មែរ​។ អក្សរសាស្ត្រ​និងភាសាខ្មែ​រផ្ដល់​គុណ​តម្លៃ​ដ៏វិសេសវិសាល​ឱ្យប្រជាពលរដ្ឋខ្មែរទូទៅ ក្នុងការសិក្សាក្រេបជញ្ជក់ចំណេះវិជ្ជាទាំងផ្លូវលោកនិងផ្លូវធម៌គ្រប់បែបយ៉ាង​តាមវត្តអារាម សាលារៀន តាំងពីបឋមសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត ទទួលបានការងារល្អៗធ្វើ។

និយាយ​ដោយ​ខ្លី​ ក្នុងការសិក្សាមុខវិជ្ជាផ្សេងៗ ប្រ សិនបើមិនចេះអានអក្សរខ្លួនឯងផង ធ្វើម្ដេចនឹងអាចសិក្សាស្វែងយល់​ឯកសារផ្សេងៗ បាន​ដោយ​ ងាយ​ស្រួល​។  ដោយ​ហេតុ​នេះ​ហើយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០០៨​ ទើប​រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសកំណត់យកវចនានុក្រមខ្មែរ ដែលជា​ព្រះរាជ​និពន្ធ​របស់​សម្ដេចព្រះសុមេធា​​ធិបតីសង្ឃ នាយក​គណៈមហានិកាយ ជួន ណាត  ជោតញ្ញាណោ  បោះពុម្ពគ្រាទីប្រាំ ភាគ១ នៅឆ្នាំ១៩៦៧ និងភាគ២ នៅឆ្នាំ ១៩៦៨ ជាគោលក្នុងសំណេរភាសាខ្មែរទាំងឡាយ។

តាម​ការ​សង្កេត​ឃើញ​បច្ចុប្បន្ន ខ្មែរ​មួយ​ចំនួន​ ជា​ពិសេស​សិស្ស​ និស្សិត​តែង​មាន​ការ​ភាន់​ច្រឡំនិង​មិន​បាន​យក​ចិត្ត​ទុកដាក់​ ព្រួយ​បារម្ភ​ចំពោះ​វិស័យ​អក្សរសាស្ត្រ​ជាតិ​ដូចជា​ការ​សរសេរ​ពាក្យ​​ និង​ការ​ប្រើ​ប្រាស់​ពាក្យ​ជាដើម​​ ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​អក្ខរា​វិរុទ្ធ​​និង​​កម្រិត​នៃ​​ពាក្យ​នោះ​ទេ គឺ​គ្រាន់​តែ​​​សរសេរ​​ឱ្យ​តែ​អាន​បានយល់បានតែ​ប៉ុណ្ណោះ មិន​ដែល​ខ្វល់ ​ថា​សរសេរ​ត្រូវ​ឬ​ខុស ឬ​ផ្ទៀង​ផ្ទាត់​ឱ្យ​បាន​ត្រឹម​ត្រូវ​ ឬ​សិក្សា​ស្រាវជ្រាវ​ពី​ឫសគល់​នៃ​អក្សរសាស្ត្រ​ខ្លួន​ឡើយ​​។  ម្យ៉ាង​ទៀត​​ ​យុវវ័យ​សម័យ​​បច្ចុប្បន្នពុំសូវ​​ផ្ដល់​តម្លៃឱ្យ​អក្សរសាស្ត្រ​ខ្មែរ ប៉ុន្មាន​នោះ​ទេ ពួកគេ​នាំ​គ្នា​ពេញ​និយម​យកអក្សរ​ និង​​ភាសា​បរទេស​មួយ​ចំនួន​ មកប្រើ​ប្រាស់​លាយឡំ​ជាមួយ​នឹងអក្សរ​និង​​ភាសា​ខ្មែរ ទាំង​ដែលអក្សរ​និង​​ភាសា​ខ្លួន​មាន​រួច​ទៅ​ហើយ​ ​មិន​យក​មក​ប្រើប្រាស់​ បែរ​ជា​​យកអក្សរ​ និង​​ភាសា​ដទៃ​មក​ជំនួស​ទៅ​វិញ​។ ទាំង​នេះ​សុទ្ធ​តែ​ជា​ហេតុ​ធ្វើ​​ឱ្យ​វិស័យ​​អក្សរសាស្ត្រ​ និង​ភាសាជាតិ​​ជួប​នឹង​វិបត្តិ​។  ទោះបី​ជា​បច្ចុប្បន្ន ​ពិភពលោក​​ ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​ផ្លូវ​ការ​យ៉ាង​​ណា​ក៏​ដោយ​ យើង​គួរ​ឱ្យ​តម្លៃ​ភាសា​ជាតិ​ជាង​ភាសា​ដទៃ​ដែរ ព្រោះថា​មុន​នឹង​ចេះអក្សរ​ និង​​ភា សា​ដទៃ​បាន​ ក៏​ដោយសារ​គុណ​​អក្សរ និង​ភាសាខ្មែរ​ដែរ។  ជាក់ស្ដែង បើមនុស្សមិនចេះអក្សរប្រៀប បាននឹងពេលថ្ងៃដែលគ្មានពន្លឺ គឺងងឹតសូន្យឈឹងដូចយប់ឥតព្រះចន្ទដូច្នោះដែរ យ៉ាងណាមិញយើង គួរតបស្នងសង​គុណដល់អក្សរសាស្ត្រ និងភាសាជាតិវិញដោយការឯកភាព  អភិរក្សនិងអភិវឌ្ឍ និងលើកតម្កើង​​​អក្សរសាស្ត្រ​​ជាតិឱ្យរីកចម្រើន ឋិត ថេរជានិរន្តរ៍ ដ្បិតថាសព្វថ្ងៃនេះ ភាសា និងអក្សរ    សាស្ត្រជាតិបាននិងកំពុងជួបនូវវិបត្តិ គឺ​ការមិនឯក ភាពគ្នាចំពោះចំណុចប្រាំយ៉ាងគឺ ការអានពាក្យ ការសរសេរពាក្យ ការប្រើពាក្យ  ការបង្កើតពាក្យ និងកម្ចីពាក្យពីបរទេស។

ដើម្បី​រួម​ចំណែក​ ក្នុង​ការអភិវឌ្ឍ​វិស័យ​អក្សរសាស្ត្រ​ និង​ភាសា​ជាតិ ​ ក្នុង​នាម​យើង​ជា​កុលបុត្រ​ កុល ធីតា​​ខ្មែរ​គ្រប់​រូប​ គប្បីយកចិត្តទុកដាក់ថែរក្សា​ការ ពារភាសា និងអក្សរសាស្ត្រជាតិយើងឱ្យបានរីក​ចម្រើន​ តាម​រយៈ​វិធី​សាស្ត្រ​ផ្សេង​ៗ ដូចជា​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ការ​បង្រៀន​តាម​សាលា​ជាដើម​​​ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​ ខាង​វិស័យ​អក្សរសាស្ត្រ​ជាតិ​ដល់​សិស្ស​និស្សិត​ និង​ប្រជាពលរដ្ឋ​​ខ្មែរ​ទូទៅ​ឱ្យ​ងាក​មក​​ចាប់​អារម្មណ៍​ និង​ស្វែង​​​យល់ពី​គុណ​តម្លៃ​នៃភាសា​និង​​​អក្សរសាស្ត្រ​ជាតិ​ឡើង​វិញ។  យ៉ាង​ហោច​ណាស់  អ្នក​សិក្សា​ខ្មែរ​គ្រប់​រូប​គ្រប់​វ័យ​ គួរ​មាន​វចនានុក្រម​ខ្មែរទាំងពីរ​ភាគ​ក្នុង​ដៃ​ ដើម្បី​ផ្ទៀង​ផ្ទាត់​អក្ខរាវិរុទ្ធ​ ​ស្វែង​យល់​ពីអត្ថន័យ​នៃពាក្យ និង​ការ​ប្រើប្រាស់ពាក្យ​ ក្នុង​ភាសា​​ខ្មែរឱ្យ​​បាន​ត្រឹមត្រូវ​​៕៚

ប្រភព៖ khmervirtue.wordpress.com

 

 

Leave a Reply

Your email address will not be published.