យើងគេទាំងអស់កុំអាលអរ
កុំអាលឈូឆរពីរឿងផឹក
វង្វេងភ្លេចគិតព្រោះប្រមឹក
ស៊ីជប់លៀងផឹកពេលជំនៈ។
បានអីតិចតូចប្រឹងអំនួត
ពើតទ្រូងប្រឹងអួតចិត្តមានៈ
ច្រៀងរាំសប្បាយនិងស្គរទះ
ភ្លេចមើលខ្មែរខ្លះខ្វះបាយស៊ី។
សង្គមវិវាទតែផ្ទៃក្នុង
រស់នៅជាប់ទ្រុងដូចប៉ាហ៊ី
ម្នាក់ៗរវល់តែផឹកស៊ី
ភ្លេចតួនាទីការសង្គម។
ហេតុនេះយើងគេកុំអាលអរ
ស្រុកកើតវឹកវរគ្រោះភ័យធំ
ធម្មជាតិបណ្តាលឲ្យសង្គម
ទ្រុឌដីផ្ទុះភ្នំទឹកជំនន់។
ហេតុមកពីមនុស្សព្រោះទ្រុស្តសីល
កករមន្ទិលព្រោះលោភលន់
បង្កទោសៈនិងមោហន់
ស្រុកកើតអាសន្នគ្រប់វេលា។
ដោយៈ ភិក្ខុ ថាច់ ឆេង