
នៅថ្ងៃដំបូងឈានចូលឆ្នាំសកល២០១៤ សម្ព័ន្ធ-សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ក៏ចាប់បានផ្ដើមប្រារព្ធកម្មវិធី “ជំនួបនិស្សិត បញ្ញវន្តខ្មែរ កម្ពុជាក្រោមនិងសប្បុរសជន”នៅភោជនីយដ្ឋាន- សូរិយា ក្បែរផ្សារទំនើបសូរិយា រាជធានីភ្នំពេញ ក្រោមអធិបតីភាពព្រះតេជព្រះគុណ យឿង តារា ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជា-ក្រោម។ នេះជាលើកទី៣ហើយ ដែលយើង បានប្រារព្ធកម្មវិធីនេះឡើង ក្នុងគោលបំណងនៃកម្មវិធីរួមមាន៖ ទី១. ចង់បានឱកាសជួបជុំគ្នារវាងនិស្សិត បញ្ញវន្តខ្មែរកម្ពុជាក្រោម និងសប្បុរសជន ដើម្បីជជែកគ្នាចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ការងារទៅវិញទៅមក។ ទី២. ស្វែងរកការឧបត្ថម្ភជាថវិកាពីសប្បុរសជនបានដែលចូលរួមដើម្បីអនុវត្តផែនការក្នុងឆ្នាំ២០១៤ ជាពិសេសបញ្ជូនសមណនិស្សិតទៅសិក្សានៅក្រៅប្រទេស និងផ្តល់អាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្រ ដែលកំពុងសិក្សានៅព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីចាប់ផ្ដើមពីម៉ោង៥រសៀលរហូតដល់ម៉ោង ៧:៣០ នាទីយប់ទើបចប់ មានលោក សារ មោរ៉ា ជាអ្នកសម្របសម្រួលកម្មវិធី។ កម្មវិធីនេះមានព្រះសង្ឃនិមន្តចូលរួមចំនួន៦ព្រះ-អង្គជាអធិបតី និងមាននិស្សិត បញ្ញវន្ត សប្បុរសជនប្រមាណជាងមួយរយនាក់ទៀត។ កម្មវិធីមានព្រះសង្ឃសូត្រធម៌ជូនពរនូវសិរីសួស្ដី និងស័ព្ទសាធុការពរដល់អ្នកដែលបានចូលរួម។ លោក ថើស ចន្ទ្រា សហប្រធានការិយាល័យទ្រទ្រង់ និងជាប្រធានកម្មវិធីផង លោកបានថ្លែងសុន្ទរកថាស្វាគមន៍ចំពោះភ្ញៀវកិត្តិយសទាំងអស់ ក្នុងសុន្ទរកថានោះ លោកបានលើកឡើងអំពីប្រវត្តិគណៈកម្មការនៃការិយាល័យទ្រទ្រង់ តាំងពីអាណត្តិទី១ រហូតដល់បច្ចុប្បន្ន គឺមានភារៈជាអ្នកជួយស្វែងរកថវិកាពីសប្បុរសជន ដើម្បីជួយទ្រទ្រង់ដល់សមាគម លោកបានមានប្រសាសន៍ថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភកម្មវិធីទាំងអស់ ទោះជាបានមកចូលរួមក្ដី និងមិនបានចូលរួមក្ដី ដោយលោកលើកឡើងថា “ធនធានមនុស្សទាំងអស់ ដែលសមាគមយើងបានបណ្ដុះបណ្ដាលរហូតមកដល់ពេលនេះ គឺបានមកពីសប្បុរសជនទាំងអស់ ដូចជាពេលនេះជាដើម”។ លោក កៃ ចាន់សុធា ប្រធានការិយាល័យសិក្សាធិការ ដោយជំនួសឲ្យព្រះប្រធាន លោកបានធ្វើសេចក្ដីរាយការណ៍អំពីសមិទ្ធផលការងារក្នុងឆ្នាំ២០១៣ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងប្រកាសពីគម្រោងផែនការសម្រាប់អនុវត្តក្នុងឆ្នាំ ២០១៤ ផងដែរ។ គម្រោងនោះចែកជា៥ផ្នែកធំៗ ទី១. ផ្នែកអប់រំ, ទី២. ផ្នែកស្រាវជ្រាវវប្បធម៌ និងផ្សព្វផ្សាយ, ទី៣. ផ្នែកសង្គមកិច្ច, ទី៤. ផ្នែក រដ្ឋបាល និងទី៥. ផ្នែកបង់រំលស់ដី សម្រាប់កសាងទីស្នាក់ការថ្មីនៅពេលអនាគត, ក្នុងគម្រោងថវិកាសម្រាប់ចាយវាយក្នុងឆ្នាំ២០១៤ នេះ សរុបចំនួន១៥.០០០ដុល្លារសហរដ្ឋអាមេរិក។ ក្នុងរបៀបវារៈចំណាប់អារម្មណ៍របស់អ្នកចូលរួមនោះ ឯកឧត្តម ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម គាត់បានមានប្រសាសន៍ ចំណាប់អារម្មណ៍ថា “កាលពីប៉ុន្មានឆ្នាំមុន មិនមានការជួបជុំដូចនៅពេលនេះទេ ឥឡូវបានជួបជុំដូច្នេះល្អណាស់ ក្នុងមួយឆ្នាំបានជួបជុំគ្នាម្ដង យើងទាំងអស់គ្នាគួរចំណាយពេលវេលាមួយពេល ដើម្បីចូលរួមកម្មវិធីនេះ ខ្មែរក្រោមយើងនៅឯមាតុភូមិលំបាកណាស់ មិនបានឱកាសរៀនសូត្រច្រើន និងមិន ងាយបានជួបជុំដូចនៅទីនេះទេ យើងនៅទីនេះមានឱកាសរៀនសូត្របានច្រើន ការតស៊ូរបស់យើងមានតម្លៃណាស់ ហើយពេលយើងរៀនសូត្រចេះដឹង សូមវិលមកជួយធ្វើការជួយសង្គម ផង”។ ព្រះតេជព្រះគុណ ជី វណ្ណាត ទីប្រឹក្សា និងជាព្រះគ្រូសូត្រស្ដាំ វត្តអង្គពោធិញាណ មានសង្ឃដីកាចំណាប់អារម្មណ៍ថា “ខ្ញុំកូរណាអាត្មាភាពមានក្ដីសង្ឃឹមជានិច្ច នៅពេលឃើញយើងចេះសាមគ្គី គ្នារឹងមាំដូច្នេះ វានឹងគ្មានការព្រាត់ប្រាស់ឡើយ និងសូមគាំទ្រ កម្មវិធីនេះ១០០% អាត្មាបានដូចសព្វថ្ងៃនេះ ក៏ទទួលបានការចង្អុលផ្លូវពីសម្ព័ន្ធ-សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមផងដែរ។សមាគមយើងរស់បានដោយសារសប្បុរសជន សូមសប្បុរសជនទាំងអស់ ជួយឧបត្ថម្ភសមាគម ឲ្យបានច្រើនថែមទៀត”។ ឯកឧត្តម យន្ត ថារូ ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងជាតំណាងរាស្ត្រនៅខេត្តបន្ទាយមានជ័យ គាត់មានប្រសាសន៍ចំណាប់អារម្មណ៍ថា៖ “ការធ្វើកម្មវិធីនេះល្អណាស់ ពីព្រោះយើងធ្វើហើយបានថវិកាវិភាគទាននេះ សម្រាប់បញ្ជូនព្រះសង្ឃទៅសិក្សានៅប្រទេសថៃ ហើយធនធានមនុស្សនោះជាគ្រឹះរបស់យើង សូមឲ្យកម្មវិធីនេះ កាន់តែរីកចម្រើនតទៅមុខទៀត”។ ប្អូន ព្រាប វណ្ណា ជាតំណាងយុវជនរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោម គាត់មានប្រសាសន៍ថា “កម្មវិធីនេះល្អមែនទែន ហើយវាជាគំរូមួយសម្រាប់ពួកខ្ញុំធ្វើតាមនៅថ្ងៃក្រោយ យើងសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់”។ លោក គឹម នេត្រសេដ្ឋា អ្នកចូលរួមឧបត្ថម្ភកម្មវិធី ម្នាក់គាត់មានប្រសាសន៍ចំណាប់អារម្មណ៍ថា “ខ្ញុំក៏ចេញពីការបណ្ដុះបណ្ដាលរបស់សម្ព័ន្ធសមណ-និស្សិត-និស្សិតខ្មែរកម្ពុជាក្រោមផងដែរ ហើយ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមបណ្ដុះបណ្ដាលធនធានមនុស្ស សព្វថ្ងៃក៏បានមកពីការឧបត្ថម្ភពីសប្បុរសជនដែរ ខ្ញុំសង្ឃឹមថាឆ្នាំក្រោយៗ យើងទាំងអស់គ្នា នឹងចូលរួមកម្មវិធីនេះទៀត យើងជួបជុំគ្នាបានច្រើន នឹងស្គាល់គ្នាបានកាន់តែច្រើន”៕ ដោយៈ UKKBS